មកដល់ថ្ងៃនេះ ថ្លៃសាំងឡើងដល់ 5800៛ ហើយ!! 😱
យើងឃើញថាអតិផរណាកំពុងតែកើនឡើង ហើយមិនដឹងថាវានឹងថមថយក្នុងពេលឆាប់ៗនេះឬអត់។ នេះគ្រាន់តែសាំងមួយមុខប៉ុណ្ណោះដែលឡើងថ្លៃគួរឱ្យកត់សម្គាល់។ ចុះបើទំនិញដែលយើងត្រូវការប្រើប្រាស់រាល់ថ្ងៃដទៃទៀតត្រូវឡើងថ្លៃខ្លាំងប្រហែលនេះទៀត តើយើងគួរកែទម្លាប់ចាយវាយសម្របទៅតាមអតិផរណារបៀបណាខ្លះទៅ?
១ កាត់បន្ថយការទិញខោអាវថ្មី និងទំនិញសម្ភារនិយមមួយចំនួន
សម្ភារទាំងអស់នេះមិនមែនជាតម្រូវការចាំបាច់ដែលយើងត្រូវការផ្លាស់ប្តូររៀងរាល់ថ្ងៃ ឬរាល់ខែទេ។ វាមិនត្រឹមតែមិនសំខាន់នៅពេលនេះទេ តែវានឹងធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុយើងកាន់តែខ្លាំង។ ម៉្យាង ដោយចំណូលចិត្តរបស់យើងម្នាក់ៗ និងបច្ចេកវិទ្យាតែងមានការផ្លាស់ប្ដូរ រីកចម្រើន មានចេញស៊េរីថ្មីៗរហូត ចុងក្រោយអ្វីដែលយើងខាតបង់ធ្ងន់ធ្ងរនោះ គឺប្រាក់កាក់ដែលយើងគួរសន្សំសំចៃទុកប្រើទៅលើចំណាយចាំបាច់ក្នុងពេលទំនិញឡើងថ្លៃនេះទៅវិញ។
២ ផ្លាស់ប្ដូរទម្លាប់រស់នៅ
បន្ទាប់ពីកាត់បន្ថយការចំណាយ យើងក៏ត្រូវកែទម្លាប់នៃការរស់នៅមួយចំនួនដើម្បីអាចសន្សំសំចៃបានច្រើនជាងមុន។ ចាប់ផ្តើមដោយកាត់បន្ថយការហូបបាយក្រៅមកជាខ្ចប់អាហារទៅកន្លែងធ្វើការ ប្រើប្រាស់សម្ភារៈ ឬទំនិញដែលមានតម្លៃសមរម្យ។ ប្រសិនបើយើងចម្អិនអាហារដោយខ្លួនឯង មិនគួរខ្ជះខ្ជាយ ទិញច្រើនឲ្យសល់ទុកប្រើមិនទាន់ ផ្ទុយទៅវិញត្រូវកំណត់បរិមាណសមល្មមដែលគួរទិញ។ ម៉្យាង យើងក៏គួរកាត់បន្ថយទម្លាប់កម្សាន្ដមួយចំនួនដូចជាការ មើលកុន ដើរលេង ឬការជួបជុំចុងសប្ដាហ៍ដែលទាំងអស់នេះមិនស្ថិតក្នុងការចំណាយចាំបាច់។
៣ ថែរក្សាសម្ភារប្រើប្រាស់ឲ្យប្រើបានយូរ
នៅពេលយើងចេះថែទាំរបស់របរ និងប្រើវាដោយយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នទើបវាមិនងាយបាត់ ឬបែកបាក់ អ៊ីចឹងយើងអាចប្រើបានយូរហើយមិនចាំបាច់អស់លុយច្រើន។ មួយវិញទៀត យើងក៏មិនចង់ចំណាយពីរ-បីដងទៅលើទំនិញ ឬរបស់របរដដែល ដែលគ្រាន់តែបាត់ ឬបែកបាក់ដោយសារភាពធ្វេសប្រហែសរបស់យើងទេ។
៤ ចៀសវាងបង្កើតបំណុលថ្មី
អ្វីដែលយើងគួរធ្វើជាចាំបាច់ក្នុងអំឡុងពេលមានអតិផរណាគឺបង្កើនចំណូល និងកាត់បន្ថយចំណាយ។ តែបើមិនបានបង្កើនចំណូលបន្ថែមទេ ក៏មិនគួរបង្កើនចំណាយដែលអាចកកើតជាបំណុលដែរ។ បើមានបំណុលចាស់ស្រាប់ យើងត្រូវមានការគ្រប់គ្រងហិរញ្ញវត្ថុមួយដែលជួយរៀបចំចំណូល ចំណាយ និងបំណុលប្រចាំខែ ដែលបែងចែកចំណូលជាផ្នែកៗសម្រាប់ទូទាត់ចំណាយ ទុកសងបំណុល និងសន្សំសំចៃផង។
យើងមិនអាចគ្រប់គ្រងអតិផរណាបានទេ តែយើងអាចគ្រប់គ្រងនិងកែប្រែទម្លាប់ចាយវាយផ្ទាល់ខ្លួនបាន ដោយយើងគួរតែក្បិតក្បៀតជាងមុន។
កាក់សេនសង្ឃឹមថា ៤ចំណុចខាងលើនេះអាចជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាគោលការណ៍ដែលអ្នកអាចអនុវត្តដើម្បីបង្កើតទម្លាប់ចាយវាយបែបសន្សំសំចៃដ៏ល្អប្រសើរមួយដល់យើងទាំងអស់គ្នា ជាពិសេសកំឡុងពេលអតិផរណាកើនឡើងដូចនេះ៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។