ជំនួយឥតសំណងសំដៅទៅលើជំនួយដែលស្ថាប័ន ឬប្រទេសមួយផ្ដល់ទៅឱ្យបុគ្គល ស្ថាប័ន ឬប្រទេសមួយទៀត ក្នុងគោលបំណងដើម្បីជួយបំពេញតម្រូវការដែលមានគោលដៅច្បាស់លាស់របស់អ្នកទទួលជំនួយនោះ ដោយមិនមានការសងត្រឡប់ឡើយ។
នៅប្រទេសកម្ពុជា ដូចគ្នានឹងប្រាក់ឥណទានសម្បទាន «ប្រាក់ជំនួយឥតសំណង» ក៏ត្រូវបានគ្រប់គ្រងដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ដែលបំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចគ្នា។
បើយោងតាមរបាយការណ៍ស្ដីពី «គម្រោងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគី ក្នុងឆមាសទី២ ឆ្នាំ២០២០» មានទឹកប្រាក់សរុបចំនួនប្រមាណ ១ ៥២៤.១៣ លានដុល្លារអាមេរិកក ដែលប្រភពជំនួយទាំងនោះមកពី
- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- ធនាគារពិភពលោក (WB)
- មូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
- ធនាគារវិនិយោគអឺរ៉ុប (EIB)
- មូលនិធិសកល (GF)
- ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA)
- ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
- ធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW)
- សាធារណរដ្ឋប្រជាមានិតចិន (People’s Republic of China-PRC)
- សហរដ្ឋអាមេរិច (USA)
*គូសបញ្ជាក់ផងដែរថា ចំនួនទំហំប្រាក់ខាងលើស្ថិតក្នុងទម្រង់ជាគម្រោងកិច្ចព្រមព្រៀងប៉ុណ្ណោះ។
ដោយឡែក បើយោងទៅតាមចំនួនគម្រោង និងទឹកប្រាក់សរុបក្នុងឆ្នាំនីមួយៗរបស់ Cambodia ODA DataBase គិតត្រឹមពីដើមខែមករា ២០២១ ដល់បំណាច់ឆ្នាំ ២០២៣ ប្រទេសកម្ពុជាមានគម្រោងដែលបានបញ្ចប់ និងកំពុងដំណើរការមានរហូតដល់ ១,០៩៦ គម្រោងឯណោះ។ លទ្ធផលជោគជ័យនៃគម្រោងនីមួយៗ ក៏អាស្រ័យលើស្ថេរភាពនៃប្រាក់ជំនួយទាំងនោះផងដែរ។
ជំនួយឥតសំណងដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដោយត្រូវបានយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានមនុស្ស វិស័យសុខាភិបាល កសិកម្ម និងពាណិជ្ចកម្មជាដើម។ ជាងនេះទៅទៀត ជំនួយឥតសំណង ក៏ដើរតួសំខាន់ក្នុងការបង្កើន និងរឹតបន្តឹងចំណងទំនាក់ទំនងមិត្តភាព រវាងប្រទេសមួយនឹងប្រទេសមួយផងដែរ។
ថ្មីៗនេះ កម្ពុជាទើបទទួលបានជំនួយឥតសំណងជាឧបករណ៍បរិក្ខារពេទ្យបន្ថែមពីប្រទេសចិន សរុបជាទឹកប្រាក់ប្រមាណជាង ១០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិនរួមមាន ឧបករណ៍ជំនួយការធ្វើតេស្តរកវីរុសកូវីដ ១៩ អាវអ៊ាមគ្រប ម៉ាស់ N95 ម៉ាស់វះកាត់ វ៉ែនតាសុវត្ថិភាព ទែរម៉ូតម៉ែត្រ អិនហ្វ្រារ៉េត និងបរិក្ខារផ្សេងៗទៀត៕
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល | របាយការណ៍ស្ដីពីគម្រោងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគី ក្នុងឆមាសទី២ ឆ្នាំ២០២០ (https://gdicdm.mef.gov.kh/2021/02/22/10291.html)
- The Cambodia ODA Data Base | http://odacambodia.com/Reports/reports_by_updated.asp
- សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល
- សារព័ត៌មាន Post Khmer | កម្ពុជាបានទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្រ្តសម្រាប់ធ្វើតេស្តរកកូវីដ និងជំនួយផ្សេងៗទៀត មានទឹកប្រាក់សរុប ១០ លានដុល្លារពីរដ្ឋាភិបាលចិន