ការវិភាគកំណត់រកតម្រូវការផលិតផល ធ្វើឡើងដើម្បីដឹង និងប៉ាន់ប្រមាណការលក់ផលិតផលរបស់អ្នកនាពេលអនាគត ហើយនិងដើម្បីយល់ដឹងថាការប្រកួតប្រជែង រដូវកាល និងព្រឹត្តិការណ៍ផ្សេងៗណាខ្លះក្នុងទីផ្សារអាចប៉ះពាល់ដល់ការលក់។ ការវិភាគនេះអាចធ្វើបានគ្រប់ពេល ទាំងដែលទំនិញមិនទាន់បានដាក់លក់ក៏ដោយ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តវិនិច្ឆ័យមួយចំនួន ដែលប្រិយមិត្តអាចសិក្សាស្វែងយល់បន្ថែម។
1 តាមដាននិន្នាការ (trend) សង្គម
សម័យបច្ចុប្បន្ន មនុស្សជាច្រើនប្រើ Google និងបណ្ដាញសង្គមដើម្បីស្វែងរកព័ត៌មានពីផលិតផល ដូច្នេះអ្នកអាចសិក្សាពីការពេញនិយម និងតម្រូវការតាមរយៈ Google Keyword Tool និង Google Trends ។ ដោយ Google Keyword Tool អាចឲ្យអ្នកដឹងថាតើមានមនុស្សប៉ុន្មាននាក់ស្វែងរកពាក្យ ឬទំនិញដែលអុ្នកចង់លក់។ ចំណែក Google Trends នឹងប្រាប់ពីផលិតផលពេញនិយមដែលមនុស្សភាគច្រើនស្វែងរក។ អ្នកគួរឧស្សាហ៍តាមដាន trend ហើយចំណាំមើលពីបញ្ហាទីផ្សារ និងកត្តាជម្រុញផ្សេងៗដែលបានកើតឡើង។
2 ស្រាវជ្រាវ និងស្ទង់មតិ
អ្នកអាចដឹងពីតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជនជាក់ស្ដែង ដោយការដកស្រង់ទិន្នន័យផ្ទាល់ តាមរយ:ការស្ទង់មតិតាមទីតាំងពីសហគមន៍ អ្នកជំុវិញខ្លួន ឬក្រុមដែលអ្នកគិតថាអាចក្លាយជាអតិថិជនរបស់អ្នកនៅថ្ងៃមុខ។ មួយវិញទៀត អ្នកក៏អាចឲ្យគេសាកល្បងប្រើផលិតផលរបស់អ្នក ដើម្បីទទួលបានមតិកែលម្អ ឬយោបល់ផ្សេងៗពីលើនេះ។
3 វិភាគលើការប្រកួតប្រជែង
អ្នកអាចស្រាវជ្រាវរកទិន្នន័យទីផ្សារដែលមាននៅស្រេចលើអ៉ីនធើណិត និងសង្កេតមើលថា តើហាងផ្សេងៗនោះមើលទៅលក់ដាច់ ឬមិនដាច់? មានម៉ូយច្រើន ឬតិច? គេហទំព័រផ្សេងៗរបស់គេលើបណ្ដាញសង្គមមានចំនួនអ្នកតាម (follow) ឬចូលចិត្ត (like) ប៉ុន្មាននាក់? តើអតិថិជនគាត់មានប្រភេទណាខ្លះ និងមានចែករំលែកមតិដែរទេ? គេធ្វើទីផ្សារបែបណា មានគំនិតច្នៃប្រឌិត និងវិធីទាក់ទាញអតិថិជនយ៉ាងណាខ្លះ? បន្ថែមពីនេះ អ្នកក៏អាចសិក្សារៀនសូត្រពីគេ ដើម្បីអភិវឌ្ឍផលិតផលនិងយុទ្ធសាស្ត្រធ្វើអាជីវកម្មខ្លួនឯងផងដែរ។
4 សាកល្បងផ្សព្វផ្សាយ និងចាប់ផ្ដើមដោយទទួល Pre-Order
មុនពេលដាក់ផលិតផលលក់ជាផ្លូវការ អ្នកគួរសាកល្បងផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គម ដូចជាបង្កើតគេហទំព័រ ឬវេបសាយជាដើម។ ជាដំបូងនោះគឺយើងអាចដឹងថាការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះពិតជាទាក់ទាញអតិថិជនមកទិញផលិតផលឬទេ។ ចំណែកឯការទទួល Pre-order អាចឲ្យអ្នកតេស្តមើលតម្រូវការផលិតផលក្នុងទីផ្សារ ព្យាករណ៍លទ្ធភាពជោគជ័យនៃផលិតផល ចរាចរការលក់ មុនពេលដែលអ្នកចំណាយប្រាក់លើសារពើភ័ណ្ឌ និងការផលិតផ្សេងៗ។
5 វិធីសាស្ត្រវិភាគអាជីវកម្ម SWOT
វិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់សហគ្រិនថ្មីថ្មោង និងអ្នករៀបចំគម្រោងបង្កើតអាជីវកម្ម ដើម្បីបង្កើតបានជាការវាយតម្លៃឱ្យអាជីវកម្មក៏ដូចជាផលិតផល ដើម្បីអាចត្រៀមយុទ្ធសាស្ត្រគ្រប់គ្រង និងប្រៀបធៀបសក្តានុពលអាជីវកម្ម ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារកាន់តែប្រសើរជាងមុន។ លើសពីនេះ វាក៏អាចដើរតួសំខាន់ក្នុងការសម្រេចចិត្តបង្កើតយុទ្ធសាស្រ្តអាជីវកម្មថ្មីផងដែរ។ អ្នកទាំងអស់គ្នាក៏អាចស្វែងយល់លម្អិតពី SWOT analysis តាមរយៈ https://web.facebook.com/kakcentkh/posts/408873847417612/
អាជីវករគួរតែវិភាគតម្រូវការផលិតផល ព្រោះវាជួយឲ្យដឹងពីតម្រូវការអតិថិជន ដើម្បីបង្កើតផែនការទីផ្សារដ៏មានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងជួយដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលអាចជះឥទ្ធិពលមិនល្អដល់លំហូរសាច់ប្រាក់ ការចំណាយប្រតិបត្តិការ។ល៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន