ឃើញគេសាងសង់ផ្ទះថ្មីៗជាច្រើនសន្ធឹកសន្ធាប់ តែគ្មានអ្នកណានៅ។ ហេតុអីទៅ? ហើយធ្លាប់ចាប់អារម្មណ៍ទេ តម្លៃផ្ទះដែលកំពុងឡើងថ្លៃសុខៗក៏ធ្លាក់ថ្លៃដល់ដីទៅវិញ? ឆ្ងល់ទេថា វាបណ្តាលមកពីរឿងអ្វីឱ្យពិតប្រាកដ?
មូលហេតុដែលមានផ្ទះច្រេីនតែគ្មានអ្នកណានៅគឺបង្កមកពីស្ថានការណ៍មួយដែលគេឱ្យឈ្មោះថា Housing Bubble។
Housing Bubble កេីតទ្បេីងនៅកំឡុងពេលមួយដែលតម្លៃផ្ទះជាច្រេីនចុះថោកខ្លាំង។ នៅក្នុងទីផ្សារនីមួយៗទំនិញមួយឡើងថ្លៃបើសិនជាវាមានចំនួនកំណត់ហើយមានតម្រូវការ ខ្ពស់ ប៉ុន្តែនឹងចុះថ្លៃនៅពេលដែលវាចាប់ផ្តើមមានតម្រូវការតិច ហើយចំនួនការផ្គត់ផ្គង់នៅច្រើន។ ដូចគ្នានឹងវិស័យអចលនទ្រព្យដែរ ពេលគ្មានតម្រូវការ តម្លៃវាក៏ធ្លាក់ចុះ។ មុនដំបូងដោយហេតុតែមានតម្រូវការខ្ពស់ នោះតម្លៃផ្ទះឡើងថ្លៃ ធ្វើឱ្យមានអ្នកវិនិយោគ អចលនទ្រព្យជាច្រើនឆក់យកឱកាសនេះដើម្បីវិនិយោគ និងសាងសង់ផ្ទះបន្ថែម ហើយខិតខំប្រឹងប្រែងបំពេញតម្រូវការរបស់ទីផ្សារ។
រីឯមនុស្សជាច្រើន ប្រមូលគ្នាទិញផ្ទះដោយខំខ្ចីបំណុលពីធនាគារ ឬចងការប្រាក់ ដោយសង្ឃឹមថានឹងលក់ទៅវិញបានប្រាក់ចំណេញខ្ពស់។ តែផ្ទះទើបសាងសង់ថ្មីទាំងនោះមិនមានអ្នកនៅ ព្រោះថាមិនយូរប៉ុន្មានក៏លែងមានតម្រូវការ ចំណែកតម្លៃក៏ចុះថោក ដោយសារអ្នកទិញលែងមានសមត្ថភាពទិញបន្តទៅទៀត។ មូលហេតុមកពីពួកគេត្រូវបង់ពន្ធ ការប្រាក់ និងស្តង់ដារឥណទានកាន់តែតឹងតែង។ ណាមួយការទិញផ្ទះស្នាក់នៅមិនដូចទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ គ្រួសារមួយអាចត្រូវការផ្ទះយ៉ាងហោចណាស់តែមួយប៉ុណ្ណោះ។ បែបនេះហេីយ ទេីបបន្សល់ទុកនូវផ្ទះសំណង់ច្រេីនដែលគ្មានម្ចាស់។
ធ្វើផ្ទះហើយតែគ្មានអ្នកទិញធ្វើឱ្យទីផ្សារអចលនទ្រព្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ដូចជាការបាត់បង់ការងារ ការជំពាក់បំណុល ការចំណាយលេីសប្រាក់ចូលនិវត្តន៏ ការខាតបង់ដល់ការវិនិយោគ ការក្ស័យធនរបស់ធនាគារ និងសហគ្រាសជាដើម។ ប៉ុន្មានឆ្នាំនេះនៅប្រទេសកម្ពុជា វិស័យវិនិយោគអចលនទ្រព្យមានសន្ទុះកើនឡើងខ្ពស់ខ្លាំង ជាពិសេសលើខុនដូ និងបុរី ទាំងនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ក្នុងកំឡុងពេលមានកូវីដ១៩នេះ វិស័យនេះមានការថយចុះត្រឹមតែ ១០% ទៅ ១៥% តែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានភាពនេះអាចមានការផ្លាស់ប្តូរទៅថ្ងៃមុខ ហើយអាចបង្កឱ្យមាន Housing Bubble (Phnom Penh Real Estate Market in 2021, n.d)។ អ្នកគួរតែមានការប្រុងប្រយ័ត្នមុននឹងមានបំណងចង់វិនិយោគនៅក្នុង រយ:ពេលនេះ។
Housing Bubble មិនមែនជាស្ថានការណ៍មួយដែលកើតឡើងជាញឹកញាប់នៅក្នុងទីផ្សារ អចលនទ្រព្យនោះទេ ក៏ប៉ុន្តែប្រសិនបើវាកើតឡើង វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេស រយ:ពេលវែង។
ទោះជាយ៉ាងណា អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ចលើការវិនិយោគគ្រប់ប្រភេទ មិនថាមើលទៅវាមានភាគរយចំណេញច្រើនយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ អ្នកគួរតាមដានមើលនិន្នាការក្នុងទីផ្សារអចលនទ្រព្យឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយកម្រិតប្រឈមនឹងហានិភ័យ និងអាចបម្រុងខ្លួនទុក បើសិនជាមានស្ថានភាពមិនប្រក្រតី៕