មានដែលចំណាំអត់? មួយខែៗ អ្នកចាយលើការបញ្ចូលលុយទូរស័ព្ទអស់ប៉ុន្មាន? ថ្ងៃនេះ អេដមីនចង់ចែករំលែកវិធីខ្លះៗ ធ្វើម៉េចចាយអស់តិច តែអាចប្រើលុយក្នុងទូរស័ព្ទឱ្យចំេណញបានច្រើន។
1. ប្រើសេវាកម្មហ្វ្រីៗក្នុង ១ថ្ងៃដែលក្រុមហ៊ុនផ្ដល់ឱ្យ
មានដែលចាប់អារម្មណ៍អត់? តាមពិតទៅ លេខទូរស័ព្ទរបស់យើងអាចប្រើសេវាកម្មហ្រ្វីមួយចំនួនបានក្នុងមួយថ្ងៃ ដូចជា តេឥតគិតលុយក្នុងប្រព័ន្ធ មួយថ្ងៃបាន 60នាទី រហូតដល់ទៅពីរអាទិត្យ (រាប់ពីថ្ងៃនេះដល់ថ្ងៃ 15 ឧសភា)។ រីឯអ្នកដែលកំពុងជាប់នៅក្នុងតំបន់ក្រហមនាពេលនេះ នឹងទទួលបានសេវាហ្រ្វីពិសេសគឺអ៉ិនធឺណិត 60MB ហ្រ្វីបន្ថែមលើការតេឥតគិតលុយផងដែរ។
2. ប្រើសេវាប្ដូរលុយ Xchange
បើតាមបទពិសោធន៍របស់អេដមីន ពេលប្រើសេវាប្ដូរលុយ ឃើញថាអាចប្រើប្រាស់បានច្រើនជាងពេលអត់ដូរ។ តែគួរជ្រើសរើសអត្រាណាដែលចំណេញបានច្រើនជាងគេ ដូចជា $1 ដូរបាន $30 បានទាំងតេ ផ្ញើសារក្នុងប្រព័ន្ធ និងប្រើអ៉ិនធឺណិតបានច្រើន។
3. ភ្ជាប់តែសេវាកម្មដែលចាំបាច់
ពេលយើងត្រូវការលុយក្នុងទូរស័ព្ទប្រើបន្ទាន់ តែមិនអាចចេញទៅទិញនៅខាងក្រៅ ហើយមិនអាចទិញតាម mobile app ទៀត ដោយសារអត់អ៉ិនធឺណិត នោះយើងអាចនឹងត្រូវខ្ចីលុយពីក្រុមហ៊ុនទូរស័ព្ទមកប្រើសិន។ ប៉ុន្តែដើម្បីកុំឱ្យខាតច្រើន អ្នកអាចជ្រើសរើសកម្ចីអត្រាទាបល្មមត្រឹមបំពេញតម្រូវការខ្លួនឯង ត្រឹម $0.2 ឬ $0.5 ហើយកត់ចំណាំទុកផងពេលភ្ជាប់រួច (កុំឱ្យភ្លេចខ្លួនថាបានភ្ជាប់សេវាណាខ្លះ)។
ក្នុងករណីពិសេសចាំបាច់បន្ទាន់ អាចប្រើសេវាកម្មរហ័ស ដូចជា Smart Loan & Data Smart Loan បណ្ដោះអាសន្នសិន (ហើយចាំផ្ដាច់វិញពេលលែងត្រូវការ)។
4. បញ្ចូលលុយយកប្រម៉ូសិន (ព្រួញមួយ បាញ់បានសត្វពីរ)
រកមើលថា អត្រាបញ្ចូលលុយមួយណាមានប្រូម៉ូសិនពិសេស ដើម្បីទាញយកផលប្រយោជន៍បន្ថែម។ ឧទាហរណ៍ បញ្ចូលលុយតាមកម្មវិធីរបស់ក្រុមហ៊ុន 1.25 ដុល្លារ បានអ៉ិនធឺណិតហ្វ្រី 1GB និងមិនចាំបាច់ចេញទៅទិញនៅខាងក្រៅផង ពេល lockdown នេះ។
5. បញ្ចូលលុយទូរស័ព្ទល្មមតាមតម្រូវការ
ត្រឹមតែ $1 ដូរយក $30 អាចប្រើបានដល់មួយអាទិត្យឯណោះ! អញ្ចឹងកុំឱ្យភ្លេចខ្លួន តេទៅគេឯងក្រៅប្រព័ន្ធ គួរបញ្ចូលម្ដងៗត្រឹម $1 $2 ឱ្យសមល្មមតាមតែតម្រូវការទៅបានហើយ។ ម្យ៉ាង បើបញ្ចូលម្ដង $1.25 អាចទទួលបានប្រម៉ូសិនហ្វ្រីអ៉ិនធឺណិតបន្ថែមទៀត។
ដើម្បីកាន់តែងាយស្រួល ជាពិសេសពេល lockdown ពិបាកចេញក្រៅ យើងអាចបញ្ចូលលុយទូរស័ព្ទតាមបែបឌីជីថល (E-top up) ដែលអាចបញ្ចូលបានតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ឬ SmartNas app។
អំពីរបៀបបញ្ចូល E-top up៖ https://www.smart.com.kh/km/get-smart/top-up-safely/
6. តាមដានគណនីទូរស័ព្ទឱ្យបានទៀងទាត់
យើងអាចតាមដានគណនីទូរស័ព្ទ (mobile balance) និងប្រវត្តិប្រតិបត្តិការបញ្ចូលលុយទូរស័ព្ទ (transaction history) បានយ៉ាងងាយស្រួល បើយើងងាកមកប្តូរទម្លាប់បញ្ចូលលុយទូរស័ព្ទបែបឌីជីថល ដោយគ្រាន់តែពិនិត្យមើលតាមកម្មវិធីទូរស័ព្ទរបស់ធនាគារ ឬ SmartNas app។
ក្នុងអំឡុងពេលនេះ ទាំងយើងទាំងគេសុទ្ធតែកំពុងឆ្លងកាត់ភាពលំបាកទាំងអស់គ្នា។ ហេតុនេះ កាក់សេនសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាផ្លាស់ប្តូរទម្លាប់រស់នៅក្នុងពេលនេះទៅប្រើ
សេវាកម្មបែបឌីជីថលឱ្យច្រើនជាងមុនតាមដែលអាចធ្វើបាន ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធិជាមួយមិត្តភក្តិ ក្រុមគ្រួសារ ព្រមទាំងរក្សាសុខសុវត្ថិភាពផងដែរ។ ម្យ៉ាងទៀត បើអ្នកមានសាច់ញាតិបងប្អូនណាកំពុងជាប់នៅក្នុងតំបន់ក្រហម ឬមិនអាចចេញពីផ្ទះបានជាដាច់ខាត អ្នកអាចជួយបញ្ចូលលុយទូរស័ព្ទឱ្យលេខពួកគាត់តែម្ដងតាមរយៈ E-top up ឬ Pinless។ ជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក! សុខចិត្តលំបាកឥលូវ តែសុខសប្បាយ និងមានសុវត្ថិភាពទាំងអស់គ្នា កុំឱ្យវេទនាពេលក្រោយ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/SmartAxiata/posts/10159635369497608
បន្ថែម៖
ចៀសវាងការភាន់ច្រឡំ អ្នកគួរស្វែងយល់អោយបានច្បាស់អំពីសេវាកម្មទូរស័ព្ទ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹង៖
របៀបនៃការភ្ជាប់ ឬផ្តាច់សេវាកម្មទូរស័ព្ទ
អត្ថប្រយោជន៍នៃប្រភេទសេវាកម្មដែលគ្រោងនឹងភ្ជាប់
តាមដានចំណាយលេីសេវាកម្មទាំងនោះ ជារៀងរាល់សប្តាហ៍ ឬខែ
សន្សំសំចៃតាមដែលអាចធ្វេីបាន
សូមចំណាំ៖ អត្ថប្រយោជន៍ទាំងអស់ខាងលើនេះសម្រាប់តែអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តរបស់ Smart តែប៉ុណ្ណោះ៕