ការដោះបំណុលអាចមានច្រើនប្រភេទអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ និងលក្ខខណ្ឌនៃការសងបំណុលនោះ។ ប៉ុន្តែបើមានបំណុលច្រើន តើមានវិធីអ្វីងាយស្រួលគ្រប់គ្រងបំណុលទាំងនោះ?
👉 ចុះបើយើងមានកាលវិភាគដោះបំណុលច្បាស់លាស់ តើវានឹងជួយយើងបានអ្វីខ្លះ? ក្រៅតែពីដឹងនូវចំនួនទឹកប្រាក់ដែលអ្នកគួរមានសម្រាប់ដោះបំណុលរួចហើយ កាលវិភាគដោះបំណុលនឹងជួយយើងឱ្យដឹងពីពេលវេលាជាក់លាក់ណាមួយដែលអ្នករំពឹងថាដោះស្រាយបំណុលទាំងនោះឱ្យរួចដាច់ស្រេច។
ម៉ោះ! ថ្ងៃនេះ អេដមីន នឹងបង្ហាញពីកាលវិភាគដោះបំណុលពីរយ៉ាង មួយគឺដោះបំណុលតូចជាងគេមុន និងមួយទៀត ដោះបំណុលណាដែលមានអត្រាការប្រាក់ខ្ពស់ជាងគេមុន។
វិធី Avalanche Method
ឧបមាថា បុគ្គល “ក” មានប្រាប់បំណុលបីផ្សេងៗគ្នា ហើយបំណុលនីមួយៗសុទ្ធតែមានអត្រាការប្រាក់។ ជាធម្យម គាត់នៅសល់ប្រាក់សម្រាប់សងបំណុលប្រហែលជាង $500 ក្នុងមួយខែ។
👉 ព័ត៌មានបំណុលនីមួយៗមានដូចតទៅ៖
បំណុលទី 1: $1,000 អត្រាការប្រាក់ 10%
បំណុលទី 2: $500 អត្រាការប្រាក់ 5%
បំណុលទី 3: $700 អត្រាការប្រាក់ 3%
សន្មត់ថា បុគ្គល “ក” ដោះស្រាយបំណុលទាំង៣នេះដោយព្យាយាមសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់មុន។ វិធីនេះហៅថា Avalanche Method។ នោះបានន័យថា គាត់ត្រូវព្យាយាមដោះស្រាយបំណុលទី1 ចំនួន $1,000 នេះឱ្យបានច្រើនជាងគេ។
អ៊ីចឹង! បើតាមលំហូរសាច់ប្រាក់របស់បុគ្គល “ក” គាត់អាចយកចំណែកនៃ $300 មកដោះស្រាយបំណុលទី1 មុន រីឯ $200 សម្រាប់បំណុលទី២ និងទី៣។ បើគាត់អាចការទូទាត់សងប្រាក់នេះថេរជាប្រចាំប្រចាំ ក្នុងរយៈ ៤ ខែដំបូង បុគ្គល “ក” អាចដោះស្រាយបំណុលទី១បានរួចរាល់។ រីឯបំណុលទី២ និងទី៣ គាត់ត្រូវការរយៈពេលតែមួយខែទៀតប៉ុណ្ណោះដើម្បីសងបំណុល។
វិធី Snowball Method
ដោយឡែក ប្រសិនបើគាត់ចង់ដោះបំណុលដែលមានចំនួនតិចជាងគេមុននោះ គាត់ត្រូវរៀបចំកាលវិភាគដោយព្យាយាមដោះបំណុលទី ២ ឱ្យដាច់ស្រេចមុនគេ។ បើតាមឧទាហរណ៍ដដែល គាត់អាចដកចំណែក $300 មកសងបំណុលទី២មុនគេ។ ចឹងត្រឹមតែរយៈពេលពីរខែ គាត់អាចដោះស្រាយបំណុលទី២ រួចរាល់។ បន្ទាប់មក ពីសងបំណុលទី២ រួចរាល់ គាត់អាចនៅសល់លុយកាក់ ដែលលុយនោះ គួរផ្ដោតលើបំណុលទី៣ បន្តទៀត។
ការដោះស្រាយបំណុលតាមវិធីនេះ ហៅថា Snowball Method ហើយវាអាចជួយឱ្យគាត់មានកម្លាំងចិត្តសងបំណុលគេ ដ្បិតថា បំណុលតិចងាយនឹងដោះលឿនជាងបំណុលច្រើនក្នុងរយៈពេលណាមួយ នោះគាត់នឹងឆាប់ឃើញចំនួនបំណុលថយចុះជាងមុន។
បើតាមកាលវិភាគខាងលើ យើងឃើញថា ការដោះស្រាយបំណុលដោយផ្ដោតលើអត្រាការប្រាក់មុន អាចជួយកាត់បន្ថយការខាតបង់នៃកំហាតការប្រាក់ រីឯការដោះស្រាយបំណុលដែលតិចជាងគេមុន ជួយឱ្យយើងមើលឃើញពីបំណុលនៅសល់ចំនួនតិច ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានបំណុលទាំងនេះ។
***កាលវិភាគខាងលើនេះ គ្រាន់ជាឧទាហរណ៍បង្ហាញឱ្យឃើញពីតួលេខ ដើម្បីឱ្យងាយយល់ ដោយលក្ខខណ្ឌនៃការទូទាត់សងប្រាក់នីមួយៗ អាស្រ័យលើការពិភាក្សារបស់ម្ចាស់បំណុល និងកូនបំណុលប៉ុណ្ណោះ។
អេដមីនសុំលើកទឹកចិត្តថា មិនថាបំណុល ការវិនិយោគ ការសន្សំ ចំណេះដឹង យើងម្នាក់ៗគួរមានផែនការ ការអនុវត្ត និងការគ្រប់គ្រងច្បាស់លាស់ ទើបយើងងាយនឹងសម្រេចវាបាន៕