ម្ចាស់អាជីវកម្មម្នាក់ៗតែងតែចង់ទទួលបានភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនទើបខំបង្កើនគុណភាពផលិតផល បង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងយុទ្ធសាស្ដ្រទាក់ទាញអតិថិជន។ ទន្ទឹមនឹងនេះ សេវាកម្មអតិថិជនល្អក៏ជាចំណុចសំខាន់មួយក្នុងការយកចិត្តអតិថិជនដែរ។
តែបើអាជីវកម្មមួយមិនបានផ្ដល់សេវាកម្មល្អដល់អតិថិជន អាជីវកម្មនោះអាចរងផលប៉ះពាល់ដូចខាងក្រោម។
1. បាត់បង់អតិថិជន
បើទំនិញរបស់អ្នកមានគុណភាពខ្ពស់ ប្រាកដណាស់ថាមានការគាំទ្រ និងទំនុកចិត្តយូរអង្វែងពីអតិថិជន។ តែបើទំនិញមានគុណភាពល្អហើយ ចំណែកឯការបម្រើសេវាកម្មជូនអតិថិជនមានភាពយឺតយ៉ាវ មិនរួសរាយរាក់ទាក់ មិនអាចបំពេញចិត្តអតិថិជនទេ អ្នកនឹងចាប់ផ្ដើមបាត់បង់អតិថិជនបន្តិចម្ដងៗ។ ដោយអតិថិជនអាចមិនសប្បាយចិត្តរឿងសេវាកម្មមិនល្អ ដូច្នេះពួកគេអាចនឹងប្ដូរទៅទិញផលិតផលនៅហាងផ្សេងដែលមានគុណភាពប្រហែលគ្នានឹងអ្នក តែគេផ្ដល់សេវាកម្មល្អជាងនេះ។
2. បាត់បង់ប្រាក់ចំណូល
នៅពេលបាត់បង់ចំនួនអតិថិជនបន្តិចម្ដងៗនឹងមានការប៉ះពាល់ដល់ចំណូលដែលទទួលបាន ហើយប្រាក់ចំណេញក៏ចាប់ផ្ដើមធ្លាក់ចុះទៅតាមហ្នឹងដែរ។ នេះជាកត្តាធ្វើឲ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុអាជីវកម្មខ្លាំង ព្រោះអាជីវកម្មតូច ធំ សុទ្ធតែត្រូវការចំណាយជាប្រចាំ ដូចជាលើថ្លៃទឹកភ្លើង ថ្លៃវត្ថុធាតុដើម ថ្លៃឈ្នួល ប្រាក់ខែបុគ្គលិក និងចំណាយចាំបាច់ផ្សេងៗទៀត។ល។ ប្រសិនបើប្រាក់ចំណូលនៅតែបន្តធ្លាក់ចុះ វាអាចនឹងឈានដល់ការលក់គ្រឿងបរិក្ខារចេញយកប្រាក់ ការបិទហាង ឬការសេងហាងជាដើម។
3. ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្ម
ការបញ្ចេញមតិយោបល់ដោយអតិថិជន ឬ customer reviews ពិតជាសំខាន់ និងអាចហុចផលវិជ្ជមាន ឬអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។ ប្រសិន
customer review នោះជាមតិសរសើរ អាចជួយឲ្យមានកំណើនអតិថិជន។ តែបើជាមតិរិះគន់ វាអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាជីវកម្មទៅវិញ ឬអាចធ្វើឲ្យបាត់បង់អតិថិជនទៀតផង។ ម៉្យាង ជាមួយបច្ចេកវិទ្យាទំនើបនៅសម័យនេះផង មនុស្សម្នាអាចមើលឃើញមតិរិះគន់ទាំងឡាយយ៉ាងឆាប់រហ័ស តាមរយៈគេហទំព័រ ឬបណ្ដាញសង្គមនានារបស់អាជីវកម្មផ្ទាល់ដែលអាចធ្វើឲ្យបាត់បង់ទាំងអតិថិជនថ្មី និងចាស់។
ចំណុចសំខាន់ៗ៣ខាងលើនេះបង្ហាញឲ្យឃើញថាការផ្តល់សេវាកម្មដល់អតិថិជនមិនបានដិតដល់ពិតជាអាចជះឥទ្ធិពលមិនល្អដល់ដំណើរការអាជីវកម្មរបស់លោកអ្នក។ ប៉ុន្តែអ្នកអាចយកមតិយោបល់រិះគន់នានាពីអតិថិជនមកស្ថាបនា សិក្សាពីកំហុសឆ្គង ប្រឈមមុខនឹងបញ្ហា និងកែលម្អសេវាកម្មរបស់អាជីវកម្មខ្លួនឲ្យប្រសើរឡើងវិញ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។