អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ស្គាល់ធ្លាប់ឮពីភេសជ្ជៈកូកាកូឡា តែមានដឹងអត់វាផ្តើមពីទឹកស៊ីរ៉ូប៍ទេ។ គ្រូពេទ្យ John Pemberton ប្រើស្លឹកកូកា(Coca leaf) និងគ្រាប់កូឡា (Kola Nuts) មកផ្សំជាទឹកស៊ីរ៉ូប៍ដើម្បីព្យាបាលជម្ងឺឈឺក្បាល។ ក្រោយមក គាត់បានកែប្រែវាជាភេសជ្ជៈដែលមានពពុះ (Fizzy Drink) និងដាក់លក់នៅកន្លែងបម្រើភេសជ្ជៈ (soda fountain) ក្នុងឱសថស្ថាន Jacob។ កែវដំបូងរបស់កូកាកូឡាត្រូវបានលក់ក្នុងឆ្នាំ១៨៨៦។
ក្នុងឆ្នាំ ១៨៨៨ លោក Asa Griggs Candler បានទិញរូបមន្តកូកាកូឡាពីDr. John ហើយក្នុងឆ្នាំ ១៨៩២ គាត់បានបង្កើតក្រុមហ៊ុនកូកាកូឡា និងមានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងត្រូវបានចែកចាយពាសពេញផ្ទៃប្រទេស។ ភេសជ្ជៈកូកាកូឡាត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិដំបូង ទៅប្រទេសគុយបាក្នុងឆ្នាំ ១៨៩៩ ប៉ុន្តែមិនសូវមានតម្រូវការទេ។ រហូតដល់ឆ្នាំ ១៩១៩ ក្រុមហ៊ុនកូកាត្រូវបានលក់ឱ្យទៅលោក Ernest Woodruff ហើយកូនប្រុសរបស់ Ernest បានបន្តដឹកនាំក្រុមហ៊ុនព្រមទាំងធ្វើឱ្យក្រុមហ៊ុនកូកាក្លាយជាយីហោលក្ខណៈអន្តរជាតិ និងមានឈ្មោះក្នុងទីផ្សារមូលបត្រទីក្រុងញូវយ៉កជាផ្លូវការក្នុងឆ្នាំជាមួយគ្នានោះដែរ។ ឆ្នាំ១៩២០ ខណៈពេលដែលសង្គ្រាមលោកលើកទី២កំពុងតែផ្ទុះឡើង លោក Robert Woodruff បាននាំចេញកូកាទៅមូលដ្ឋានទ័ពនៅអឺរ៉ុប និងប៉ាស៊ីហ្វិចដែលកំពុងស្ថិតក្នុងសមរភូមិ វាបានធ្វើឱ្យមនុស្សជាច្រើនកាន់តែស្គាល់ ហើយកំណើននៃតម្រូវការបានកើនឡើង។ ក្រោយមកកូកាបានបង្កើត និងចាប់ដៃគូរជាមួយក្រុមហ៊ុនផលិតដប និងតំណាងចែកចាយជាច្រើននៅក្នុងប្រទេសនៃតំបន់ទាំងពីរនោះដើម្បីសម្រួលដល់ការចែកចាយ។ បច្ចុប្បន្ន ភេសជ្ជៈកូកាត្រូវបានដាក់លក់ក្នុងប្រទេសជាង ២០០ប្រទេសជុំវិញពិភពលោក។
មូលហេតុដែលកូកាកូឡាឈរជើងយូរ ហើយរកប្រាក់ចំណូលបានជាប្រចាំដោយសារតែ៖
- ការលក់ទឹកស៊ីរ៉ូប៍ឱ្យទៅរោងចក្រផលិតដប ដើម្បីឱ្យពួកគេបង្កើតជាផលិតផលសម្រេច ដោយការបន្ថែម sparkling water* និងជាតិផ្អែមសម្រាប់លក់ចេញ។ បច្ចុប្បន្ន កូកាកូឡាមានរោងចក្រផលិតដបជាង ៩០០ រោងចក្រក្នុងនោះមានរោងចក្រដបជាង ២២៥ រោងចក្រជាដៃគូសហការ ហើយអាចផលិតបានដល់ទៅ២ប៊ីលានដបជារៀងរាល់ថ្ងៃ។ ម្ចាស់រោងចក្រនីមួយៗមានសិទ្ធិក្នុងការលក់ផលិតផលកូកាដែលខ្លួនបានផលិតក្នុងតំបន់របស់ខ្លួន។
- ក្រុមហ៊ុនកូកាក៏លក់ផលិតផលសម្រេចដោយផ្ទាល់ តាមរយៈតំណាងចែកចាយយកទៅលក់តឱ្យអ្នកលក់រាយ។
- ការចាប់ដៃគូសហការផ្តាច់មុខជាមួយក្រុមហ៊ុនអាហារផ្សេងៗដូចជា Burger King, Domino Pizza, McDonald’s ជាដើម។ សូម្បីតែក្នុងកម្មវិធីកីឡាធំៗខ្លះ កូកាកូឡាជាភេសជ្ជៈដែលលក់ផ្តាច់មុខផងដែរនៅតាមពហុកីឡាដ្ឋានទាំងនោះ។
កូកាកូឡាត្រូវបានសម្គាល់ថាជាប្រេនដែលពូកែខាងធ្វើទីផ្សារ និងមានយុទ្ធនាការពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ។ បច្ចុប្បន្ន ក្រុមហ៊ុនកូកាកូឡាមានតម្លៃរហូតដល់ជាង ២៦១.៣២ ប៊ីលានដុល្លារ ហើយក្នុងមួយភាគហ៊ុនមានតម្លៃជាង ៦០ដុល្លារ។
*Sparkling water: ជាទឹកដែលមានពពុះឧស្ម័នកាបូនឌីអុកស៊ីត៕