អ្នកណាខ្លះមានសត្វចិញ្ចឹម? បេីមានតើត្រូវចំណាយប៉ុន្មានលើពួកវាជាប្រចាំ?
អេដមីនជឿថាមានប្រិយមិត្តមួយចំនួនសុទ្ធតែជាអ្នកស្រឡាញ់សត្វ ហើយអ្នកកំពុងតែមាន ឬធ្លាប់មានសត្វចិញ្ចឹម ប្រហែលស្គាល់រសជាតិខ្លះហេីយ ថាត្រូវចំណាយអស់ប៉ុន្មានមិនថាឆ្កែ ឬឆ្មា។ ថ្ងៃនេះ យើងក្រលេកមកមេីលការចំណាយជាមធ្យមលេីសត្វមួយក្បាល តើអស់ប្រហែលប៉ុន្មានទៅ?
ខាងក្រោមនេះជាថ្លៃចំណាយប៉ាន់ស្មានលេីសត្វចិញ្ចឹមក្នុងមួយខែដែលអាចចន្លេាះពី៖
- ចំណី: $8 - $60
- ការពិនិត្យសុខភាព (មួយឆ្នាំម្តង): $1 - $30+
- ការចាក់វ៉ាក់សាំងជំងឺទូទៅ (ត្រូវចាក់បីឆ្នាំម្តង): $1 - $20+
- ការព្យាបាលជំងឺផ្សេងៗ(អាស្រ័យតាមប្រភេទជំងឺ): $1 - $33+
- វត្ថុប្រើប្រាស់ (ចាន គ្រែ ប្រដាប់លេង -ល-): $1- $17+
- សេវាកម្មផ្សេងៗ (ឧ.ការមើលថែ ឬប័ណ្ឌសុខភាព): $3 - $7
- ការវះកាត់គ្រៀវ (វះតែម្តង): $80 - $300
បើគិតជារួម រាល់ការចំណាយលើសត្វមួយក្បាល ជាពិសេសសម្រាប់សត្វឆ្កែ ឬឆ្មា អ្នកត្រូវចំណាយយ៉ាងតិចណាស់ $25 ក្នុងមួយខែ ដោយមិនគិតពីតម្លៃទិញសត្វនៅឡើយ។ តែមិនថ្វីទេ ជាទូទៅ ថ្លៃចំណាយទាំងនេះអាចច្រើនក្នុងខែដំបូង ប៉ុន្តែវានឹងចាប់ផ្តើមធូរស្រាលនៅខែបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយអាចលើសច្រើនជាងនេះទៅទៀត ប្រសិនបើសត្វរបស់អ្នកមានជំងឺ ហើយជំងឺនោះធ្ងន់ធ្ងរឬយ៉ាងណា។ ចំពោះសត្វឆ្មា ភាគច្រើនគេចំណាយទាបជាងសត្វឆ្កែ ។
ទោះបីអ្នកមានសត្វចិញ្ចឹមត្រូវចំណាយច្រេីនក្ដី ប៉ុន្តែការមានសត្វចិញ្ចឹមអាចឱ្យពួកគេទទួលបានបទពិសោធន៍ និងមិត្តភាពស៊ីជម្រៅរវាងម្ចាស់ និងសត្វចិញ្ចឹមរបស់ខ្លួនដែលវាមានតម្លៃលើសពីការចំណាយជាទឹកប្រាក់នេះ រាប់រយដងទៅទៀត។ ការមានសត្វចិញ្ចឹមហាក់បីដូចមានមិត្តល្អដែលស្មោះស្ម័គ្រជាមួយអ្នកអស់មួយជីវិតរបស់ វា។ វាជាមិត្តល្អ ស្មោះស្មាក់ជាមួយអ្នកក្នុងមួយជីវិតរបស់វា។
យ៉ាងណាមិញ អ្នកគួរតែពិចារណាឱ្យបានច្បាស់លាស់ផងដែរមុននឹងសម្រេចចិត្តចិញ្ចឹមសត្វណា
មួយ ដូចជាសិក្សាពីតម្រូវការតាមប្រភេទសត្វ និងការថែទាំចាំបាច់ដើម្បីសុខភាពសត្វនោះ។ ក្រៅពីនេះ អ្នកមានសត្វចិញ្ចឹមក៏គួរមានទំនួលខុសត្រូវមិនគួរណាស្តាយក្រោយឬបោះបង់ចោលវានៅពេលក្រោយនោះទេ។ ប៉ុន្តែប្រយ័ត្នដល់បានចិញ្ចឹមមួយហើយ ស្រាប់តែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ហេីយចង់ចិញ្ចឹមមួយទៀតដូចអេដមីនដែរណា៎
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។