មាស ត្រូវបានចាត់ទុកជាទ្រព្យដែលងាយស្រួលរក្សាទុកដាក់ អាចយកមកធ្វើជាគ្រឿងអលង្ការ មានទីផ្សារមូលប័ត្រ និងជាពិសេសគឺអាចដោះដូរជាប្រាក់បានអាស្រ័យទៅស្ថានការណ៍ជាក់ស្ដែង។
សម្រាប់ទីផ្សារមាសក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ទីផ្សារលក់ចេញមាសក្នុងមួយតំឡឹង $២,២៧៨ និងទិញចូល $២,២៥៨ ក្នុងមួយតំឡឹងទៅហើយ។ យ៉ាងណាមិញ តម្លៃទីផ្សារមាសតែងមានការប្រែប្រួល ដោយអាស្រ័យទៅតាមកត្តាជាច្រើន ដែលកត្តាដែលអាចធ្វើឱ្យមាសឡើងថ្លៃមានដូចខាងក្រោម៖
១. តម្លៃទីផ្សារប្រាក់ដុល្លារធ្លាក់ចុះ
ទីផ្សារតម្លៃប្រាក់ដុល្លារ និងទីផ្សារតម្លៃមាស គឺប្រៀបបានដូចជាព្រះអាទិត្យ និងព្រះច័ន្ទ គឺគ្មានថ្ងៃត្រូវគ្នានោះទេ ប្រសិនបើមានមួយឡើង មួយទៀតត្រូវចុះ។ បើលុយដុល្លារឡើងថ្លៃ នោះមាសនឹងធ្លាក់ចុះ ហើយបើមាសឡើងថ្លៃ នោះលុយដុល្លារធ្លាក់ចុះ។ ជាធម្មតា មាសត្រូវបានទិញចូលលក់ចេញជាលុយដុល្លារ ដែលបម្រែបម្រួលនៃថ្លៃលុយដុល្លារមានការប្រាស្រ័យទាក់ទងគ្នាទៅនឹងតម្លៃនៃរូបិយវត្ថុរបស់ប្រទេសនីមួយៗ។ ដូចនេះយើងមើលឃើញថា ប្រសិនបើប្រាក់ដុល្លារធ្លាក់ចុះ វានាំឱ្យទីផ្សារតម្លៃមាសនឹងឡើងថ្លៃមួយរំពេច។
២. ការសម្រេចចិត្តពីធនាគារកណ្ដាល
យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានបង្ហាញថា ធនាគារកណ្តាលដែលជាស្ថាប័នធនាគារកណ្តាលអាមេរិក រួមមានអាល្លឺម៉ង់ អ៊ីតាលី បារាំង ដែលជាអ្នកគ្រប់គ្រងក្រដាសប្រាក់ផង និងជាកន្លែងស្តុកទុកមាស ចាប់ផ្តើមទិញមាសទុកច្រើន។ ដូច្នេះ បើធនាគារកណ្តាលចង់បង្វិលគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនដូចជាចង់ដំឡើងអត្រាការប្រាក់ នោះនឹងធ្វើឲ្យតម្លៃមាសចុះថោក ហើយបើអត្រាការប្រាក់ចុះវិញ បានន័យថាមាសនឹងឡើងថ្លៃ។ ដូចនេះអ្វីៗគឺស្ថិតលើការសម្រេចចិត្តរបស់ធនាគារកណ្តាល។
៣. ការកើតឡើងនូវអតិផរណា
អតិផរណាកើតឡើងនៅពេលថ្លៃមធ្យមនៃទំនិញនិងសេវាទាំងអស់អស់កើនឡើង រីឯតម្លៃរូបិយវត្ថុធ្លាក់ចុះ ឬដើម្បីឱ្យកាន់តែងាយស្រួលយល់នោះគឺ អតិផរណាមានន័យថា តម្លៃលុយធ្លាក់ចុះ ទំនិញឡើងថ្លៃ។ នៅពេលតម្លៃលុយធ្លាក់ចុះខ្លាំង មនុស្សមានទំនោរប្ដូរពីការរក្សាប្រាក់ មកជាមាសវិញ។ នោះបានន័យថា អតិផរណា មានរយៈពេលកាន់តែយូរ នាំឱ្យតម្លៃកាន់តែថ្លៃឡើងៗ។ ប៉ុន្តែតម្លៃមាសនឹងធ្លាក់ចុះមកវិញបន្តិចបន្តួចដែរ នៅពេលអតិផរណាត្រូវបានដោះស្រាយ។
៤. តម្រូវការទីផ្សារ
យោងទៅវេបសាយ GoldHub បានឱ្យដឹងថាទីផ្សារដែលមានតម្រូវការខ្ពស់បច្ចុប្បន្នមានប្រទេសរុស្សី ចិន ឥណ្ឌា មិកសិកកូ និងតួគី សុទ្ធតែមានតម្រូវមាសការខ្ពស់ ស្របពេលដែលការជីករកមាសកាន់តែមានភាពលំបាកឡើងៗ ជាមួយតម្លៃពលកម្មកាន់តែមានបម្រែបម្រួលកើនឡើងដូចគ្នា នាំឱ្យតម្លៃមាសកាន់តែមានតម្លៃថ្លៃឡើងៗ។
យ៉ាងណាមិញ បើយើងងាកមកមើលប្រទេសកម្ពុជាយើងវិញ ក្នុងកំឡុងឆ្នាំ 1975-1979 នៅពេលដែលរូបិយវត្ថុត្រូវបានលុបបំបាត់ចោលលែងឱ្យមានចរាចរនោះ ទីផ្សារតម្លៃមាសក្លាយជាជម្រើសទី១នៃការដោះដូរទីផ្សារងងឹត ដូចជាយកមាសទៅប្ដូរយកអង្ករ ម្ហូបអាហារជាដើម។ ទាំងនេះសុទ្ធតែសរបញ្ជាក់ឱ្យឃើញថា ទីផ្សារតម្លៃមាស សុទ្ធតែអាស្រ័យលើតម្រូវការស្ថានការណ៍ជាក់ស្ដែង៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុអ្វីចាស់ៗនិយមទិញមាស?