បច្ចេកវិទ្យាកាន់តែទំនើប ការទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល។ ឥឡូវនេះមានវិធីទូទាត់ប្រាក់ច្រើនណាស់ដែលមាន សុវត្ថិភាព និងភាពងាយស្រួលជាងមុនទៅទៀត។ តើអ្នកកំពុងទូទាត់ប្រាក់តាមវិធីណា មួយខាងក្រោមនេះដែរឬទេ? ហើយស្គាល់វិធីទូទាត់ប្រាក់ដែលខ្លួនកំពុងប្រើប្រាស់ ច្បាស់ហើយឬនៅ?
តើអ្នកទូទាត់ប្រាក់តាមវិធីណា?
កាតទូទាត់
ជាកាតធ្វើពីប្លាស្ទិច មានមីក្រូឈីបដែលផ្ទុកទិន្នន័យសម្រាប់ឱ្យម៉ាសុីនអេឡិចត្រូនិច ប្រតិបត្តិការទូទាត់។ គេប្រើកាតនេះភាគច្រើនក្នុងទម្រង់ជា កាតឥណ្ណពន្ធ ឬកាតឥណទាន ដែលភ្ជាប់ជាមួយ Visa ឬ Mastercard បានមកពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ហេីយគេអាចយកទៅអូស ឬឆូត និង tap (ប៉ះ) នឹងម៉ាស៊ីនទូទាត់ប្រាក់។ ការទូទាត់បែបនេះច្រើនមាននៅតាមផ្សារទំនើប ហាងផ្សេងៗ ការទិញទំនិញតាមប្រព័ន្ធអនឡាញ ឬតាមកន្លែងមួយចំនួនទៀត។
Click here to read more about: តើអ្នកទូទាត់ប្រាក់តាមវិធីណា
Contactless
ជាការទូទាត់ប្រាក់ដែលអតិថិជនគ្រាន់តែយកទូរស័ព្ទ ឬកាតទូទាត់ដែលមានមុខងារ contactless របស់ខ្លួនទៅស្កេននៅលើម៉ាសុីនគិតលុយ។ មុខងារ contactless ច្រើនមាននៅលើកាតទូទាត់ជាទូទៅដូចជា កាតឥណ្ណពន្ធ ឬកាតឥណទាន និង ការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដូចជា Apple Pay ឬ Google Pay។ ចំពេាះការទូទាត់ contactless តាមទូរស័ព្ទដៃ អ្នកគ្រាន់តែបេីកកម្មវិធីរួចយកទូរស័ព្ទរបស់ខ្លួន ទៅស្កេនលើម៉ាសុីនគិតលុយ ហើយប្រតិបត្តិការចំណាយនឹងត្រូវបានទូទាត់។ ករណីនេះមានន័យថាអ្នកមិនចាំបាច់យកកាតធនាគារតាមខ្លួននោះទេ។តែគួរឱ្យកត់សម្គាល់ដែរថា នៅប្រទេសយើងបច្ចុប្បន្ន វិធីទូទាត់ contactless តាមទូរស័ព្ទដៃនេះនៅមិនទាន់ឃើញមានគេប្រើប្រាស់ច្រើននៅឡើយទេ។
ស្កេន QR Code
ពាក្យ ‘QR’ មានន័យថា ‘Quick Response’ ឬ ‘ការឆ្លើយតបដ៏រហ័ស’។ QR Code ជាប្រភេទកូតម៉្យាងដែលផ្ទុកព័ត៌មានជាភីកសែល(Pixels)ដែលឧបករណ៍ឌីជីថលអាចស្កេនបានតាមរយៈកាមេរ៉ា ឬកម្មវិធីអាន QRកូត ដូចជាទូរស័ព្ទដៃ។ តាំងពីមានវត្តមានកូវីដ១៩ វាត្រូវបានគេប្រើប្រាស់ច្រើនព្រោះវាអាចទូទាត់ប្រាក់ បានយ៉ាងរហ័សដោយគ្រាន់តែថត QR កូតរួចបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ញើ ហើយចុចផ្ញើទៅកាន់គណនីដែលអ្នកចង់ផ្ទេរទៅ ហើយវាជាការរួចរាល់។
ទូទាត់តាមទូរស័ព្ទ
ការទូទាត់តាមទូរស័ព្ទ ឬ Mobile Transfer មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃ ដោយសារអ្នកអាចទូទាត់បានដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក ប៉ុណ្ណោះ។ កម្មវិធីទូរស័ព្ទរបស់ធនាគារត្រូវបានតភ្ជាប់ជាមួយគណនីធនាគាររបស់អ្នក រួចហេីយអ្នកអាចទិញទំនិញ ផ្ទេរប្រាក់ ឆែកប្រាក់ ទទួលប្រាក់ និងបង់ថ្លៃសេវាកម្មផ្សេងៗ បានឱ្យតែមានសេវាអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ វាមានសុវត្ថិភាពហើយអ្នកអាច ប្រើប្រាស់បានគ្រប់ពេលវេលានិងទីកន្លែង។
សែក មូលប្បទានបត្រ
ជាទូទៅគេប្រើមូលប្បទានបត្រសម្រាប់ការទូទាត់ធំៗនៅក្នុងអាជីវកម្មឬដោយក្រុមហ៊ុនធំៗ។ សែកជាក្រដាសមានលាយលក្ខណ៍អក្សរដែលអ្នកចេញសែក(បហារ័ក ឬ drawer’s name) ត្រូវចុះហត្ថលេខា កំណត់ចំនួនទឹកប្រាក់ និងព័ត៌មានចាំបាច់មួយចំនួនទៀតឱ្យបានគ្រប់សព្វតាមលក្ខខន្តិកៈរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមួយនោះសិន ទើបអ្នកទទួលសែកអាចដកប្រាក់បាន។
ទូទាត់ដោយសាច់ប្រាក់
ទេាះបីការបង់ប្រាក់តាមឌីជីថលមានច្រើនបែបក៏ដោយ បុ៉ន្តែក៏មានកន្លែង ជាច្រេីននៅតែទទួលការទូទាត់ដោយសាច់ប្រាក់ដដែល ភាគច្រើនគឺនៅតាមហាងតូចៗមួយចំនួន ផ្សារតូចធំ នៅតាមទីជនបទ នៅតែបន្តទទួលនិងប្រើប្រាស់លុយសុទ្ធដល់សព្វថ្ងៃ។ អ្នកណាគេខ្លះនៅចាយលុយសុទ្ធជាប្រចាំ? លើកដៃមួយ!
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។