ការសន្សំប្រាក់ ជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលបុគ្គលគ្រប់រូប គួរតែស្វែងយល់ និងរៀបចំផែនការសន្សំកាន់តែឆាប់កាន់តែប្រសើរ។ មានមនុស្សជាច្រើន មានការលំបាកក្នុងការសន្សំប្រាក់ ដោយសារតែចូលចិត្តចំណាយនៅក្នុងការ Shopping ទិញ ទំនិញផ្សេងៗជាដើម។ នៅក្នុងអត្ថបទនេះ អ្នកនឹងទទួលបានគន្លឹះផ្សេងៗក្នុងការបង្កើនប្រាក់ សន្សំរបស់អ្នកឲ្យកើនឡើងទ្វេដង៖
១. ជ្រើសរើសវិធីសាស្ត្រសន្សំច្បាស់លាស់
ដើម្បីឱ្យការសន្សំរបស់អ្នកកើនទ្វេដង ឬមានប្រសិទ្ធិភាព អ្នកគួរជ្រើសរើសផែនការសន្សំមួយដែលសក្តិសមបំផុតសម្រាប់ស្ថានភាពហិរញ្ញវត្ថុអ្នកបច្ចុប្បន្ន។ កន្លងមកកាក់សេន ធ្លាប់លើកឡើងម្ដងរួចមកហើយពីវិធីសាស្ត្រទាំងនោះ រួមមាន ៥០/៣០/២០ ៧០/១០/២០ ឬ ៨០/២០ជាដើម។ អ្នកអាចរើសផែនការចំណាយណាមួយ ឬផែនការផ្សេងទៀតដែលអ្នកបង្កើតឡើងសមស្របបំផុតទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ហើយគោរពទៅតាមការកំណត់ទាំងនោះ។
២. គោលដៅក្នុងការសន្សំ (Set Saving Goal)
មុននឹងចាប់ផ្តើមសន្សំ ឬបង្កើនការសន្សំ អ្នកគួរតែមានគោលដៅមួយដែលច្បាស់ លាស់ជាជំនួយក្នុងការដឹងថា អ្នកកំពុងតែសន្សំទៅតាមអ្វីដែលអ្នកចង់បាន។ គោលដៅក្នុង ការសន្សំអាចជា ការសន្សំសម្រាប់ការបង់ថ្លៃសាលារៀន សន្សំក្នុងការទិញផ្ទះ ឬសន្សំសម្រាប់ ការចូលនិវត្តន៍ជាដើម។ កំណត់គោលដៅរបស់អ្នក រួចដាក់ប្រាក់សន្សំទៅតាមការកំណត់នោះជាប្រចាំ។
៣. សន្សំដោយប្រើគណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account)
តាមពិតទៅ ការសន្សំជាមួយគណនីបញ្ញើមានកាលកំណត់ ផ្ដល់ផលចំណេញដល់អ្នកច្រើនតាមរយៈអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំប្រាក់ទូទៅ (Saving Account)។ វាជាប្រភេទគណនីនៅក្នុងធនាគារដែលដាក់ឲ្យអ្នកប្រើប្រាស់ក្នុងការសន្សំប្រាក់ដោយមានកាលកំណត់ជាក់លាក់មួយ។ និយាយឲ្យងាយយល់ ប្រាក់ដែលដាក់នៅក្នុងគណនីមានកាលកំណត់នេះទទួលបានការប្រាក់ខ្ពស់ជាប្រភេទគណនីផ្សេង គ្រាន់តែអ្នកមិនអាចដកប្រាក់មុនកាលកំណត់បានទេ ឬអ្នកអាចខាតបង់ការប្រាក់ ប្រសិនបើអ្នកចង់ដកប្រាក់នោះមុនកាលកំណត់របស់ធនាគារ។
៤. កាត់បន្ថយការចំណាយ (Decrease Expense)
មិនមែនជារឿងថ្មីអីនោះទេ ដរាបណាចំណាយខ្ពស់ជាងចំណូល ពាក្យថា «សន្សំ» នឹងមិនកើតមានឡើងបានឡើយ។ ចាប់ផ្ដើមដោយកាត់បន្ថយចំណាយ ឬកត់ត្រាចំណាយរបស់អ្នកជាប្រចាំថ្ងៃ ហើយរៀនបែងចែកនូវអ្វីដែលគួរតែចំណាយ និងអ្វីដែលមិនគួរចំណាយ ចៀសវាងការចាយវាយទៅតាមអារម្មណ៍មួយឆាវ (Impulsive spending)។ អ្នកអាចដោនឡូតនូវកម្មវិធី កត់ត្រាចំណាយនៅក្នុងទូរសព្ទដែរបស់អ្នក ដើម្បីងាយស្រួលតាមដាន។ ក្រៅពីតាមដានចំណាយរួចហើយ អ្នកគួរមានទម្លាប់សន្សំសំចៃសំសំចៃផ្សេងៗ ដូចជា សន្សំសំចៃទឹកភ្លើង ចំណាយមិនចាំបាច់ទៅលើការបរិភោគខាងក្រៅជាដើម។
៥. រកចំណូលបន្ថែម
ចំណុចចុងក្រោយនេះ សំដៅទៅលើការបង្កើនប្រភពចំណូលបន្ថែម។ តាមពិតទៅ ការបង្កើនប្រភពប្រាក់ចំណូលអាចមានច្រើន ដោយអ្នកអាចបង្កើនប្រាក់ចំណូលតាមរយៈការិនិយោគលើភាគហ៊ុន ប័ណ្ណបំណុល វិស័យអចលនទ្រព្យ ឬពុំដូច្នោះទេអ្នកអាច បង្កើនចំណូលបន្ថែមតាមរយៈលក់អីវ៉ាន់អនឡាញ ការងារជា freelancer ជាដើម។
អ្នកទាំងអស់គ្នាមានដឹងឬទេថា ការសន្សំមានប្រយោជន៍ជាខ្លាំងសម្រាប់អ្នក មិនថាគោលដៅសន្សំរបស់ អ្នកមានរយៈពេលខ្លី ឬវែងនោះទេ ប្រសិនបើអ្នកអាចចាប់ផ្តើមបានកាន់តែលឿន កាន់តែល្អ ប្រាក់សន្សំរបស់អ្នកអាចជាខ្នងបង្អែកផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកទៅថ្ងៃអនាគត។
ចុះអ្នកទាំងអស់គ្នាវិញ «មានវិធីសាស្ត្រសន្សំលុយឱ្យកើនទ្វេ» ពិសេសៗ ចង់យកមកចែករំលែកដល់អ្នកផ្សេងឯទៀតដែរឬទេ?