ចំពោះនិស្សិត មធ្យោបាយដែលងាយស្រួលក្នុងការបង្កើតប្រភពប្រាក់ចំណូលនិងរកលុយបន្ថែមនោះ គឺការងារក្រៅម៉ោង។ ទោះបីជាធ្វើការពីរ ឬបីម៉ោងក្នុងមួយថ្ងៃ ឬក្នុងមួយសប្តាហ៍ក៏ដោយ សិស្សនិស្សិតនឹងអាចរកលុយបន្ថែម យ់ាងហោចណាស់ក៏បានតិចតួច ដើម្បីជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សានិងតម្រូវការរបស់ពួកគេ។
ការងារក្រៅម៉ោងអាចជួយដល់ផ្នែកហិរញ្ញវត្ថុរបស់និសិ្សតដូចជា៖
១. រកបានចំណូលបន្ថែម
ក្នុងនាមជានិស្សិត ពិសេសគឺនិស្សិតដែលឡើងមកសិក្សានៅភ្នំពេញតែម្ដង ត្រូវរងបន្ទុកចំណាយជាច្រើនប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ដូចជាការហូបចុក បង់ថ្លៃសាលា ទិញសម្ភារសិក្សា បង់ថ្លៃឈ្នួលផ្ទះជាដើម។ ទោះបីនិសិ្សតមួយចំនួនស្ថិតនៅក្នុងបន្ទុកចំណាយរបស់ឪពុកម្តាយឬអាណាព្យាបាលនៅឡើយ ក៏ប៉ុន្តែ បើសិនជាយើងឆ្លៀតពេលពីការសិក្សាទៅធ្វើការក្រៅម៉ោង នោះយើងនឹងអាចទទួលបានប្រាក់ចំណូលបន្ថែម អាចផ្គត់ផ្គង់ការសិក្សា និងការចាយវាយប្រចាំថ្ងៃរបស់យើង ហើយថែមទាំងជួយសម្រាលដល់បន្ទុកឪពុកម្តាយមួយផ្នែកទៀតផង។
២. កាត់បន្ថយបំណុល
ដោយនិស្សិតមួយចំនួនមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់ការសិក្សារបស់ខ្លួន ហើយគាត់បានប្រើប្រាស់នូវសេវាឥណទានសម្រាប់ការសិក្សាអប់រំ ពីធានាគារ ឬ មីក្រូហិរញ្ញវត្ថុ ដើម្បីបន្តសិក្សាថ្នាក់បរិញ្ញាបត្រ។ ដូច្នេះ នៅពេលដែលយើងរៀនបណ្តើរ ហើយបានធ្វើការក្រៅម៉ោងបណ្តើរ យើងនឹងអាចដោះបំណុលបណ្តើរ ដើម្បីចៀសវាងបំណុលនោះក្លាយជាបន្ទុកធ្ងន់ធ្ងរនៅពេល ដែលយើងបញ្ចប់ការសិក្សា។
៣. យល់ពីការគ្រប់គ្រងចរន្តសាច់ប្រាក់
នៅពេលដែលយើងរៀនផង ធ្វើការក្រៅម៉ោងផង ក៏អាចជួយឱ្យយើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។ ក្នុងអំឡុងពេលនេះ យើងនឹងចេះរៀបចំថវិកានិងទុកដាក់លុយកាក់ផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ។
៤. អ្វីដែលគួរចាយ អ្វីដែលមិនគួរចាយ
ចាស់ៗ ច្រើននិយាយថា «ចាយលុយម៉ែឪស្រួល ប៉ុន្តែ ធ្វើការខ្លួនឯងបានដឹងពិបាក»។ នៅពេលយើងចាប់ផ្តើមរកលុយដោយខ្លួនឯង យើងនឹងចេះប្រុងប្រយ័ត្នជាងមុនរាល់ការចំណាយលុយដែលយើងខំរកបានយ៉ាងពិបាក។ ដូច្នេះ យើងនឹងមានទម្លាប់ចាប់ផ្តើមសន្សំ និងចេះគិតអ្វីដែលគួរចាយ និងអ្វីមិនគួរចាយ។
៥. មិនសូវភ័យរឿងដាច់យ៉ៃ
នៅក្មេងៗអញ្ចឹង ពេលខ្លះមានលុយ ពេលខ្លះដាច់លុយ។ ពេលដាច់លុយម្តងៗ ច្បាស់ណាស់ យើងច្រើនតែមិនហ៊ានសុំលុយពីម៉ាក់ប៉ានោះទេ ក្រោមហេតុផលម្យ៉ាងគឺខ្លាចគាត់ស្តីបន្ទោស។ សាកស្រមៃមើល! ប្រសិនជាយើងធ្វើការងារក្រៅម៉ោង មានចំណូលបន្ថែម យើងនឹងមិនសូវព្រួយបារម្ភរឿងដាច់យ៉ៃនោះទេ ហើយមិនសូវបារម្ភខ្លាចម៉ាក់ស្ដីអោយផង។
៦. ចង់បានអ្វីមួយដែលខ្លួនចង់បាន
ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែមាននូវក្តីស្រមៃចង់បានអ្វីមួយ។ បើយើងមានចំណូលបន្ថែមពីការងារក្រៅម៉ោង យើងនឹងអាចសន្សំ ដើម្បីទិញវត្ថុដែលយើងប្រាថ្នាចង់បានដោយខ្លួនឯង។ នៅពេលដែលយើងបានវាមកដោយកម្លាំងញើសឈាមរបស់យើង ប្រាកដណាស់ថា យើងនឹងឲ្យតម្លៃទៅវា ប្រើប្រាស់ដោយសប្បាយចិត្តនិងមានមោទនភាព។
លើសពីនេះ ការងារក្រៅម៉ោងមិនត្រឹមតែអាចរកចំណូលបន្ថែមប៉ុណ្ណោះទេ និស្សិតក៏អាចទទួលបាននូវចំណេះនិងជំនាញបន្ថែម រួមទាំងបទពិសោធន៍ការងារទៀតផង៕
Click here to read more about: រៀនផង ធ្វើការផងគួរធ្វើម៉េចបានសល់លុយចាយចុងខែ?