យោងតាមបទពិសោធន៍ជាក់ស្ដែង ដូចជាមិនមានផ្លូវកាត់ណាដែលអាចសម្រេចបានសេរីភាពហិរញ្ញវត្ថុក្នុងពេលដ៏ខ្លីនោះទេ។ លើកលែងតែអ្នកត្រូវឆ្នោតបាន១លានដុល្លារ (តែបើមិនចេះគ្រប់គ្រងលុយដ៏ច្រើននេះទេ អ្នកអាចចាយវាអស់ក្នុងពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ)។
គោលការណ៍ចម្បងដែលយើងតែងឮញឹកញាប់នោះគឺ កុំចាយលើសចំណូល ឬ “Live below your means”។ ប៉ុន្តែឆ្ងល់ណាស់ ទោះខំទប់យ៉ាងណា ក៏ទប់មិនជាប់។ ពីមុនថា ឱ្យតែចេញក្រៅផ្ទះ ដឹងតែលុយហូរចេញដូចទឹក។ តែឥឡូវទោះអត់ចេញក្រៅ ក៏នៅតែហូរចេញដូចទឹកដែរ (ដូចចង់ហូរលឿនជាងមុនផង )។ ម៉េចបានអ៊ីចឹង?
1. មិនមានផែនការថវិកាសម្រាប់អនាគត
អ្នកធ្វើផែនការថវិកាដើម្បីធានាថា ក្រៅពីចំណាយចាំបាច់ប្រចាំថ្ងៃ អ្នកបានដកប្រាក់ខ្លះសន្សំសម្រាប់ទុកប្រើពេលចូលនិវត្តន៍ ពេលមានបញ្ហាបន្ទាន់ផ្សេងៗ ទុកដោះបំណុល ឬដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុណាមួយផ្សេងទៀត។ បើគ្មានផែនការទេ នោះអ្នកចាយវាយដោយមិនបារម្ភពីតម្រូវការនាពេលអនាគតឡើយ។ ឧបមាថា អ្នកមានផែនការដែលកំណត់ថាខ្លួនមានលទ្ធភាពអាចចាយប៉ុន្មានលើការកំសាន្តក្នុងមួយខែ។ ដូចនេះ ពេលមិត្តភក្ដិហៅញ៊ាំអីម្ដងៗ អ្នកដឹងពេលណាត្រូវឆ្លើយថាអូខេ និងពេលណាត្រូវឆ្លើយ NO !
2. បច្ចេកវិទ្យាលក់-ទិញ និងទូទាត់ចំណាយលឿនរហ័ស
ការរីកចម្រើននៃបច្ចេកវិទ្យាដូចជាលទ្ធភាពក្នុងការបញ្ជាទិញអីវ៉ាន់អនឡាញ និងមធ្យោបាយទូទាត់ចំណាយដ៏សម្បូរបែបដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទដៃ និង mobile banking ធ្វើឱ្យការចាយវាយរបស់អ្នកកាន់តែងាយស្រួលជាងមុន។ ឱ្យតែឃើញទំនិញដែលខ្លួនចង់បាន គ្រាន់តែប៉ុន្មាន clicks ប៉ុណ្ណោះ ទំនិញនោះចេញតាមផ្លូវមកស្រេច។
តែដល់ពេលមើលសមតុល្យទឹកប្រាក់ក្នុងគណនីនៅចុងខែទើបចាប់ផ្ដើមបន្ទោសខ្លួនឯង ហើយកុំភ្លេចណា៎! ចង់បាន តែមិនប្រាកដត្រូវការនោះទេ។ បន្ថែមលើនេះ ការប្រើប្រាស់ credit card ដែលគេច្រើននិយាយថា “ចាយលុយដែលអ្នកគ្មាន” ឬ “ចាយលុយមិនមែនរបស់ខ្លួន” ក៏អាចធ្វើឱ្យអ្នកចាយលុយភ្លេចខ្លួនដែរ រួមទាំងអាចនឹងមិនបានគិតពីលទ្ធភាពសងត្រឡប់វិញផង។
3. យល់ថាការទិញទំនិញជួយឱ្យសប្បាយចិត្ត
ការទិញទំនិញ ឬ shopping shopping~ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតយើងរាល់គ្នា។ គ្នាយើងច្រើនណាស់ដែលមានទស្សនៈថា “លុយគឺរកមកសម្រាប់ចាយ”។ ពេលខ្លះក៏ទិញរបស់របរជារង្វាន់លើកទឹកចិត្តឱ្យខ្លួនឯងពេលសម្រេចបានសមិទ្ធផលអ្វីមួយ ដូចជាប្រលងជាប់ ទើបបានការងារថ្មី ឬឡើងតំណែង -ល- ឬគ្រាន់តែដើម្បីលួងខ្លួនឯងពេលមិនសប្បាយចិត្តក៏មាន។ ឯពេលខ្លះទៀត គ្រាន់តែបានដើរផ្សារមើលអីវ៉ាន់លេងៗក៏សប្បាយចិត្តទៅហើយ។ តែដល់ជាក់ស្ដែង ពេលដើរមើលលេងៗច្រើនតែទិញបានច្រើនជាងពេលចង់ទៅទិញមែនទែន។
4. ចាយដើម្បីមុខមាត់ ឬ តាមគេ តាមឯង
“កុំឱ្យគេមើលងាយ” ឬ “ខ្លាចគេមើលងាយ” ហេតុនេះហើយទើបមានមនុស្សជាច្រើន ព្យាយាមចំណាយទៅលើទ្រព្យនិងសម្ភារក្រៅខ្លួនដើម្បីឱ្យមើលទៅទាន់គេទាន់ឯង ប្រហាក់ប្រហែលនឹងអ្នកជិតខាង មិត្តភក្ដិ ឬមិត្តរួមការងារនៅកន្លែងធ្វើការ កុំឱ្យមើលទៅខ្លួនឯងដូចជាអន់ជាងគេពេក។ ឃើញគេថាមានឡានថ្មី ជប់លៀងស្ទើររាល់ថ្ងៃ ឬឃើញមិត្តភក្ដិពាក់ស្បែកជើងម៉ាកល្បី ដូរទូរស័ព្ទស៊េរីថ្មីៗ មិនបានមានន័យថាអ្នកក៏ត្រូវតែទិញឱ្យដូចគេទេ។ មនុស្សម្នាក់ៗសុទ្ធតែមានលទ្ធភាពហិរញ្ញវត្ថុខុសគ្នារៀងៗខ្លួន។ អ្នកប្រឹងប្រែងរាល់ថ្ងៃដោយសារអ្នកមានគ្រួសារនិងទំនួលខុសត្រូវដែលត្រូវទំនុកបម្រុង មិនមែនដើម្បីតែល្អក្នុងភ្នែកអ្នកដទៃឱ្យគេសរសើរនោះទេ។
នៅមានមូលហេតុជាច្រើនទៀតដែលអាចធ្វើឱ្យអ្នកចាយវាយគ្មានការប្រុងប្រយ័ត្ន។ មិនទាន់យឺត ពេលទេ អ្នកអាចចាប់ផ្ដើមពេលនេះដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកឱ្យប្រសើរជាងមុន ដោយស្វែងរកមូលហេតុ រកវិធីទប់ទល់ និងដោះស្រាយ។ តែបើថាពូកែចាយហើយ ឱ្យច្បាស់ថាខ្លួនពូកែរកផងណា៎!
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។