អ្វីទៅជាចំណេះដឹងហិរញ្ញវត្ថុ ឬ «Financial Literacy»? មុនកូវីដ វាសំខាន់រួចទៅហើយ! ចុះទម្រាំអំឡុងពេលមានកូវីដនេះ វាមានសារៈសំខាន់ដល់កម្រិតណាទៅ?
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាចំណេះដឹង ជំនាញ សមត្ថភាពគ្រប់គ្រងលុយកាក់ និងការសម្រេចចិត្តថាត្រូវធ្វើដូចម្ដេចជាមួយលុយកាក់ខ្លួនឱ្យមានប្រសិទ្ធភាព។ អ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុស៊ីជម្រៅ គឺពួកគាត់អាចចេះចាត់ចែងលុយកាក់ទាំងអម្បាលម៉ានប្រកបដោយប្រសិទ្ធភាព បានន័យថា បើទោះបីមានរឿងអ្វីក៏ដោយ ក៏បញ្ហាទាំងនោះមិនប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់គាត់ដែរ។
ខាងក្រោមនេះ ជាបទពិសោធន៍ និងមេរៀនដ៏សំខាន់ធ្វើឱ្យយើងដឹងថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ប៉ុនណា ជាពិសេសក្នុងអំឡុងពេលរីករាលត្បាតនៃជំងឺកូវីដ ១៩។
➊.ចៀសផុតពីការធ្លាក់ខ្លួនទៅក្នុងបំណុល
ចំណេះដឹងផ្នែកហិរញ្ញវត្ថុបានបំភ្លឺឲ្យយើងឃើញថា យើងមិនអាចចាយលើសពីអ្វីដែលរកបានទេ ហើយយើងក៏មិនគួររបង្កើតបំណុលអាក្រក់ (ខ្ចីលុយទៅទិញសម្ភារដែលមិនផ្ដល់ផលចំណេញ) និងមិនត្រូវផ្ដល់អាទិភាពលើចំណង់ ធំជាងតម្រូវការដែរ ព្រោះទាំងអស់នេះជាមាគ៌ានាំទៅរកបំណុល។
ចំណេះដឹងហិរញ្ញវត្ថុបានបង្រៀនឱ្យយើងម្នាក់ៗស្គាល់ពី emergency fund និង sinking fund ជាដើម។ ជាក់ស្ដែង កាលពីរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ យើងមិនបានដឹងទុកមុនថាមាន lockdown ឬការបិទខ្ទប់មានរយៈពេលយូរប៉ុនណានោះទេ។ ដូចនេះ បើសិនយើងបានត្រៀមទុក emergency fund យើងអាចយកវាមកទ្រទ្រង់ចំណាយចាំបាច់ផ្សេងៗដូចជាចំណាយទៅលើម្ហូបអាហារ ទឹកភ្លើង ថ្លៃបន្ទប់ជួល ថ្នាំសង្កូវ ជាដើម។
➋. បង្កើនការប្រុងប្រយ័ត្នជាមួយការចាយវាយ
ក្នុងអំឡុងពេលការរីករាតត្បាតជំងឺកូវីដ ចំណូលរបស់បុគ្គលចំនួនអាចនឹងត្រូវបានកាត់បន្ថយ ឬបាត់បង់ចំណូលទាំងស្រុង។ នេះហើយជាចំណុចផ្ដើមនៃអស្ថិរភាពនៃចរន្តចំណូល។ ចំណេះដឹងហិរញ្ញវត្ថុពាក់ព័ន្ធនឹងចំណាយសំខាន់ណាស់ ព្រោះវាត្រួសត្រាយពីវិធីសាស្ត្រ គន្លឹះកាត់បន្ថយចំណាយ ចំណាយដោយមានផែនការច្បាស់លាស់ (budgeting) ការចាយវាយឲ្យមានខ្ទង់ ឬចាយតែទៅលើអ្វីដែលចាំបាច់ជាដើម។
គ្រប់សម័យកាលទាំងអស់ មិនថាមុនកូវីដក្ដី អំឡុងពេលកូវីដក្ដី ឬក្រោយពេលកូវីដចប់ទៅក្ដី ចំណេះដឹងទាក់ទងការចាយវាយពិតជាសំខាន់ ជាពិសេសរដូវកាលកូវីដនេះតែម្ដង។ យើងម្នាក់ៗត្រូវតឹងរឹងជាមួយវិន័យចាយលុយ តែហ៊ានចាយខុសបន្តិច នឹងកើតមានភាពស្ដាយក្រោយជាមិនខាន។ អ្នកកុំមើលស្រាលចំណាយតូចៗ ដែលអ្នកគិតថាកំប៉ិកកំប៉ុក (ប្រហោងធ្លាយតូចមួយអាចធ្វើឲ្យសំពៅទាំងមូលលិចបាន)។
➌. ផ្លាស់ប្ដូរទម្លាប់ចាយវាយតាមស្ថានការណ៍
ចំណេះដឹងហិរញ្ញវត្ថុនឹងផ្ដល់ភាពបត់បែនដល់បុគ្គលម្នាក់ៗក្នុងការគ្រប់គ្រងលុយកាក់ឲ្យមានប្រសិទ្ធភាពស្របតាមកាលៈទេសៈ។ ឧទាហរណ៍ថា យើងធ្លាប់តែមានទម្លាប់ចាយវាយលុយកាក់តាមរូបមន្ត 50/30/20។ ប៉ុន្តែក្នុងស្ថានភាពបិទខ្ទប់ ទម្លាប់ដែលថ្លាប់តែចាយ 30% លើការកម្សាន្ត និង 20% សន្សំ អាចនឹងត្រូវប្ដូរមកជាការចាយវាយ 50/50 គឺសម្រាប់ចំណាយចាំបាច់ 50% និង 50%ទៀតទុកសន្សំ ឬបន្ថែមទៅក្នុងកញ្ចប់ប្រាក់ emergency fund របស់យើង។
ដោយឡែក ក្រៅពីចេះចាយវាយ និងសន្សំឱ្យបានត្រឹមត្រូវ ចំណេះដឹងហិរញ្ញវត្ថុក៏បានបង្រៀនយើងឱ្យចេះបែងចែកលុយកាក់ ចេះវិនិយោគ និងព្យាយាមបង្កើនចំណូលបន្ថែមតាមមធ្យោបាយផ្សេងៗទៀត។
ចំណេះដឹងហិរញ្ញវត្ថុមានន័យទូលំទូលាយណាស់ តែអេដមីនគ្រាន់សុំរៀបរាប់ត្រួសៗពីសារៈសំខាន់ក្នុងអំឡុងពេលកូវីដសិន។ យើងនឹងលើកឡើងបន្ថែមបន្តបន្ទាប់ទៀត នៅអត្ថបទក្រោយៗណា៎!!!! កុំភ្លេចរង់ចាំតាមដានតទៀត 😊