ជាធម្មតា នៅថ្ងៃដំបូងដែលយើងចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារ អ្នកគ្រប់គ្រងធនធានមនុស្ស (Human Resource Officer) គេនឹងផ្ដោតលើចំណុចពីររបស់អ្នកគឺជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)។ ជំនាញពីរនេះ ពិតជាសំខាន់មែនទែន ព្រោះវាជាការបង្ហាញទៅដល់អ្នកគ្រប់គ្រងធនធានមនុស្សថា អ្នកសក្តិសម និងមានសមត្ថភាពនឹងបំពេញការងារនោះដែរឬទេ។
ជំនាញពីរ មានចំណុចខុសពីគ្នាអ្វីខ្លះ?
តើជំនាញរឹង (Hard Skills) ជាអ្វី?
ជំនាញរឹងទាក់ទងនឹងចំណេះដឹងនិងការបណ្តុះបណ្តាលបច្ចេកទេសជាក់លាក់របស់ខ្លួន។ ឧទាហរណ៍ថា ប្រសិនបើអ្នកជ្រើសរើសយកជំនាញព័ត៌មានវិទ្យា(IT) អ្នកត្រូវប្រាកដថា បន្ទាប់ពីរៀនចប់ អ្នកអាចមានជំនាញមួយច្បាស់លាស់ដូចជាសរសេរកូដបង្កើតកម្មវិធីទូរសព្ទ អ្នកវិភាគ Data ឬអ្នកបង្កើតវេបសាយជាដើម។
ជំនាញរឹងទាំងនោះមានដូចជា៖
• ជំនាញបច្ចេកទេស (ព័ត៌មានវិទ្យា, វិស្វករ, គណនេយ្យ...)
• ជំនាញកុំព្យូទ័រ
• ជំនាញវិភាគ
• ជំនាញទីផ្សារ
• ភាសា (អង់គ្លេស,ចិន...)
តាមពិតទៅ ជំនាញរឹងវាអាចមានច្រើន ប៉ូន្តែ៥ចំណុចខាងលើនេះ វាជាចំណុចដែលអ្នកចាំគួរតែមានវា។
តើជំនាញទន់ (Soft Skills) ជាអ្វី?
ជំនាញទន់គឺផ្តោតលើបុគ្គលិកលក្ខណៈដូចជាភាពជាអ្នកដឹកនាំ ទំនាក់ទំនងការទូត ឬ ការគ្រប់គ្រងពេលវេលា។
ឧទាហរណ៍ថា ដ្បិតតែអ្នករៀនពូកែជំនាញរឹងក៏ពិតមែន តែអ្នកបែរជាគ្មានទំនាក់ទំនងនៅក្នុងសង្គម គ្មានជំនាញការទូត ពិបាកធ្វើការជាក្រុមនោះ វានឹងហុចផលអវិជ្ជមានជាច្រើនដល់អ្នកនាពេលអនាគត។
ជំនាញទន់ទាំងនោះមានដូចជា៖
• ការងារជាក្រុម
• ភាពបត់បែន
• ភាពជាអ្នកដឹកនាំ
• ជំនាញដោះស្រាយបញ្ហា
• ជំនាញការទូត
តាមពិតទៅ ជំនាញរឹង និងជំនាញទន់ វាអាចមានច្រើនចំណុចបន្ថែមទៀត ប៉ុន្តែ ៥ចំណុចខាងលើនេះ វាជាចំណុចដែលអ្នកចាំគួរតែមានវា មិនថាអ្នកចាប់ផ្ដើមប្រឡូកការងារ ឬការរកស៊ីនោះឡើយ។
សរុបមក នៅពេលដែលយើងមនុស្សម្នាក់ៗមានជំនាញរឹងស្ទាត់ជំនាញ ឱកាសការងាររបស់បុគ្គលម្នាក់ៗនោះ ក៏កាន់តែមានច្រើន។ ប៉ុន្តែត្រឹមតែមានជំនាញរឹងមួយមុខមិនគ្រប់គ្រាន់ទេ ដ្បិតថា មិនថាតែវិស័យការងារ ឬការរកស៊ីនោះទេ បុគ្គលម្នាក់ៗត្រូវមានទំនាក់ទំនង ការប្រាស្រ័យទាក់ទងគ្នា ការងារជាក្រុមនៅក្នុងនោះ។ អញ្ចឹងៗ វាជាមូលហេតុយើងចាំបាច់ត្រូវមានជំនាញមួយទៀត គឺជំនាញទន់មួយបន្ថែមទៀត៕
Click here to read more about: Hard skills vs. soft skills: What they are and how to use them to your advantage