តើអ្នកមានផែនការចូលនិវត្តន៍ហើយឬនៅ??
ការចាប់ផ្ដើមរៀបចំផែនការចូលនិវត្តន៍ឱ្យបានកាន់តែឆាប់កាន់តែល្អ។
ខាងក្រោមនេះគឺជាដំណាក់កាលដែលអ្នកអាចចាប់ផ្ដើមរៀបចំផែនការចូលនិវត្តន៍៖
- ត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ខ្លួនឯង
ដំបូងអ្នកត្រូវដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នជាមុនសិន ទាំងចំណូល ចំណាយ និងបំណុលជាប់ខ្លួន។ ដើម្បីគិតគូរនឹងរៀបចំ ជំហានបន្ទាប់ ត្រូវខំរកចំណូលបន្ថែមប៉ុន្មាន ត្រូវចាយប៉ុន្មាន សន្សំប៉ុន្មានរាល់ខែ ទើចអាចសម្រេចបានគោលដៅ ចូលនិវត្តន៍ឱ្យទាន់ពេលវេលាដែលគ្រោងទុក។
- ប៉ាន់ស្មានតម្រូវការចំណាយ សម្រាប់ពេលចូលនិវត្តន៍
យើងត្រូវគិតទុកជាមុនពីចំនួនលុយដែលយើងនឹងត្រូវការចាយ ពេលចូលនិវត្តន៍។ ដោយសារការចំណាយពេលចូលនិវត្តន៍ អាចខុសគ្នាច្រើនពីតម្រូវការចំណាយបច្ចុប្បន្ន។ ពេលចាស់ទៅអាចចំណាយទៅលើ ការដើរលេង ទិញផ្ទះ សន្សំលុយទុកឱ្យកូន និងលើការព្យាបាល ឬថែទាំសុខភាពជាដើម។
- កំណត់គោលដៅចូលនិវត្តន៍របស់អ្នក បន្ទាប់មកទៀតអ្នកអាច កំណត់អាយុ និងចំនួនថវិកាសម្រាប់ពេលចូលនិវត្តន៍។
ឧទាហរណ៍៖ ឆ្នាំនេះអ្នកអាយុ២៥ឆ្នាំ ហើយអ្នកចង់ចូលនិវត្តន៍នៅអាយុ ៧០ឆ្នាំ ជាមួយទឹកប្រាក់ $100,000។
ដូច្នេះអ្នកមានពេល ៤៥ឆ្នាំ ដើម្បីសម្រេចគោលដៅបង្រ្គប់ថវិកានេះ។
- បង្កើតគម្រោងនិងអនុវត្តផែនការរបស់អ្នក
អ្នកគួរពិចារណាលើថ្លៃចំណាយនាពេលអនាគត ដោយហេតុថា តម្លៃទឹកប្រាក់អាចនឹងប្រែប្រួលខុសពីបច្ចុប្បន្នកាល។ ស្របពេលគ្នានេះ អ្នកត្រូវប្រាកដថាការអនុវត្តតាមផែនការចូលនិវត្តន៍របស់អ្នក នឹងមិនប៉ះពាល់ដល់គម្រោងសន្សំឬគោលដៅហិរញ្ញវត្ថុដទៃទៀតនោះទេ។
- គន្លឹះ៖អ្នកអាចបង្កើតគណនីធនាគារមួយដាច់ដោយឡែកសម្រាប់ ប្រាក់ចូលនិវត្តន៍។
លើសពីនេះ ដើម្បីពង្រឹងផែនការចូលនិវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព អ្នកក៏អាចស្វែងរក និងប្រឹក្សាយោបល់ពីអ្នកជំនាញផងដែរ ចំពោះ គម្រោងចូលនិវត្តន៍របស់អ្នក៕