ពេលរៀនវិទ្យាល័យ តែងតែខ្វល់រឿងនិទ្ទេស តែពេលចូលសាកលវិទ្យាល័យចាប់ផ្ដើមខ្វល់ខ្វាយរឿង GPA ម្ដង។
GPA មកពីពាក្យពេញ Grade Point Average គឺជាតួរលេខតំណាងឲ្យពិន្ទុមធ្យមចុងក្រោយ ដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាក្នុងរយៈពេលមួយឆ្នាំ និងអនុញ្ញាតឲ្យសាកលវិទ្យាល័យអាចវិភាគពីកម្រិតការសិក្សាឬការយល់ដឹងរបស់និស្សិត។ ជាទូទៅ នៅក្នុងពិន្ទុ GPA ត្រូវបានគេបូកបញ្ចូលពិន្ទុក្នុងកំឡុងពេលសិក្សាដូចជា ពិន្ទុប្រឡងពាក់កណ្ដាលឆមាស(Midterm) និងពិន្ទុប្រឡងបញ្ចប់ឆមាស (Final) រួមទាំងវត្តមាននិងកិច្ចការស្រាវជ្រាវផ្សេងៗ(Assignment)។ ជាធម្មតា មាត្រដ្នាន GPA ត្រូវបានគេវាស់ពីកម្រិត ១.០ ទៅ ៤.០ ដែល ១.០ ចាត់ទុកថាជាកម្រិតទាប និង ៤.០ ចាត់ទុកជាកម្រិតខ្ពស់ឬល្អ។
តើ GPA មានសារៈសំខាន់នៅពេលណា? ហើយគេប្រើការសម្រាប់អ្វីខ្លះ?
ពេលស្នើសុំឬប្រលងយកអាហារូបករណ៍
អាហារូបករណ៍គឺជាជំនួយផ្នែកហិរញ្ញវត្ថុដែលសិស្សានុសិស្សគ្រប់គ្នាតែងមានក្ដីស្រមៃ និងបំណងប្រាថ្នាចង់បាន ជាពិសេសចំពោះការសិក្សានៅក្រៅប្រទេស។ កត្តាដំបូង និងសំខាន់បំផុតដែលអ្នកឧបត្ថម្ភអាហារូបករណ៍ត្រួតពិនិត្យលើពាក្យសុំអាហារូបរណ៍គឺ GPA ដើម្បីបញ្ជាក់ពីពិន្ទុនៃមុខវិជ្ជាសិក្សា កម្រិតចំណេះដឹង និងមើលថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអាហាររូបករណ៍ឬទេ។ ក្នុងករណី GPA ល្អ ឱកាសដែលអ្នកអាចទទួលបានការជ្រើសរើសសម្រាប់អាហារូបករណ៍មានកាន់តែច្រើន។
ពេលស្នើសុំ Exchange program
ចំពោះនិស្សិតដែលមានបំណងចង់ស្នើសុំកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសរយៈពេលខ្លី ក៏ត្រូវការជំនួយពី GPA ដែរ។ អ្នករៀបចំកម្មវិធីនឹងត្រួតពិនិត្យ GPA ដើម្បីបញ្ជាក់ពីកម្រិតការសិក្សា កម្រិតពិន្ទុនៃវគ្គសិក្សានីមួយៗ និងការខិតខំប្រឹងប្រែងក្នុងការសិក្សា។ ម៉្យាង បើនិស្សិតមាន GPA ខ្ពស់ វាក៏អាចបង្ហាញពីឆន្ទៈនៃការខិតខំព្យាយាមរៀនសូត្ររបស់និស្សិត។
ពេលបន្តថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត
និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ មានបំណងបន្តសិក្សាយកសញ្ញាបត្រជាន់ខ្ពស់ដូចជា ថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត ក៏ត្រូវការ GPA ដើម្បីបង្ហាញកម្រិតចំណេះដឹងពីជំនាញដែលខ្លួនបានសិក្សាកាលនៅថ្នាក់បរិញ្ញាបត្រ។ ក្រៅពីនេះ GPA ក៏អាចចង្អុលបង្ហាញពីភាពសកម្មក្នុងថ្នាក់ និងគុណសម្បត្តិផ្សេងៗរបស់សិស្ស ក្នុងកំឡុងពេលសិក្សា 4ឆ្នាំទាំងមូល។
សម្រាប់ការងារហាត់ការ(Internship)
អង្គភាពការងារមួយចំនួនដូចជា ខាងផ្នែកអប់រំ ផ្នែកច្បាប់ ឬការងារពាក់ពន្ធជំនាញណាមួយ តម្រូវឲ្យអ្នកហាត់ការមាន GPA ល្អ ឬសមរម្យគ្រប់គ្រាន់សម្រាប់ផ្នែកមួយនោះ។ ដោយសារការងារនៅអង្គភាពទាំងនេះទាមទារឲ្យអ្នកហាត់ការមានភាពច្បាស់លាស់ ប្រាកដប្រជាជាមួយការងារ និងមានចំណេះដឹងជាក់លាក់ ដូច្នេះ GPA ដើរតួជាភស្តុតាងសំខាន់មួយក្នុងការបញ្ជាក់ពីសមត្ថភាពសិក្សារបស់អ្នកហាត់ការ។
ទោះបី GPA មានសារៈសំខាន់ដូចដែលបានរៀបរាប់ខាងលើពិតមែន តួយ៉ាង សិស្សានុសិស្សក៏គួរតែមានការបង្កើនជំនាញទន់ផ្សេងៗដូចជា ការបង្កើនទំនាក់ទំនង ការគិតបែបស៊ីជម្រៅ បង្កើនការច្នៃប្រឌិត និងការដោះស្រាយបញ្ហានានាផងដែរ៕
ឯកសារយោង៖
Editorial Team. (2021, February 23). Does gpa matter in college?. Indeed.
Hewitt, B. (2018, January 30). How important is gpa when looking for a job or internship?. Penn And Beyond.
Sadler, R. (2015, January 25). What is a gpa and what use is it?. The Conversation.
Sy C. (2021, September 19). Does gpa matter for grad school?. The Gradcafe.
What is a gpa and why is it so important?. (2022, January 19). Studyportals.
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។