ឲ្យតែលឺគេនិយាយថា បុគ្គលតម្លៃខ្លួនខ្ពស់ ប្រាកដជាគិតក្នុងចិត្តថា បុគ្គលនោះដឹងតែមានលុយច្រើន។ ពេលខ្លះក៏សួរខ្លួនឯងថាមានលុយច្រើនប៉ុនណាទៅ បានមានសំណាងគេហៅថាបុគ្គលមានតម្លៃ ខ្លួនខ្ពស់?
បុគ្គលដែលមានតម្លែខ្លួនខ្ពស់ ត្រូវបានហៅថា High-Net-Worth Individual (HNWI) ដែលពាក្យថាតម្លៃខ្លួនក្នុងន័យនេះសំដៅដល់ទ្រព្យសុទ្ធ ឬតម្លៃសុទ្ធនៃទ្រព្យកម្ម (net worth) របស់បុគ្គលនោះ។ តម្លៃទ្រព្យសុទ្ធនេះអាចគណនាបានដោយយកតម្លៃទីផ្សាររបស់ទ្រព្យសកម្មរូបី (Tangible Assets) និងទ្រព្យអរូបី (Intangible Assets) របស់បុគ្គលម្នាក់បូកបញ្ចូលគ្នា រួចដកនឹងបំណុលសរុបរបស់គេចេញ។ ពាក្យថា High-Net-Worth Individual ត្រូវបានគេសំដៅទៅដល់បុគ្គលដែលមានទ្រព្យសកម្មដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទៅជាសាច់ប្រាក់ភ្លាមៗ។ សន្ទនីយភាពទ្រព្យកម្មមិនត្រូវបានគេរួមបញ្ចូលនូវអចលនទ្រព្យ ដូចជាផ្ទះ ឬអគារនោះទេ ព្រោះទ្រព្យទាំងនោះពិបាកក្នុងការផ្លាស់ប្តូរ ឬលក់ទៅជាសាច់ប្រាក់ភ្លាមៗ។
យេាងតាម Global Wealth Migration Review គិតត្រឹមខែមិថុនា ឆ្នាំ២០២០ បុគ្គលមានតម្លៃខ្លួនខ្ពស់ មានចំនួនសរុបប្រមាណជា ១៣លាននាក់ដែល ស្មើនឹង០.១៨% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក (Global Wealth Migration Review 2020)។ មិនតែប៉ុណ្ណោះដោយសារតែកំណើនបុគ្គលដែលមានទ្រព្យសុទ្ធ ឬតម្លៃខ្លួនខ្ពស់កប់ពពកទាំងនេះមាន កាន់តែច្រើននៅសហរដ្ឋអាមេរិក ដែលមាន High-Net-Worth Individual ជាង៦.៥លាននាក់ក្នុងឆ្នាំ២០២០ គេក៏បានកំណត់ការបែងចែកជា៣ថ្នាក់បន្ថែមទៀតគឺ៖
- High Net-worth Individual សម្រាប់អ្នកដែលមានតម្លៃខ្លួនស្មើនឹង១លានដុល្លារអាមេរិក ឬលើសពីនេះ។
- Very-high-net-worth individual សម្រាប់អ្នកដែលមានតម្លៃខ្លួនធំជាង ឬស្មើនឹង ៥លានដុល្លារអាមេរិក។
- Ultra-high-net-worth individual សម្រាប់អ្នកដែលមានតម្លៃខ្លួនធំជាង ឬស្មើនឹង ៣០លានដុល្លារអាមេរិក។
ខាងក្រោមនេះគឺជា បុគ្គលដែលមានតម្លៃខ្លួនខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក ដោយផ្អែកតាមទស្សនាវដ្តី Forbes គឺ៖
១. Elon Musk មានតម្លៃខ្លួនប្រមាណ២៩៦.២ ប៊ីលានដុល្លារអាមេរិក។
២. Jeff Bezos មានតម្លៃខ្លួនប្រមាណ ២១០.៧ប៊ីលានដុល្លារអាមេរិក។
៣. Bernard Arnault មានតម្លៃខ្លួនប្រមាណ ២០១ ប៊ីលានដុល្លារអាមេរិក។
៤. Bill Gates មានតម្លៃខ្លួនប្រមាណ ១៣៨.៨ ប៊ីលានដុល្លារអាមេរិក។
៥. Larry Ellison មានតម្លៃខ្លួនប្រមាណ ១២៨.៩ ប៊ីលានដុល្លារអាមេរិក។
ចំណែកឯនៅអាស៊ីអាគេ្នយ៍យើងវិញក៏មានបុគ្គលដែលតម្លៃខ្លួនខ្ពស់ផងដែរ មានដូចជា៖
១. Zhang Yong មានតម្លៃខ្លួនចំនួន ២៣ ប៊ីលានដុល្លារអាមេរិក។
២. Goh Cheng Liang មានតម្លៃខ្លួនប្រមាណ២១.៧ ប៊ីលានដុល្លារអាមេរិក។
៣. Li Xiting មានតម្លៃខ្លួនប្រមាណ ២១.៥ ប៊ីលានដុល្លារអាមេរិក។
៤. Robert Budi Hartono មានតម្លៃខ្លួនប្រមាណ២០.៥ ប៊ីលានដុល្លារអាមេរិក ។
៥. Michael Hartono មានតម្លៃខ្លួនប្រមាណ១៩.៧ ប៊ីលានដុល្លារអាមេរិក។
ដូចអ្នកបានដឹងហើយថា វាមិនងាយស្រួលទេទម្រាំក្លាយខ្លួនជាបុគ្គលដែលមានតម្លៃខ្លួនខ្ពស់ម្នាក់ តែក៏មិនមែនមានន័យថា អ្នកមិនអាចក្លាយជាបុគ្គលម្នាក់ ក្នុងចំណោមពួកគេទាំងអស់នោះបានដែរ។ អ្វីៗទាំងអស់គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗជាពិសេសមានផែនការហិរញ្ញវត្ថុច្បាស់លាស់ក្នុងការវិនិយោគ ការហ៊ានចាប់យកឱកាស និងការទទួលយកហានិភ័យផ្សេងៗ ជាមួយនឹងចំណេះដឹងហិរញ្ញវត្ថុដ៏ពិតប្រាកដ៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។