ជីវិតពេលមានគ្រួសារមិនដូចការរស់ខ្លួនមួយទេ។ ពេលសម្រេចចាប់ដៃគ្នាសាងគ្រួសារហើយ មិនថាក្ដីសុខ ឬក្ដីទុក្ខត្រូវឆ្លងទៅជាមួយគ្នា ព្រោះនេះជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ហិរញ្ញវត្ថុជាផ្នែកចម្បងក្នុងការសាងគ្រួសារឲ្យដើរទៅមុខ កាត់បន្ថយទំនាស់ទាស់ទែង។
បើនិយាយពីរឿងលុយកាក់ ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?
១. មានស្ថិរភាពចំណូល
មុននឹងក្លាយជាមេគ្រួសារ អ្នកគួរតែមានការងារសុចរិត ឬមុខរបរមួយច្បាស់លាស់ដែលបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិត បំពេញក្ដីស្រេកឃ្លានរបស់ក្រពះ សម្រេចនូវគោលដៅជីវិតដែលយើងប្រាថ្នាជាមួយដៃគូ។ល។ អ្នកអាចមានប្រភពចំណូលមួយដែលនឹងធឹង ឬមានប្រាក់ចំណូលច្រើនប្រភពដើម្បីធានាពីសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារអ្នកបានមួយកម្រិតថែមទៀត និងមិនមានក្តីបារម្ភពីបញ្ហានានា តួយ៉ាងបញ្ហាសេដ្ឋកិច្ច។
២. ចេះសន្សំប្រាក់ និងសន្សំសំចៃ
អ្នកជាមនុស្សម្នាក់មានវិន័យក្នុងការចាយវាយ ចេះសន្សំសចៃ និងមានទម្លាប់សន្សំ តិចក្ដី ច្រើនក្ដី ។ ដែលគម្រោងសន្សំនោះអាចតម្រង់ទៅគោលដៅរៀបអាពាហ៍ពិពាហ៍ ទិញផ្ទះ
គិតគូរអនាគតការសិក្សាកូន ឬអាចជាប្រាក់បម្រុងគ្រាអាសន្នដែលអាចរ៉ាប់រងចំណាយដែលមិនបានព្យាករទុកពី៣ខែ ទៅ៦ខែ។ល។
៣. សមត្ថភាពគ្រប់គ្រងបំណុល
មានបំណុលជាប់ខ្លួនមិនមែនបានន័យថា អ្នកមិនអាចក្លាយជាមេគ្រួសារនោះទេ ព្រោះមិនមែនគ្រប់បំណុលសុទ្ធតែជាបំណុលអាក្រក់។ រឿងសំខាន់គឺអ្នកចេះគ្រប់គ្រងបំណុល បែងចែកប្រភេទបំណុល ជាពិសេសឲ្យស្ថិតក្នុងសមាមាត្រទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ បើមិនដូច្នោះឱកាសក្នុងការប្រឈមមុខនឹងបំណុលវ័ណ្ឌកកាន់តែខ្ពស់។
បើយោងទៅតាមការសិក្សាទៅលើប្ដីប្រពន្ធជាង៤ពាន់គូ បានបង្ហាញឲ្យឃើញថាបំណុលពិតជាបំផ្លាញជីវិតអាពាហ៍ពិពាហ៍។ ជីវិតគូដែលជាប់បំណុលច្រើន ហើយចំណាយពេលយូរក្នុងការសង រមែងមានជម្លោះ និងភាពរកាំរកូសរហូតឈានដល់ការបែកបាក់គ្នា។ បើសិនជាអាច អ្នកគួរព្យាយាមមិនសាងបំណុល ឬអាចមានបំណុលតិចជាង ៣៦% នៃប្រាក់ចំណូលសរុបរបស់ខ្លួន។ សម្រាប់ការរៀបចំខ្លួន និងរិះរកវិធីដោះស្រាយបំណុល https://www.facebook.com/kakcentkh/posts/314640900174241
៤. ការប្ដេជ្ញានឹងភាពស្មោះត្រង់ផ្នែកហិរញ្ញវត្ថុក្នុងជីវិតគូ
ក្នុងគ្រួសារមួយ ភាពស្មោះត្រង់ដើរតួសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អ និងជួយឲ្យគ្រួសារមានសុភមង្គល។ បើអ្នកលាក់លៀម ឬមិនបង្ហាញដោយស្មោះត្រង់អំពីលុយកាក់ ទ្រព្យសម្បត្តិ និងបំណុលដែលពួកគេមានទៅកាន់ដៃគូរបស់អ្នក អាចនាំឲ្យជីវិតគ្រួសារមានភាពល្អក់កករ។ មួយវិញទៀត ភាពរំលោភបំពានហិរញ្ញវត្ថុក៏ជាចំណុចដែលអ្នកមិនគួរមើលរំលង ទោះបីជាប្តីប្រពន្ធ ឬគ្រួសារតែមួយក៏ដោយ មនុស្សម្នាក់ៗមានសិទ្ធិផ្ទាល់ខ្លួន សិទ្ធិចូលរួមគ្រប់គ្រង និងសម្រេចចិត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុក្នុងគ្រួសារ។ អ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមពីបញ្ហាទាំងពីរនេះតាមរយៈ https://www.facebook.com/kakcentkh/posts/329117772059887
មុនជាប់ឈ្មោះជាមេគ្រួសារ ប្រៀបបីដូចជាការប្រឡង ដែលទាមទារការយកចិត្តទុកដាក់ តស៊ូ និងសេចក្ដីប្រឹងប្រែង។ ឈានជើងចូលជីវិតប្ដីប្រពន្ធ ភក្ដីភាព ការអត់ធ្មត់ និងការត្រៀមខួនផ្នែកហិរញ្ញវត្ថុ គឺជាគ្រឿងអលង្ការដែលលម្អជីវិតអាពាហ៍ពិពាហ៍ឱ្យភ្លឺ មានសេចក្ដីសុខយូរអង្វែង៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន