កាលនៅវិទ្យាល័យបន់ឱ្យតែចប់ទី១២ នឹងអាលបានដើរលេងជុំមិត្តភក្ដិ ស្រឡះខួរក្បាល
និងអាចធ្វើអ្វីដែលខ្លួនចង់ធ្វើឱ្យបានច្រើន ព្រោះពេលនៅរៀនវិទ្យាល័យ គឺចំណាយពេលរៀនមិនឈប់ អស់ពីរៀនក្នុងសាលាមករៀនគួរបន្ថែមនៅផ្ទះ ជួនកាលរៀនដាច់យប់ទៀត ហើយរំពឹងថាពេលឈានជើងចូលសាកលនឹងមិនរវល់ច្រើនហើយមានពេលសម្រាកផង។
ប៉ុន្តែដល់តែបានឆ្លងកាត់ បានស្គាល់រសជាតិ ទើបដឹងថាការពិតគឺខុសស្រឡះពីអ្វីដែលបានគិត។ ទម្លាប់នៃការរស់នៅត្រូវបានផ្លាស់ប្ដូរ ទាំងភាពជូរចត់ ទាំងភាពសប្បាយរីករាយ មានលាយឡំគ្នា។ បើនិយាយឱ្យចំ កាលនៅវិទ្យាល័យធ្លាប់តែចង់បានពិន្ទុខ្ពស់ តែឥលូវបានចូលសកល សុំត្រឹមតែមួយជាប់ទេ។ តើមានអ្វីខ្លះទៀតដែលខុសគ្នារវាងពេលយើងនៅរៀនវិទ្យាល័យនិងពេលចូលរៀនសកល?
ពេលវេលា
ដើមឡើយគិតថាពេលចូលសាកលនឹងមានពេលទំនេរច្រើនព្រោះមិនមានត្រូវរៀនគួរបន្ថែមដូចកាលនៅវិទ្យាល័យទេ។ តែតាមពិតទៅគឺកាន់តែរវល់ដកខ្លួនមិនរួច គ្មានទាំងពេលដេកផង ទោះនៅសាកលវិទ្យាល័យរៀនតែមួយព្រឹក ប៉ុន្តែក៏នៅមានកិច្ចការផ្ទះ ឬ assignments មួយគំនរ ថែមទាំងមាន surprise quiz ផង និងត្រូវការពេលច្រើនដើម្បីស្វ័យសិក្សាស្រាវជ្រាវបន្ថែុមដោយខ្លួនឯងទៀត។ មិនតែប៉ុណ្ណោះ យើងរឹតតែមិនមានពេលចន្លោះទំនេរ នៅពេលចូលរួមការងារស្ម័គ្រចិត្ត ឬពេលរកបានការងារក្រៅម៉ោងឬពេញម៉ោងធ្វើ ដើម្បីទទួលបានបទពិសោធន៍បន្ថែម ក៏ដូចជាទទួលបានកម្រៃខ្លះ គ្រាន់នឹងផ្គង់ផ្គង់ចំណាយផ្សេងៗ។
ស្ថានភាពហិរញ្ញវត្ថុ
ធ្លាប់តែរអ៊ូថាបង់លុយថ្លៃសាលាហើយនៅត្រូវមកបង់លុយរៀនគួរច្រើនមុខវិជ្ជាទៀត។ នេះនៅមិនទាន់គិតថ្លៃសាំងម៉ូតូជិះមកសាលា ជិះទៅរៀនគួរ នៅថ្លៃទិញសៀវភៅពុម្ពផង នៅថ្លៃទិញសៀវភៅធ្វើលំហាត់ផង តែពេលមកចូលសកលវិទ្យាល័យទើបដឹងថាត្រូវចំណាយច្រើនជាងកាលនៅរៀនវិទ្យាល័យទ្វេដង។ ពិសេសគឺចំពោះនិស្សិតមកពីបណ្ដាខេត្តដែលមកបន្តការសិក្សា នៅទីក្រុង ក្រៅពីចាយវាយលើថ្លៃសិក្សា ថ្លៃសម្ភារៈសិក្សា និងថ្លៃធ្វើដំណើរ នៅត្រូវរ៉ាប់រងថ្លៃបន្ទប់ជួលថ្លៃទឹកភ្លើងផងហូបចុកផង និងតម្រូវការចំបាច់ ផ្សេងៗ។ បែបនេះ ហេីយទេីបនិស្សិតមួយចំនួនចាប់ផ្ដើមធ្វេីការងារតាំងពេលនៅ រៀនដេីម្បីជំនួយដល់ជីវភាពប្រចាំថ្ងៃ។
Click here to read more about: រកលុយឲ្យបាន២០០ដុល្លារពេលនៅរៀន
ទំនួលខុសត្រូវ
កាលនៅវិទ្យាល័យមិនសូវគិតច្រេីនទេ តែឥលូវចេះគិតច្រេីនពីខ្លួនឯងទាំងបច្ចុប្បន្ននិងអនាគត។ ពេលនេះមានទំនួលខុសត្រូវខុសពីមុន ជាពិសេសគឺលើផ្លូវដែលខ្លួនជ្រើសដើរ រាប់ចាប់ពីជម្រើសជំនាញសិក្សា អាជីពការងារ និងការសម្រេចចិត្តផ្សេងៗដែលសុទ្ធសឹងជាលើកដំបូងក្នុងឆាកជីវិត។ ពីមុននៅជាបន្ទុកក្នុងគ្រួសារ តែពេលនេះត្រូវរៀនទទួលខុសត្រូវលើការសម្រេចចិត្ត និងជម្រើសរបស់ខ្លួន មិនថាខុសឬត្រូវយ៉ាងណា ត្រូវតែទទួលដោយខ្លួនឯង។
មិត្តភាព
ធ្លាប់តែមានមិត្តភកិ្តច្រេីនជួបជុំគ្នារៀងរាល់ថ្ងៃពេលនៅរៀនវិទ្យាល័យ តែឥឡូវមានអារម្មណ៍ឯកាម្ដងម្កាល ព្រោះពេលចូលរៀនសាកល ម្នាក់ៗមានការងាររវល់រៀងខ្លួនៗ។ ដល់ម៉ោងចេញទៅផ្ទះក៏បំបែកផ្លូវគ្នាទៅផ្ទះ ឬទៅកន្លែងធ្វើការរៀងៗខ្លួន។ ជួនកាលចង់ណាត់ជួបគ្នាទៅញ៊ាំប្រហិតក្បែរសាលា ដូចកាលនៅរៀនវិទ្យាល័យក៏ពេលវេលាមិនត្រូវគ្នា។ ម្យ៉ាងទៀតនៅពេល រៀនសាកលក៏មានសម្ពាធពីមិត្តភិក្ត ឬមិត្តរួមថ្នាក់ (peer pressure) ភាគច្រេីនគឺប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ឃេីញគេមានការងារធ្វេីមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ខ្លាំង រៀនដល់ថ្នាក់ប៉ុននេះដែររកការងារមិនបានធ្វេីនឹងគេ។
ពេលឈានជើងចូលសកលវិទ្យាល័យរមែងជួបនូវឧបសគ្គខ្លះហើយ។ ការលើកឡើងខាងលើនេះគ្រាន់តែជាបទពិសោធន៍មួយចំនួនដែលអេដមីនធ្លាប់ឆ្លងកាត់ផ្ទាល់ប៉ុណ្ណោះ។ តែអេដមីនជឿថានៅមានរឿងជាច្រើនទៀតដែលមិត្តៗ និស្សិតដទៃបាននិងកំពុងឆ្លងកាត់ ដ្បិតថាដំណើរជីវិតរបស់យើងម្នាក់ៗខុសគ្នា។ ទោះបីវាខុសពីការរំពឹងទុកក៏ពិតមែន តែក៏មិនមែនមានន័យថាជីវិតយើងជួប តែភាពលំបាកពេញមួយជីវិតដែរ។ ថ្វីបើថ្ងៃនេះអ្នកទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ថ្ងៃក្រោយអ្នកជួបបញ្ហាអ្វីទៀតក៏ដោយ ត្រូវចាំថា«នឿយមុន ស្រនុកក្រោយ»។ នៅទីបំផុត អ្នកគង់តែទៅដល់ផ្លូវដែលអ្នកចង់ទៅឱ្យតែអ្នកមានការតាំងចិត្តខ្ពស់ និងស៊ូទ្រាំនឹងវា៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។