ពីម្សិលមិញ យើងបានលើកឡើងពីតួនាទីនិងអត្ថប្រយោជន៍នៃទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាប្រភេទនៃទីផ្សារហិរញ្ញវត្ថុមួយចំនួនដែលរួមមានផ្សារហ៊ុន ផ្សារសញ្ញាបណ្ណ ផ្សារវត្ថុធាតុដើម និងផ្សារហ៊ុនបន្ទាប់បន្សំ។ ដោយឡែកក្នុងអត្ថបទថ្ងៃនេះ យើងនឹងនិយាយត្រួសៗពីទីផ្សារហិរញ្ញវត្ថុដ៏ធំមួយទៀតគឺ Forex ឬ ការជួញដូររូបិយប័ណ្ណបរទេស។
អ្វីទៅជា FOREX ?
FOREX ឬ FX ក្លាយមកពីពាក្យ Foreign Exchange ដែលសំដៅដល់ការប្ដូររូបិយប័ណ្ណបរទេស ឬគេតែងហៅថា ការជួញដូរ forex នេះឯង។ ដូចនេះ អាចនិយាយបានថា ការជួញដូរ forex គឺជាការជួញដូររវាងរូបិយប័ណ្ណពីរ។
នៅលើផ្សារ forex គេជួញដូរលុយតាមហាងឆេងដែលជាតម្លៃធៀបនៃរូបិយប័ណ្ណពីរនៅលើប្រព័ន្ធអេឡិចត្រូនិក ហើយអាចប្រតិបត្តិបានពីគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ទីផ្សារនេះខុសពីផ្សារមូលបត្រឬផ្សារហ៊ុនត្រង់វាមិនមានទីតាំងជាក់លាក់ទេ (physical location) ហើយអាចជួញដូរបានពេញ 24ម៉ោងក្នុងមួយថ្ងៃ និង 5ថ្ងៃក្នុងមួយសប្តាហ៍ ផ្ទុយពីផ្សារមូលបត្រទូទៅដែលមានម៉ោងកំណត់ការបើកបិទផ្សារច្បាស់លាស់។ ដោយហេតុផលនេះហើយ ទើបទីផ្សារជួញដូររូបិយប័ណ្ណឬ Forex Market នេះ ត្រូវបានគេចាត់ទុកថាជាទីផ្សារហិរញ្ញវត្ថុដ៏ធំនិងមានសន្ទនីយភាពជាងគេក្នុងចំណោមទីផ្សារហិរញ្ញវត្ថុដទៃទៀត។ តែការជួញដូរ forex ដូចគ្នាទៅនឹងការជួញដូរភាគហ៊ុនត្រង់ថា គេទិញពេលតម្លៃធូរ ហើយលក់វិញនៅពេលឡើងថ្លៃ។
ដើម្បីងាយស្រួលយល់ យើងសូមលើកយកការប្ដូរលុយរៀលនិងលុយដុល្លារជាឧទាហរណ៍។
ឧទាហរណ៍ថា ហាងឆេងអត្រាប្ដូរប្រាក់ដុល្លារនិងរៀលប្រែប្រួលពី $1 ស្មើ ៛4,000 ទៅជា $1 ស្មើ ៛4100 ។ ក្នុងពេលនេះអ្នកមានជម្រើស 3 ក្នុងការជួញដូរ គឺ
- ប្តូរពីប្រាក់រៀលទៅជាដុល្លារ យើងខាត ៛100 ព្រោះលុយដុល្លារកំពុងឡើងថ្លៃ លុយរៀលធ្លាក់ចុះ ឬត្រូវអស់លុយរៀលច្រើនជាងមុន ៛100 ទើបដូរបាន $1។
- បើប្តូរពីដុល្លារ ទៅជាលុយខ្មែរវិញ អ្នកចំណេញ ៛100 ពោលគឺ $1 ដូរបានច្រើនជាងមុន ៛100។
- ទិញប្រាក់រៀលចូលបន្ថែមស្របពេលកំពុងចុះថ្លៃ ហើយរង់ចាំឲ្យឡើងថ្លៃវិញ សឹមលក់យកចំណេញ។
ជាក់ស្ដែងទៅ ក្នុងទីផ្សារ forex បច្ចុប្បន្នគេច្រើនជួញដូររូបិយប័ណ្ណធំៗមួយចំនួនដូចជា យ៉េន និងដុល្លារអាមេរិក (JPY/USD) អុឺរ៉ូ និងដុល្លារអាមេរិក (EUR/USD) ដុល្លារកាណាដា និងដុល្លារអាមេរិក (CAD/USD) ជាដើម។ ម្យ៉ាងទៀត អ្នកវិនិយោគមិនចាំបាច់ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាមួយមុនពេលទិញដូចការវិនិយោគលើភាគហ៊ុននោះទេ។ តែអ្នកជួញដូរ forex ត្រូវឧស្សាហ៍តាមដានព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព័ត៌មានពីអត្រាប្តូរប្រាក់ក្នុងពេលជាក់ស្តែង (real-time information) និងចេះព្យាករមើលពីសក្ដានុពលនៃរូបិយប័ណ្ណ ដើម្បីជាជំនួយដល់ការសម្រេចចិត្តមុនជួញដូរឬវិនិយោគ។
ការប្តូររូបិយប័ណ្ណមិនអាចជៀសផុតទេនៅក្នុងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មរវាងប្រទេសមួយនិងប្រទេសមួយទៀត ដោយសារប្រទេសនីមួយៗមានរូបិយប័ណ្ណជាតិខុសៗគ្នា។ ដើម្បីជួញដូរឆ្លងប្រទេសបាន តម្រូវឲ្យឈ្មួញប្ដូររូបិយប័ណ្ណជាមុនសិន ទើបអាចធ្វើប្រតិបត្តិការក្នុងប្រទេសមួយទៀតបាន តួយ៉ាងដូចជាការទិញ-លក់រវាងប្រទេសខ្មែរដែលប្រើប្រាស់ប្រាក់រៀល និងប្រទេសថៃដែលប្រើប្រាស់បាតជាដើម។
នៅកម្ពុជាមានក្រុមហ៊ុនមួយចំនួនដែលនិយ័តករមូលបត្រកម្ពុជា (SECC) អនុញ្ញាតឲ្យធ្វើជាឈ្មួញកណ្តាលសម្រាប់ការជួញដូរប្រភេទនេះរួមមាន Cambodia Derivatives Exchange, Phnom Penh Derivative Exchange, Gold Financial Global Investment, និង Global Liquidity Exchange ដែលក្នុងនោះមានក្រុមហ៊ុនផ្សេងៗជាច្រើនទៀតឈ្មួញជើងសារស្ថិតក្រោមចំណុះក្រុមហ៊ុនទាំង ៤ខាងលើនេះ។
ទោះជាយ៉ាងណា មុនពេលសម្រេចចិត្តវិនិយោគ អ្នកគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ អំពីការជួញដូរ ប្រភេទនេះឲ្យកាន់តែច្រើន កាន់តែប្រសើរ ឬអាចពិភាក្សាជាមួយក្រុមហ៊ុនឈ្មួញកណ្តាលតែម្ដង ដើម្បីព្យាយាមកាត់បន្ថយហានិភ័យពាក់ព័ន្ធមួយចំនួន៕
ប្រភពសិក្សាស្រាវជ្រាវ៖
- What is Forex | GKFX Cambodia
- What Is Currency Trading? | The Balance
- What Is Forex Trading? Guide to Foreign Exchanges | Investopedia
- What is Forex? forex.com
- What is Forex Trading and How Does It Work? | finance.yahoo.com
- List of Derivative Broker, Agents of the Company's Central Counterparty and Approved Derivatives | និយ័តករមូលបត្រកម្ពុជា
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: Forex និងBinaryជាល្បែងស៊ីសង ឬការវិនិយោគ?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។