តើពាក្យថាឯករាជ្យភាពហិរញ្ញវត្ថុ និង សេរីភាពហិរញ្ញវត្ថុមានអត្ថន័យដូចគ្នាឬយ៉ាងណា?
តាមពិតទៅ ពាក្យទាំងពីរត្រូវបានគេប្រើប្រាស់ឆ្លាស់គ្នាជារឿយៗ ហើយវាពិបាកក្នុងការកំណត់អត្ថន័យច្បាស់លាស់នៃពាក្យទាំងពីរនេះ។
• ឯករាជ្យភាពហិរញ្ញវត្ថុ
ពាក្យថា ឯករាជ្យភាព មានន័យថាភាពដែលអាចឈរលើជំហរខ្លួនឯង អាចសម្រេចចិត្តធ្វើអ្វីៗដោយខ្លួនឯង ដែលរួមមានការរៀបចំជីវិតផ្ទាល់ខ្លួនផងនោះ ដោយមិនត្រូវការពឹងផ្អែកលើជំនួយពីអ្នកដទៃឡើយ។ រីឯហិរញ្ញវត្ថុគឺសំដៅដល់ប្រាក់កាស លុយកាក់របស់យើងនេះឯង។ បើយោងតាមនិយមន័យនេះ យើងអាចនិយាយបានថា ឯករាជ្យភាពហិរញ្ញវត្ថុ គឺការទុកដាក់់ ឬចាត់ចែងលុយកាក់របស់ខ្លួន ដោយមិនត្រូវការជំនួយពីបុគ្គលណាឡើយ។
តែជាទូទៅ ឯករាជ្យភាពហិរញ្ញវត្ថុ សំដៅដល់ស្ថានភាពហិរញ្ញវត្ថុមួយ ដែលអ្នកគួរតែមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់លើតម្រូវការចំបាច់ប្រចាំថ្ងៃដោយខ្លួនឯងដូចជាថ្លៃទឹក ភ្លើង និងម្ហូបអាហារជាដើម ដោយពុំមានជំនួយពីអ្នកដទៃ។ ស្របពេលជាមួយគ្នានោះ អ្នកក៏គួរតែមានលទ្ធភាពសម្រាប់ចំណាយបន្តិចបន្តួចដើម្បីក្ដីសុខតិចៗរបស់ខ្លួន ដែលលើសពីតម្រូវការចាំបាច់ផងដែរ ឧទាហរណ៍ដូចជា ត្រឹមផឹកកាហ្វេជារៀងរាល់ថ្ងៃ អាចធ្វើដំណើរ ១-២ដងក្នុងមួយខែ ឬអាចទៅ dinner ក្រៅរាល់ Friday night ជាដើម ដោយមិនភ័យព្រួយពីរឿងដាច់លុយចុងខែ។ ឬអាចនិយាយថា ចំណាយបន្តិចបន្តួចលើសពីតម្រូវការចាំបាច់ទាំងនោះ នឹងមិនប៉ះពាល់ដល់ស្ថេរភាពនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឡើយ។
• សេរីភាពហិរញ្ញវត្ថុ
សេរីភាព មានន័យថាសិទ្ធិ ឬអំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត តែស្ថិតនៅក្នុងច្បាប់។ បើនិយាយឱ្យងាយយល់ សេរីភាពគឺការមានសិទ្ធិធ្វើអ្វីដែលខ្លួនស្រឡាញ់ ដូចជាសេរីភាពនៃការដើរហើរ បញ្ចេញមតិយោបល់ ការសម្រេចចិត្ត និងរៀបចំអនាគតជីវិតជាដើម។
ក្នុងន័យហិរញ្ញវត្ថុ យើងអាចនិយាយបានថា សេរីភាពហិរញ្ញវត្ថុ សំដៅដល់ស្ថានភាពហិរញ្ញវត្ថុមួយរបស់បុគ្គល ដែលគាត់មានសិទ្ធិសេរីភាពក្នុងការចាយវាយបានតាមសប្បាយ តាមតែចិត្តចង់ ឱ្យតែមានសេចក្ដីសុខ។ នៅដំណាក់កាលនេះ អ្នកគួរតែមានប្រាក់សន្សំគ្រប់គ្រាន់ មានលទ្ធភាពចាយវាយលើសពីតម្រូវការចាំបាច់ប្រចាំថ្ងៃ និងចំណាយទៅលើសេចក្ដីសុខផ្ទាល់ខ្លួន ឬអាចចូលនិវត្តន៍មុនការរំពឹងទុក ដោយមិនបាច់ដេកស្រ្តេសពីរឿងប្រាក់ចំណូល។ ជាទូទៅ ដើម្បីសម្រេចបានសេរីភាពហិរញ្ញវត្ថុ អ្នកគួរតែមានប្រភពចំណូលលើសពី១ ដែលរួមមានទាំងចំណូលសកម្ម និងអកម្ម។
បើប្រៀបធៀបស្ថានភាពហិរញ្ញវត្ថុទាំងពីរ សេរីភាពហិរញ្ញវត្ថុ ខុសគ្នាពីឯករាជ្យហិរញ្ញវត្ថុបន្តិចត្រង់ថា អ្នកមានសេរីភាពហិរញ្ញវត្ថុមានលទ្ធភាពអាចផ្គត់ផ្គង់ខ្លួនឯងលើសពីតម្រូវការចាំបាច់និងចំណាយបន្តិចបន្តួចសម្រាប់ក្ដីសុខផ្ទាល់ខ្លួន ហើយនៅមានលទ្ធភាពបំពេញបំណងប្រាថ្នាដទៃទៀតផង។ បំណងប្រាថ្នាទាំងនេះ សំដៅលើសេចក្ដីសុខធំៗជាងមុន ដែលលើកនេះវាអាចជាដំណើរកំសាន្តក្រៅប្រទេស ទៅញ៉ាំ dinner ដដែលតែអាច fancy ជាងមុន ឬញឹកញាប់ជាងមុនអ៊ីចឹងទៅ។
តែកុំច្រឡំថា ទាល់តែមានលុយរាប់លានទើបអាចសម្រេចបានស្ថានភាពហិរញ្ញវត្ថុណាមួយខាងលើនោះទេណា៎! ដ្បិតថា គោលដៅហិរញ្ញវត្ថុនិងតម្រូវការចំណាយរបស់មនុស្សខុសគ្នាពីម្នាក់ទៅម្នាក់ នោះអត្ថន័យនៃពាក្យទាំងពីរក៏ខុសគ្នាទៅតាមមនុស្សម្នាក់ៗដែរ ព្រោះវាទាមទារធនធានតិចឬច្រើនដើម្បីសម្រេចបានគោលដៅនិងតម្រូវការតូចធំទាំងនោះ។
ចុះសម្រាប់អ្នកវិញ តើអ្នកឱ្យអត្ថន័យនៃពាក្យឯករាជ្យភាពហិរញ្ញវត្ថុ ឬសេរីភាពហិរញ្ញវត្ថុយ៉ាងណាដែរ? ហើយអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុមួយណា?