វិបត្តិសេដ្ឋកិច្ចគឺ សំដៅលើការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលច្រេីនខែ ឬឈានដល់ច្រេីនឆ្នាំរួមមានព្រឹត្តិការណ៍ដូចជា អត្រានៃការបាត់បង់ការងារកេីនឡេីង GDP ដាំក្បាលចុះ តម្លៃភាគហ៊ុន និងតម្លៃអចនលទ្រព្យធ្លាក់ចុះជាដើម។
ពេលដែលអាជីវកម្ម ក្រុមហ៊ុន អង្គការ រោងចក្រ សហគ្រាសរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចនេះ អ្នករងគ្រោះបន្ទាប់ គឺបុគ្គលិកនោះឯង។ ពួកគាត់ភាគច្រើនមានប្រភពចំណូលតែមួយ ហើយអាចកំពុងបង់រម្លស់ជាមួយធនាគារទៀត។ បើអ៊ីចឹង តើអ្នកធ្វើការគួរត្រៀមខ្លួនបែបណា ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច?
១.ផ្លាស់ប្ដូរទម្លាប់ចាយវាយ
ពេលមានវិបត្តិសេដ្ឋកិច្ច អំណាចទិញ (purchasing power) ធ្លាក់ចុះ ទំនិញឡើងថ្លៃ ដែលតម្រូវឱ្យយើងត្រូវចេះសន្សំសំចៃជាងមុន។ អ្នកគួរកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនដូចជា ការហូបអាហារនៅខាងក្រៅ ហូបកាហ្វេប្រេន។ លើសពីនេះ គួរផ្អាកសម្ភារៈនិយម កុំឧស្សាហ៍ទម្លាក់លេខ ទម្លាក់ទីតាំង ខ្ចប់បាយ និងកាហ្វេពីផ្ទះ សុទ្ធតែជាគន្លឹះដែលអ្នកធ្វើការអាចអនុវត្តបាន។
២.កុំបង្កើតបំណុលថ្មី និងត្រូវបង្កើត Emergency Fund
បន្ថែមលើបំណុលដែលមានស្រាប់ ការបង្កើតបំណុលថ្មី នឹងធ្វើឱ្យបន្ទុករបស់អ្នកកាន់តែធ្ងន់។ ទន្ទឹមនឹងនេះ អ្នកធ្វើការគួរមានកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដែលគេហៅថា Emergency fund ដែលអាចផ្គត់ផ្គង់ចំណាយចាំបាច់គ្រប់គ្រាន់សម្រាប់ ៣ ទៅ៦ខែ ករណីអ្នកបាត់បង់ការងារ ឬចំណូលជាដើម។
៣. បង្កើនប្រភពចំណូលអកម្ម
បើការងាររបស់អ្នកជាប្រភេទដែលងាយប្រឈមនឹងផលប៉ះពាល់ ឬមានឱកាសបាត់បង់ការងារច្រើន អ្នកគួរត្រៀមខ្លួនជាស្រេច ដោយការមានការងារក្រៅម៉ោង ឬបង្កើតចំណូលអកម្ម ២ឬ៣ប្រភពបន្ថែម។ ការងារក្រៅម៉ោងដែលអ្នក អាចធ្វើបានមានដូចជាការងារបកប្រែឯកសារ បិទបញ្ជីគណនេយ្យ រៀបចំឯកសារពន្ធដារ សរសេរអត្ថបទសារព័ត៌មាន។ល។
៤.ជៀសវាងការវិនិយោគដែលមានហានិភ័យខ្ពស់
ចំពោះការវិនិយោគវិញ អ្នកកាន់តែត្រូវប្រុងប្រយ័ត្នក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច។ រាល់ការវិនិយោគដែល សន្យាថាបានចំណេញច្រើនក្នុងពេលខ្លីនោះ សុទ្ធតែមិនគួរឱ្យទុកចិត្តនោះទេ។ ជាជាងចង់បាន ចំណេញឆាប់ អ្នកគួរមានផ្នត់គំនិតវិនិយោគវែងឆ្ងាយ ព្រោះជាក់ស្ដែង លុះត្រាតែវិបត្តិសេដ្ឋកិច្ចកន្លងផុត ច្រើនខែ ទើបអ្នកសង្ឃឹមថាអាចទទួលបានផលពីការវិនិយោគរបស់អ្នក។
៥. គិតគូរឱកាសការងារក្នុងពេលបច្ចុប្បន្ន និងអនាគត
អ្នកគួរមានផែនការបម្រុងទុក អាចចាប់ផ្ដើមពីការបង្កើតទំនាក់ទំនង និងបណ្ដាញជាមួយអ្នកធ្វើការរួមគ្នា និងកន្លែងផ្សេងៗ។ ការសំខាន់ត្រូវពង្រឹងសមត្ថភាពការងារ និងជំនាញរបស់អ្នក ព្រោះជាវីធីដ៏ល្អបំផុតមួយក្នុងនាមជាបុគ្គលិក។ ក្នុងអំឡុងពេលនេះ ក៏គួរ update ប្រវត្តិរូបសង្ខេប (CV) ហើយដាក់ពាក្យទៅតាមកន្លែងការងារមួយចំនួនជាមុន។
ជាចុងក្រោយ អ្នកធ្ចើការក៏មិនត្រូវភ្លេចថែទាំសុខភាពដែលជាទ្រព្យសម្បត្តិពុំអាចខ្វះបាន។ បើអ្នកធ្លាក់ខ្លួនមានជំងឺ អាចបាត់បង់កម្លាំងរកប្រាក់ចំណូល និងត្រូវចំណាយប្រាក់ច្រើនដើម្បីព្យាបាលជំងឺទៀត ដូច្នេះត្រូវថែទាំសុខភាពឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វិបត្តិសេដ្ឋកិច្ចមិនទាន់កើតឡើងធ្ងន់ធ្ងរទេ អ្នកធ្វើការគួរតែត្រៀមខ្លួនទុកជាមុនឱ្យបានល្អ ទើបសង្ឃឹមថាពេលវាកើតឡើង អ្នកអាចឆ្លងកាត់វិបត្តិនោះបាន៕ ☺️
© 2023 - 2024 KAKCENT | រក្សាសិទ្ធិដោយកាក់សេន