សម្រាប់សិស្សនិស្សិតកំពុងរៀនផង ធ្វើការផង គួរមានគោលការណ៍ចាយវាយឱ្យបានច្បាស់លាស់ ចៀងវាងចាយខ្ជះខ្ជាយ ព្រោះអាចនឹងដាច់លុយចុងខែមិនខាន។ ជាពិសេស បើយើងគ្មានទម្លាប់ល្អក្នុងការចាយវាយទេ វាអាចក្លាយទៅជាទម្លាប់អាក្រក់មួយទៅថ្ងៃក្រោយដែលពិបាកនឹងកែ ទោះបីជាយើងដឹងថាលុយពិបាករកក៏ដោយ។
ខាងក្រោមនេះគឺជាវិធីខ្លះៗដែលសិស្សនិស្សិតអាចយកទៅអនុវត្តបាន ក្រែងសល់លុយខ្លះដល់ចុងខែ
ក. ប្រើគណនីសន្សំដើម្បីគ្រប់គ្រងចំណាយ
ឱ្យតែមានគណនីសន្សំ ដឹងតែសល់លុយដល់ចុងខែ? ច្បាស់ណាស់គឺអត់ទេ! ប៉ុន្តែបើមានគណនីសន្សំ អ្នកអាចតាមដានលំហូរនៃចំណូលចំណាយ ដើម្បីដឹងថាអាចគ្រប់គ្រងខ្ទង់ចំណាយរបស់អ្នកបានដោយរបៀបណាខ្លះ។
គន្លឹះ៖ អ្នកអាចអាចដកលុយសម្រាប់ចាយ១ ទៅ ២ អាទិត្យ និងរក្សាលុយដែលនៅសល់ទុកក្នុងកុងធនាគារនោះដោយឡែក ហើយព្យាយាមកុំដកចាយលើសពីលុយប្រចាំសប្ដាហ៍ឱ្យសោះ និងព្យាយាមប្រើតែលុយសុទ្ធជាប់ខ្លួនបានហើយ ដើម្បីបង្ការចំណាយលើសពីអ្វីដែលយើងបានគ្រោងទុក។
ខ. រៀបតារាងចំណាយប្រចាំ ថ្ងៃ អាទិត្យ និងខែ
ធ្វើដូចនេះ គឺដើម្បីកំណត់កម្រិតចំណាយ និងបង្ការខ្លួនឯងកុំឱ្យចាយលើសកំណត់។ តារាងចំណាយប្រចាំថ្ងៃគួរគិតគូរលើចំណាយដូចជា អាហារ ការធ្វើដំណើរ ។ល។ រីឯចំណាយប្រចាំខែមានដូចជា ថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង អ៉ីនធឺណែត ថ្លៃសម្ភារសិក្សាជាដើម ហើយនិងថ្លៃសាលា ដែលអ្នកត្រូវបង់ប្រចាំឆ្នាំ ឬប្រចាំឆមាស។ អ្នកគួរត្រៀមគម្រោងចំណាយនេះទុកជាមុន ជៀសវាងចាយលុយអស់មុន ហើយខ្វះលុយបង់ថ្លៃចំណាយប្រចាំខែនិងប្រចាំឆ្នាំទាំងនោះជាដើម។
គ. រូបមន្ត ៥០-៣០-២០
រូបមន្តនេះបានន័យថា ៥០% នៃចំណូលរបស់អ្នកគឺសម្រាប់ចំណាយចាំបាច់ប្រចាំថ្ងៃ (needs) ៣០%ទៀតសម្រាប់ការចង់បាន (wants) ដូចជាញ៊ាំអីជុំគ្នាជាមួយមិត្តភក្តិ ទិញខោអាវថ្មី សម្ភារថ្មីៗ ឬសន្សំទុកដើរលេងជាដើម។ រីឯ២០%ទៀត គឺសន្សំទុកសម្រាប់គោលដៅដទៃទៀត ឬអាចសន្សំសម្រាប់ emergency fund ក៏បាន។ តែអ្នកក៏អាចបែងចែករូបមន្តនេះឱ្យបត់បែនទៅតាមស្ថានភាពផ្ទាល់ខ្លួនក៏បានដែរ តួយ៉ាង អ្នកអាចឆ្លាស់គ្នា ដោយទុក ២០% សម្រាប់ការចង់បាន និង ៣០% សម្រាប់សន្សំវិញក៏បាន ដោយអាស្រ័យលើតម្រូវការជាក់ស្ដែងរបស់អ្នក។
ឃ. រកចំណូលបន្ថែម ដោយធ្វើការងារក្រៅម៉ោង ឬការងារ Freelance
ក្រៅពីផ្ដល់ប្រាក់ចំណូលដល់សិស្សនិស្សិត ការងារបានផ្ដល់ឱកាសឱ្យនិស្សិតស្វែងយល់ពីរសជាតិជីវិត និងមេរៀនដែលពុំមានក្នុងសៀវភៅ។ យ៉ាងណាមិញ កាក់សេនក៏ធ្លាប់លើកឡើងពីអត្ថប្រយោជន៍ដែលការងារ ក្រៅម៉ោងអាចជួយដល់ផ្នែកហិរញ្ញវត្ថុរបស់សិស្សនិស្សិតផងដែរ។
សម្រាប់ព័ត៌មានបន្ថែមពីឱកាសការងារ សិស្សនិស្សិតអាចស្វែងរកតាមរយៈគេហទំព័រមួយចំនួនដូចខាងក្រោម៖
1. https://www.camhr.com/
2. http://www.topjobcambodia.com/
3. http://jobcambodia.com/
4. https://pelprek.com/
5. https://www.bongthom.com/
ក្នុងនាមជាសិស្សនិស្សិត រៀនផង ធ្វើការផង រីឯចំណូលក៏ទាបផងនោះ គួរគប្បីមានទម្លាប់ចាយវាយត្រឹមត្រូវ ដើម្បីឱ្យស្ថានភាពនិងជិវិតរស់នៅនាថ្ងៃអនាគតមានភាពល្អប្រសើរឡើង៕