«ស្រឡាញ់ទម្លាក់លេខ ស្រឡាញ់ទម្លាក់ទីតាំង» ទម្លាក់ចុះ ទម្លាក់ឡើង លុយសន្សំក៏ខ្ទេច លុយសម្រាប់ចំណាយចាំបាច់ក៏ខ្ទី។ ល្មមដល់ពេលកែទម្លាប់នេះ ហើយចាប់ផ្ដើមមានវិន័យហិរញ្ញវត្ថុហើយ!
អ្វីទៅវិន័យហិរញ្ញវត្ថុ? បានន័យថាម៉េច?
បើនិយាយពីវិន័យ យើងនឹកឃើញទៅដល់ច្បាប់ទម្លាប់ ការដាក់ទោសពិន័យ ឬរង្វាន់លើកទឹកចិត្តបើបានគោរពតាមវិន័យនោះ។
ចុះ «វិន័យហិរញ្ញវត្ថុ» វិញ? មិនខុសគ្នាពីវិន័យទូទៅ វិន័យហិរញ្ញវត្ថុ សំដៅដល់ការចេះចាយវាយ សន្សំ វិនិយោគ ទៅតាមផែនការ ការគ្រោងទុក ច្បាប់ទម្លាប់ និងការដែលខ្លួនបានកំណត់ ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុណាមួយរបស់ខ្លួននាពេលអនាគត។
ឆ្ងល់អត់? នរណានឹងមកដាក់ពិន័យយើង បើយើងមិនគោរពតាមវិន័យហិរញ្ញវត្ថុ? ហើយបើគោរព បាននរណាជាអ្នកផ្ដល់រង្វាន់?
និយាយទៅ គឺគ្មាននរណាទេ ក្រៅពីខ្លួនយើងនេះឯង!
ប៉ុន្តែហេតុអ្វីវាសំខាន់?
ប្រសិនបើយើងគ្មានទម្លាប់ គ្មានវិន័យ គ្មានគោលការណ៍ច្បាស់លាស់ទេនោះ កិច្ចការងារណាក៏ដោយនឹងមិនអាចសម្រេចបានដោយប្រសិទ្ធភាពនោះទេ។ ការគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចគ្នា បើគ្មានវិន័យឱ្យខ្លួនទេ គោលដៅហិរញ្ញវត្ថយរបស់អ្នកមិនអាចសម្រេចបានដោយមានប្រសិទ្ធភាពឡើយ។ តួយ៉ាងដូចជា មិនអាចសម្រេចបានទាន់ពេលវេលា តាមការរំពឹងទុកជាដើម។
ឧបមាថា អ្នកគ្មានវិន័យផ្ទាល់ខ្លួនក្នុងការចាយវាយ នោះការពិន័យដែលអ្នកអាចនឹងទទួលបានមានដូចជា មីកញ្ចប់តាំងពីពាក់កណ្ដាលខែ ជាប់បំណុលដោះមិនរួចជាដើម។ ដោយឡែក រង្វាន់ពីការគោរពតាមវិន័យហិរញ្ញវត្ថុ អាចនឹងក្លាយទៅជាសល់លុយសល់កាក់ដល់ចុងខែ មានប្រាក់សន្សំ មានបំណុលដែលអាចគ្រប់គ្រងបាន សល់ប្រាក់សម្រាប់វិនិយោគ។ល។
វិន័យហិរញ្ញវត្ថុទូទៅមួយចំនួនរួមមានដូចជា៖
1. ការគោរពតាមផែនការចំណាយប្រចាំខែ
2. ការបំពេញកាតព្វកិច្ចសន្សំដើម្បីសម្រេចគោលដៅ
3. ច្បាប់ចាយវាយផ្ទាល់ខ្លួន
ឧទាហរណ៍៖
- ទិញបាន លុះត្រាតែអត់មិនបាន
- ទិញមិនបាន ប្រសិនបើប៉ះពាល់ដល់គម្រោងថវិការ
- បន្ទាប់ពី ២៤ម៉ោងហើយ បើនៅតែខ្វះមិនបានសឹមទិញ
ធ្វើយ៉ាងណាទើបវិន័យហិរញ្ញវត្ថុមានប្រសិទ្ធភាពបាន?
1. ដាក់កំហិតឬការពិន័យខ្លួនឯងប្រសិនបើមានការល្មើសគោលការណ៍ផ្ទាល់ខ្លួន ឬចាយលើសចំនួន ឬសន្សំមិនគ្រប់កាលកំណត់។
- ឧទាហរណ៍ ពិន័យខ្លួនឯងដោយមិនញ៊ាំប៊ីយែរពេញមួយខែ
2. ផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងដោយទិញរបស់របរតិចតួច ឬធ្វើសកម្មភាពដែលអ្នកចូលចិត្ត នៅពេលដែលអ្នកសម្រេចតាមផែនការ។ ប៉ុន្តែត្រូវប្រាកដថាចំណាយនោះមិនលើសពីផែនការកំណត់ពេកនោះទេ។
3. រៀនគ្រប់គ្រងចិត្តខ្លួនឯង ទោះបីមិនមានអ្នកណាមកពិន័យអ្នកក៏ដោយ! ឬមួយស្វែងរកដៃគូ ឬមិត្តភក្តិ មកចាំជួយតាមដានសួរនាំក៏បាន ការដាក់វិន័យហិរញ្ញវត្ថុដល់ខ្លួនឯងជាការទម្លាប់មួយដែលគួរតែអនុវត្ត ដើម្បីឱ្យការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកមានប្រសិទ្ធភាព។ ការដាក់វិន័យនេះទៀតសោតមិនមែនទាល់តែរឹតត្បិតខ្លាំង រហូតដល់ក្លាយជាការដាក់សម្ពាធឱ្យខ្លួនឯង ឬរហូតដល់មានអារម្មណ៍ថា ជីវិតបានបាត់បង់ភាពសប្បាយរីករាយនោះទេ។ តែវាគួរប្រព្រឹត្តឡើងក្នុងគោលបំណងបង្ការការប្រើប្រាស់ថវិការឥតគោលដៅ ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកមិនថាបច្ចុប្បន្នឬអនាគត។
«Be disciplined with your money!»
ចុះអ្នកវិញ? តើរាល់ថ្ងៃមានវិន័យហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។