មនុស្សយើងតែងមានទម្លាប់អាក្រក់មួយចំនួនតោងទាមតាមមកជានិច្ច។ មានពេលខ្លះយើងមិនទាំងដឹងខ្លួនផង។ ថ្វីបើទម្លាប់ទាំងនោះមើលទៅហាក់ដូចជារឿងតូចតាចធម្មតាមួយអ៊ីចឹង តែទោះជាយ៉ាងណា បើនៅតែបន្តរឿងតូចៗទាំងនោះ យូរៗនឹងតែខាតបង់ដល់ជីវិតរស់នៅរបស់យើងទេ ជាពិសេសគឺសុខភាពហិរញ្ញវត្ថុរបស់យើងតែម្ដង។
តើមានទម្លាប់អ្វីខ្លះដែលគ្រប់គ្នាតែងតែធ្វើវាជាប្រចាំ ហើយគួរកែប្រែវាយ៉ាងណា?
សូមអានបន្ថែមលើរូបនីមួយៗខាងក្រោម
មិនកត់ត្រាចំណាយប្រចាំថ្ងៃទុក
ពេលដកលុយចាយម្ដងៗ មិនដែលបានកត់ចំណាំនោះទេ ដល់ពេលអស់លុយរលីងទើបអង្គុយរកនឹកថា «យី! លុយបាត់ទៅណាអស់ នរណាចាយលុយខ្ញុំ?» គ្មាននរណាទេ គឺយើងខ្លួនឯងនេះហើយ!
ទម្លាប់ចាយវាយមិនកត់ត្រានឹងធ្វើឱ្យយើងបាត់លុយមិនដឹងទិសតំបន់ ចាយគ្មានដែនកំណត់ អាចប៉ះពាល់ដល់ចំណាយចាំបាច់ផ្សេងៗ និងអាចប៉ះពាល់ដល់គោលដៅហិរញ្ញវត្ថុទៀតផង។
ជាគន្លឺះ ដើម្បីកែប្រែទម្លាប់នេះអ្នកគួរ៖
- បង្កើតតារាងចំណូលចំណាយមួយសម្រាប់ការចាយវាយពេញមួយខែ បន្ទាប់មកចែកជាបួនសប្ដាហ៍ និងកំណត់ចំនួនចាយវាយមួយច្បាស់លាស់សម្រាប់សប្ដាហ៍នីមួយៗ។
- រាល់ពេលទិញអីវ៉ាន់ កម្ម៉ង់បងដា ទម្លាក់លេខទីតាំងយកអីវ៉ាន់ កត់ត្រាចំណាយទាំងនោះ ចូលក្រដាស ឬទូរសព្ទរបស់អ្នក។
- មុនពេលគេង ឆ្លៀតពេលដកឃ្លា ៥នាទី មកផ្ទៀងផ្ទាត់ចំណាយ និងកត់ត្រាចំណាយទាំងអស់ក្នុងតារាងចំណូលចំណាយរបស់អ្នក។
- បូកសរុបចំណាយប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ ថាអ្នកចាយត្រូវខ្ទង់ ឬខុសខ្ទង់? ចំណាយលើអ្វី? គួរមានវិធីណាកាត់បន្ថយចំណាយនោះ!
អឹមអៀន មិនហ៊ានទារលុយ
សូមគិតថា «នោះជាលុយញើសឈាមអ្នក អ្នកក៏ត្រូវការលុយដែរ»
ទម្លាប់អឹមអៀន មិនហ៊ានទារលុយគេជំពាក់ មិនពិបាកដល់នរណាទេ គឹខ្លួនឯងនេះហើយ និងពេលខ្លះរារាំងដល់គម្រោងការហិរញ្ញវត្ថុទៀត។ អ្នកខ្លះ សុខចិត្តអង្គុយដេកឈឺចិត្ត ស្អិតទ្រូង តែបើឱ្យទៅទារគេ មិនហ៊ានទេ ខ្លាចគេអន់ចិត្ត ឬប៉ះពាល់ដល់មិត្តភាពយិនស៊ិនរបស់អ្នក។
បើអ្នកពូកែអឹមអៀនអ៊ីចឹង អ្នកគួរតែ៖
- កំណត់កិច្ចព្រមព្រៀងសងលុយនិងអាចមានជាលាយល័ក្ខណ៍អក្សរច្បាស់លាស់ ទុកគ្រាន់បានលើកមកដាក់លើតុពេលដល់ថ្ងៃសង។
- ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាមិនចឹង ទើបហ៊ានឱ្យខ្ចីលុយកាក់? បើកចិត្តនិយាយត្រង់ៗ ថាអ្នកពិតជាត្រូវការលុយពិតមែន ឬពិភាក្សាពីបញ្ហាអ្នកកំពុងត្រូវការលុយកាក់ដែរ។
- ចរចាសងបណ្ដាក់តាមលទ្ធភាព កុំឱ្យគេយកលេសថាអត់លុយ។
- ជាចុងក្រោយ បើមិនពូកែសម្ដីទេ សរសេរសំបុត្រទៅកាន់គាត់ តាមរយៈហេតុផលដែលគាត់គួរតែគិតគូរសងលុយកាក់ជាដើម។
ធ្វើអីឪ្យរួចពីដៃ
«ការមិនសូវសំខាន់ រឿងមិនចាំបាច់ កុំគិតច្រើនពេក ធ្វើឱ្យតែហើយៗទៅ!»
ដឹងឬអត់ថា ទម្លាប់នេះ បានបញ្ជាក់ប្រាប់ថា អ្នកជាមនុស្សគ្មានទំនួលខុសត្រូវលើការងារ ខូចឈ្មោះ និងប៉ះពាល់ដល់អនាគតរបស់អ្នកទៀតផង។ ជាពិសេសបើអ្នកជារកស៊ី ទម្លាប់ធ្វើឱ្យរួចតែពីដៃនឹងធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត ខណៈទីផ្សារក៏មានការប្រកួតប្រជែងច្រើន អ្នកនឹងត្រូវខ្ទាតចេញពីសង្វៀនដណ្ដើមអតិថិជនមិនខាន។
ទម្លាប់មួយនេះ អាចកែបន្តិចម្ដងបានតាមវិធីដូចខាងក្រោម៖
- អនុវត្ត Quality Control (QC) លើការងារដោយខ្លួនឯង បានន័យថា នូវរាល់ការងារនីមួយៗដែលអ្នកបានបញ្ចប់ហើយ គួរមាន check-list មួយ ពិនិត្យលើការងារនោះ ដើម្បីធានាគុណភាពការងារ។ ការងារនេះធ្វើត្រូវតាមគោលដៅដែរឬទេ? ពិតជាត្រឹមត្រូវឬនៅ? មានអ្វីគួរកែប្រែបន្ថែមដែរឬទេ?
- ត្រូវគិតពីអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់សមិទ្ធផលការងាររបស់អ្នកជាចម្បង!
ពន្យាពេលធ្វើកិច្ចការ
«ចាំតិចទៀត! ចាំមានអារម្មណ៍ល្អ ចាំធ្វើ!»
ចុងក្រោយ ការងារយឺតយ៉ាវ ហួសកាលកំណត់ ដំណើរការរអាក់រអួលប្រសិនជាការងាររួមជាមួយអ្នកដទៃ និងអាចធ្លាប់ខ្លួនរហូតភ្លេចធ្វើកិច្ចការណាមួយតែម្ដង។
គួរធ្វើយ៉ាងម៉េច?
- ព្រាងការងារទៅក្នុង To-do list ជាដំណាក់កាលតូចៗ បន្ទាប់មករៀបចំការងារនោះពីស្រួលទៅលំបាក (ការងារតិចមុន ការងារច្រើននៅតាមក្រោយ)។
- កុំមានពាក្យ “សិន” ប៉ុន្តែចាប់ផ្ដើមឥឡូវនេះ! ដោយចាប់ផ្ដើមការងារភ្លាមបន្ទាប់ពីរៀបចំ list រួច ព្រោះសិនៗនេះ ច្រើនតែយឺតយ៉ាវ។
- ជ្រើសរើសពេលដែលអ្នក productive របស់ធ្វើការងារដែលសំខាន់ជាងគេ ដើម្បីឱ្យប្រសិទ្ធភាពការងារកាន់តែល្អ ។
ធ្វើការងារនៅដង្ហើមចុងក្រោយ
«ក្របីបាត់ទើបធ្វើរបង ដល់ពេលជិតប្រឡង ទើបទាញសៀវភៅមកមើល»
ឬមិនអ៊ីចឹងទេ ការងារមាន deadline ១ខែពេញ ប៉ុន្តែចូលចិត្តធ្វើជា hero សម្រុកធ្វើការងារទាំងបង្ខំនៅនាទីចុងក្រោយ (Last minute)។
នាំតែប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ការងារគ្មានគុណភាព ប៉ះពាល់ដល់សុខភាពព្រោះចូលចិត្តអនុវត្ត one night policy និងចុងក្រោយ ប៉ះពាល់ដល់អត្ថប្រយោជន៍រួម។
ជំនួសដោយ៖
- ព្រាងការងារដោយកំណត់រយៈពេលច្បាស់លាស់ឱ្យខ្លួនឯង (deadline)។
- បែងចែកការងារជាបួនប្រភេទផ្សេងៗគ្នា មួយណាធ្វើមុន មួយណាទុកក្រោយគេដូចជា៖
1. ការងារសំខាន់ ហើយបន្ទាន់
2. ការងារសំខាន់ តែមិនបន្ទាន់
3. ការងារមិនសំខាន់ តែបន្ទាន់
4. ការងារមិនសំខាន់ ហើយមិនបន្ទាន់
Set goals ប៉ុន្តែកុំឱ្យលើសពីលទ្ធភាពដែលអាចធ្វើទៅរួច។ ឧបមាថា ការងារត្រូវការរយៈពេលពិតប្រាកដ ១សប្ដាហ៍ តែកំណត់ឱ្យខ្លួនឯងតែ ៣ថ្ងៃ។ ដល់ពេលធ្វើមិនទាន់ បែរជាឆាប់ធុញ ឬមិនពុំដូច្នោះទេ បាត់បង់កម្លាំងចិត្ត (lost motivation) ធ្វើការងារជាដើម។
ទម្លាប់ទាំងអស់ខាងលើនេះ ពេលខ្លះមើលទៅសាមញ្ញ ហាក់មិនគួរមានជាបញ្ហាអីទេ។ ប៉ុន្តែបើពិចារណាឲ្យមែនទែនទៅ វាពិតជាហុចផលប៉ះពាល់ខ្លាំងដល់ជីវិតរស់នៅ ការងារ និងជាពិសេសដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើង។ បើយើងនៅតែបន្តអនុវត្តទម្លាប់ទាំងនេះជារឿយៗ នោះវានឹងប៉ះពាល់ដល់ទាំងបច្ចុប្បន្នភាពនិងអនាគតយើងកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយ បើអ្នកកំពុងតែមានទម្លាប់ប៉ុន្មានខាងលើនេះ អ្នកគួររៀនហាត់ពត់កែប្រែវាបន្តិចម្ដងៗពីពេលនេះទៅគង់អាចសម្រេចបាន។
កុំចាំបន្តិចទៀតអី!
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. 9 tips on how to stop postponing and get work done - The Economic Times (indiatimes.com)
២. 5 Steps for Tracking Your Monthly Expenses - NerdWallet
៣. How to ask friends to pay back money they owe you - Save the Student
៤. What You Have to Consider Before Lending Money to Family and Friends | MyBankTracker
៥. Stop Being the Last-Minute Person: Everything you need to know about Procrastination | Productivity & Positivity (medium.com)
៦. Want to Become the Best at What You Do? Read This | Inc.com
៧. 11 proven tips to stop procrastinating once and for all | Spica International