នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ហិរញ្ញវត្ថុជាមធ្យោបាយចំបងមួយសម្រាប់ផ្គត់ផ្គង់តម្រូវការផ្សេងៗក្នុងគ្រួសារ។ ប្រើប្រាស់បានត្រឹមត្រូវ មានទំនាក់ទំនងល្អ និងមានភាពស្មោះត្រង់រវាងគ្នានឹងគ្នា ហិរញ្ញវត្ថុក្នុងគ្រួសារនឹងជួយឱ្យគ្រួសារមួយរីកចម្រើន និងមានសុភមង្គល។ ផ្ទុយទៅវិញ ប្រសិនបើគ្មានភាពស្មោះត្រង់ទេនោះ វាអាចឱ្យគ្រួសារមួយមានទំនាស់ ឬអាចឈានដល់ការបែកបាក់គ្នាទៀតផង។
បញ្ហាហិរញ្ញវត្ថុគ្រួសារពីរដែលយើងនឹងលើកយកមកស្វែងយល់ គឺភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានហិរញ្ញវត្ថុ។
ភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ ឬ Financial Infidelity
គឺនៅពេលដែលដៃគូលាក់លៀម ឬមិនបង្ហាញដោយស្មោះត្រង់អំពីលុយកាក់ ទ្រព្យសម្បត្តិ និងបំណុលដែលពួកគេមានជាដើម។ ឧទាហរណ៍មួយចំនួនមានដូចជា៖
• លាក់បាំងពីតម្លៃពិតប្រាកដនៃទំនិញដែលខ្លួនបានទិញជាមួយដៃគូ
• លួចប្រើប្រាស់ក្រេឌីតកាត
• លួចលក់ដូរទ្រព្យសម្បត្តិរួម
• បង្កើតគណនីសម្ងាត់មិនឱ្យដៃគូដឹង
• ផ្ដល់កម្ចីដល់មិត្តភក្តិ ឬគ្រួសារ ដោយមិនបានប្រាប់ដល់ដៃគូ
• លាក់បាំងកម្ចីឥណទាន (មុន ឬក្រោយ) អាពាហ៍ពិពាហ៍
• ចាប់ផ្ដើមចំណាយលុយកាក់លើការវិនិយោគដោយមិនឆ្លងកាត់ការពិភាក្សា
• លួចលេងល្បែងស៊ីសងផ្សេងៗ
ក្រៅពីនេះ ការលួចមានអ្នកទី៣លួចលាក់ ដែលផ្គត់ផ្គង់លុយកាក់ក៏រាប់ថាជា ភាពមិនស្មោះត្រង់នៃហិរញ្ញវត្ថុដែរ។
ភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនដូចជា៖
• ទម្លាប់ចាយវាយខ្ជះខ្ជាយ
• កង្វះការពិភាក្សាគ្នាឱ្យបានច្បាស់លាស់អំពីផែនការហិរញ្ញវត្ថុ
• ចំណាយរបស់គ្រួសារដោយសារមានទំនុកចិត្តតាំងពីពេលស្រឡាញ់គ្នាដំបូង
• ការព្រួយបារម្ភខ្លាចក្រែងដៃគូមិនសប្បាយចិត្ត ឬស្ដីបន្ទោស
• ភាពមិនទុកចិត្តគ្នាពាក់ព័ន្ធ នឹងហិរញ្ញវត្ថុដែលកើតមានតាំងពីមុនពេលចាប់ដៃគ្នា
• និងការចាយវាយដើម្បីផ្គើន ឬសងសឹកដៃគូខ្លួនដែលមិនយកចិត្តទុកដាក់ចំពោះខ្លួនជាដើម។ល។
ដំណោះស្រាយល្អបំផុតពេលមានដូចជា៖
• ប្រឈមមុខជាមួយដៃគូរបស់អ្នក
• និយាយគ្នាដោយបើកចំហរអំពីបញ្ហានេះ មិនមែនក្នុងគោលបំណងស្ដីបន្ទោស ប៉ុន្តែដើម្បីដោះស្រាយបញ្ហា និងចៀសវាងកុំឱ្យកើតមានម្ដងទៀតនៅពេលក្រោយ។ បើអ្នកស្ដីបន្ទោសតាមកំហឹង និងការអាក់អន់ ចិត្ត ដៃគូរបស់អ្នកដាច់ខាតនឹងប្រើគ្រប់វិធីដើម្បីបន្តកុហក លាក់លៀមបន្តទៀត។
ការរំលោភបំពានហិរញ្ញវត្ថុ ឬ Financial Abuse
ជាទម្រង់មួយនៃអំពើហិង្សាក្នុងគ្រួសារ ដែលរួមមានការគាបសង្កត់មិនផ្ដល់លុយកាក់សម្រាប់ចាយវាយ ការគ្រប់គ្រងចំណាយទាំងអស់នៅក្នុងផ្ទះដោយមិនផ្ដល់សិទ្ធិឱ្យដៃគូចូលរួមសម្រេចចិត្តពាក់ព័ន្ធនឹង ហិរញ្ញវត្ថុជាដើម។
ការរំលោភបំពានហិរញ្ញវត្ថុអាចកើតមានចំពោះមនុស្សគ្រប់រូប រវាងដៃគូ រវាងឪពុកម្ដាយ និងកូន ឬរវាងអាណាព្យាបាល និងកុមារដែលគាត់មើលថែ។ល។ ការរំលោភបំពានហិរញ្ញវត្ថុអាចកើតមានក្នុងរូបភាពផ្សេងៗដូចជា៖
• ការត្រួតត្រាចំណាយក្នុងគ្រួសារជ្រុលហួសហេតុ
• ក្លែងបន្លំហត្ថលេខា ឬឯកសារហិរញ្ញវត្ថុផ្សេង
• បង្ខិតបង្ខំដៃគូឱ្យយល់ព្រមខ្ចីបំណុល ឬធានាសង
• បង្ខំឱ្យសមាជិកគ្រួសារកែបណ្ដាំមរតក
• ហាមឃាត់សមាជិកគ្រួសារពីសកម្មភាពធ្វើការងាររកប្រាក់ចំណូល
• ហាមឃាត់សមាជិកគ្រួសារមិនឱ្យបង្កើត ឬប្រើប្រាស់គណនីធនាគារ
• មិនទៅធ្វើការរកប្រាក់ចំណូលដើម្បីជួយផ្គត់ផ្គង់គ្រួសារ
• លក់ទ្រព្យសម្បត្តិរួមដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
យើងច្រើនយល់ថា ការផ្ដល់សិទ្ធិឱ្យដៃគូគ្រប់គ្រង និងចាត់ចែងចំណូលចំណាយរបស់គ្រួសារ១០០% ជាការ បង្ហាញក្ដីស្រឡាញ់ និងការទុកចិត្តគ្នា។ ផ្ទុយទៅវិញ គឺការសន្ទនាគ្នាដោយបើកចំហរៀបចំផែនការ ចំណូលចំណាយរួមគ្នា និងសម្រេចចិត្តរួមគ្នាទៅវិញទេ ដែលអាចជួយឱ្យជីវិតអាពាហ៍ពិពាហ៍ជៀសវាងនូវបញ្ហាពាក់ព័ន្ធនឹងហិរញ្ញវត្ថុគ្រួសារ។
ក្រៅពីនេះនៅមានបទដ្ឋានសង្គមមួយចំនួនទៀត ក៏អាចជះឥទ្ធិពលដល់របៀបគ្រប់គ្រងហិរញ្ញវត្ថុក្នុង គ្រួសារដែរ។ ជាក់ស្ដែង មិនថាគាត់ជាស្ត្រីឬបុរសមានពិការភាព ឬយល់ថាខ្លួនមិនសូវពូកែគ្រប់គ្រងលុយកាក់ ទោះគាត់មិនមានប្រាក់ចំណូល ឬមានចំណូលតិចជាងអ្នកក្ដី គាត់នៅតែជាដៃគូរបស់អ្នក ហើយគាត់មានសិទ្ធិដឹងឮ ចូលរួមគ្រប់គ្រង និងសម្រេចចិត្តលើការប្រើប្រាស់ហិរញ្ញវត្ថុរបស់គ្រួសារ៕