ត្បិតបើការជំពាក់បំណុលមិនមែនជារឿងអាក្រក់ តែវាក៏បានបង្កើតជាបញ្ហាជាច្រើនដល់យើងផងដែរ។ ការរៀបចំខ្លួន និងការរិះរកវិធីដោះស្រាយបំណុលជារឿងមួយដែលចាំបាច់បំផុតសម្រាប់អ្នកដែលកំពុងជាប់បំណុលគេច្រើន បើយើងមិនចេះរៀបចំសកម្មភាព និងផែនការនៅពេលមានបំណុលនោះទេ បំណុលទាំងនោះនឹងខ្លាចទៅជាធ្លាក់ដែលធ្វើឲ្យយើងជួបវិបត្តិហិរញ្ញវត្ថុជាពុំខាន។ ខាងក្រោមជាសកម្មភាពមួយចំនួនដែលយើងគួរតែធ្វើ ប្រសិនបើយើងកំពុងជំពាក់បំណុលគេច្រើន។
1. រៀបចំ គ្រប់គ្រង និងតាមដានបំណុល
វាជារឿងចាំបាច់ខ្លាំងណាស់នៅក្នុងការគ្រប់គ្រងបំណុលដែលយើងមានឲ្យបានល្អ ជាពិសេសពេលយើងមានបំណុលច្រើន។ យើងអាចគ្រប់គ្រងបំណុលរបស់យើងបានតាមជំហានខាងក្រោម៖
– ទី១ សរុបរាល់បំណុលទាំងអស់ដែលយើងមាន៖
បូកសរុបបំណុលរបស់យើងទាំងអស់ ព្រោះវាអាចជួយយើងឲ្យដឹងពីទំហំសាច់ប្រាក់ដែរយើងត្រូវរៀបចំទុកសម្រាប់សងបំណុល និងអាចឲ្យយើងត្រៀមខ្លួនបានជាមុន ករណីចំណូលរបស់យើងមិនគ្រប់គ្រាន់សម្រាប់ការសងត្រឡប់នោះ។
– ទី២ រៀបចំកាលវិភាគបំណុល៖
យើងត្រូវរៀបចំថ្ងៃសងបំណុលរបស់យើងជាកាលវិភាគមួយឲ្យត្រឹមត្រូវ ដើម្បីឲ្យដឹងថាយើងត្រូវសងបំណុលមួយណាមុន មួយណាក្រោយ ហើយវាក៏ជួយយើងឲ្យរៀបចំប្រាក់សម្រាប់សងបានគ្រប់ចំនួន និងទាន់ពេលវេលាផងដែរ។ បើសិនជាបំណុលរបស់យើងមិនមានការកំណត់ពេលវេលាសងពីម្ចាស់បំណុលទេ យើងក៏អាចប្រើវិធីសាស្ត្រ Snowball Methodl ដែលកាក់សេនធ្លាប់បានបង្ហាញពីមុនយកមកប្រើក៏បាន។
– ទី៣ តាមដានបំណុល៖
យើងត្រូវតាមដានបំណុលរបស់យើងជាប្រចាំ ដើម្បីឲ្យដឹងថាបំណុលមួយណាសងអស់ មួយណាមិនទាន់សង មួយណានៅតិច មួយណានៅច្រើនជាដើម។
– ទី៤ សងបំណុលឲ្យទាន់ពេលវេលា៖
ការសងបំណុលឲ្យបានមុន ឬទាន់ពេលវេលាជារឿងដែលចាំបាច់ណាស់ ជាពិសេសគឺបំណុលពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ព្រោះវាអាចជួយយើងឲ្យទទួលបានពិន្ទុឥទានល្អពីប្រព័ន្ធកត់ត្រា ដែលងាយស្រួលដល់យើងពេលត្រូវការខ្ចីប្រាក់នាពេលខាងមុខ។ ដើម្បីយល់ច្បាស់ថាអ្វីជា ពិន្ទុឥណទាន និងអត្តប្រយោជន៍របស់វា កាក់សេនក៏ធ្លាប់បានបង្ហាញរួចផងដែរ អ្នកអានអាចស្វែងរកបាននៅលើគេហទំព័ររបស់កាក់សេនផ្ទាល់។
2. ចាយកាន់តែត្បិតត្បៀតជាងមុន
របស់មួយចំនួនដែលមិនសូវជាចាំបាច់ គួរកុំទិញឲ្យសោះ។ របស់ណាដែលគិតថាអាចធ្វើបានដោយខ្លួនឯងក៏មិនគួរនឹងទិញដែរ សុខចិត្តចំណាយពេលធ្វើខ្លួនឯងដើម្បីសល់ប្រាក់ខ្លះល្អជាង។ ពេលនេះ មិនមែនត្រឹមតែត្រូវកាត់បន្ថយចំណាយទេ គឺត្រូវចេះត្បិតត្បៀតជាងមុនឱ្យបានច្រើន។ តែបើត្រូវចំណាយហើយត្រូវតែត្បិតត្បៀតបន្តិចកុំចំណាយច្រើនពេក។
3. ព្យាយាមរកចំណូលបន្ថែម
១. ស្វែងរកការងារក្រៅម៉ោងបន្ថែម ឬ ការងារ freelance
២. បើកលក់ដូរបន្តិចបន្តួចនៅផ្ទះ ឬតាមអនឡាញ
៣. លក់របស់របរចាស់ៗដែលលែងប្រើ ឬលែងត្រូវការ ចេញដើម្បីបានកម្រៃខ្លះ។
មិនគួរទុកពេលទំនេរនោះឡើយពេលយើងកំពុងមានបំណុលច្រើន គួរស្វែងរកការងារក្រៅម៉ោងបន្ថែមតាមរយៈសមត្ថភាពដែលយើងមានដើម្បីទទួលបានបំណូល ហើយបើសិនជាមានផ្ទះជាប់ផ្លូវ ឬទីប្រជុំជន គួរតែចំណាយដើមទុនខ្លះលក់ដូររបស់មួយចំនួននៅមុខផ្ទះក៏អាចជាប្រភពចំណូលមួយទៀតផងដែរ។ ក្រៅពីនេះយើងក៏អាចរកចំណូលបន្ថែមទៀតបានផងដែរ តាមរយៈការលក់ចេញនូវរបស់របរក្នុងផ្ទះមួយចំនួនដែលយើង ឈប់ប្រើ ឬមិនត្រូវការ វាក៏អាចផ្ដល់ជាប្រាក់មួយចំនួនដល់យើង ជាជាងទុកឲ្យខូចចោលផងដែរ។
4. គិតគូរឲ្យច្បាស់មុនខ្ចីបំណុលថែម
គួរចៀសវាងខ្ចីបំណុលបន្ថែមទៀត ប្រសិនបើគិតថា នឹងមិនមានលទ្ធភាពគ្រប់គ្រាន់អាចសងបំណុលទាំងចាស់ទាំងថ្មី ដើម្បីចៀសវាងជាប់បំណុលវ័ណ្ឌក។
លុះត្រាតែអ្នកពិតជាត្រូវការចាំបាច់ ខានមិនបានពិតមែន ហើយកម្ចីនោះមានលក្ខខណ្ឌល្អ រួមមានអត្រាការប្រាក់ទាប និងអាចខ្ចីបានក្នុងរយៈពេលយូរ។
វាពិតជាចាំបាច់ខ្លាំងណាស់ ក្នុងការរៀបចំសកម្មភាព និងផែនការឲ្យបានច្បាស់លាស់សម្រាប់អនុវត្តន៍ពេលយើងកំពុងស្ថិតនៅក្នុងបំណុលដ៏ច្រើន។ បើអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបនោះ សកម្មភាពដែលបានរៀបរាប់ខាងលើអាចនឹងជាគន្លឹះខ្លះៗដល់អ្នកសម្រាប់យកទៅប្រើប្រាស់ដើម្បីស្វែងរកផ្លូវចេញពីបំណុលរបស់អ្នក៕
Ref: What to Do if You’re Drowning in Debt