Internet scam ឬ ការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត សំដៅទៅលើសកម្មភាព សេវាកម្ម ឬកម្មវិធីផ្សេងៗដែលអាចឆបោកឱ្យអ្នកដែលចូលទៅក្នុងប្រព័ន្ធបោកប្រាស់ទាំងនោះ ហើយផ្ដល់ទិន្នន័យរបស់អ្នកទៅកាន់ពួកគេ ក្រោមរូបភាពជាការចុះឈ្មោះ។ ជាធម្មតា វេបសាយទាំងនោះ តម្រូវឲ្យមានការបំពេញបែបបទ(ទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មាននៃកាតធនាគារ) មុននឹងឈានទៅដល់ការប្រគល់រង្វាន់ជាដើម។
ខាងក្រោមនេះជាទម្រង់រូបភាពខ្លះៗ ដែលតែងកើតមានជារឿយៗ នៅក្នុងប្រព័ន្ធអ៉ីនធឺណេត ៖
១.ការឆបោកលេីបណ្តាញសង្គម
ការបោកប្រាស់យកលុយលេីបណ្តាញសង្គម កំពុងកេីតឡេីងយ៉ាងសកម្មផងដែរ ក្រោមរូបភាពផ្សេងៗគ្នា។ ម្យ៉ាងទៀត ការឆបោកនេះ ច្រេីនកេីតមានឡេីងទៅលេីមនុស្សក្នុងវ័យចំណាស់ ដែលពួកគាត់ច្រេីនមិនទាន់យល់ច្បាស់ពីការប្រេីប្រាស់បណ្តាញសង្គម។ ការឆបោកទាំងនោះ អាចមានជាការលួចយកគណនីនៃបណ្តាញសង្គម ហេីយផ្ញេីសារទៅកាន់សាច់ញាតិ មិត្តភក្តិរបស់ម្ចាស់គណនី ដេីម្បីវេរលុយឱ្យជាដេីម។
២.ការឆបោកដោយរង្វាន់
ជាធម្មតា ការឆបោកនេះភាគច្រើនកើតឡើងដោយការទទួលសារពីជនប្លែកមុខ តាមរយៈបណ្តាញសង្គម វេបសាយ ឬប្រព័ន្ធសារទូរសព្ទ ដោយសារទាំងនោះរួមមាន “លោកអ្នកឈ្នះរង្វាន់!” ឬ “អ្នកត្រូវបានជ្រើសរើសផ្ដល់ជូនរង្វាន់ធំ!”។ បន្ទាប់មក ដើម្បីទទួលបានរង្វាន់ទាំងនោះ អ្នកត្រូវតម្រូវឱ្យបំពេញបែបបទអាសយដ្ឋាន និងលេខកូដធនាគារជាមុនសិន ដែលជនឆបោកទាំងនោះ នឹងមានឱកាសទទួលបានទិន្នន័យសំខាន់ៗរបស់អ្នកបានយ៉ាងងាយ។
៣.ឆបោកលើកាតឥណទាន
បច្ចុប្បន្នទីផ្សារទិញដូរទំនិញអនឡាញតាមវេបសាយមានច្រើនសន្ធឹកសន្ធាប់ ដែលជាកត្តា ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយពុំចាំបាច់ដើរទិញអីវ៉ាន់ដោយផ្ទាល់។ យ៉ាងណាមិញ យើងក៏ឃើញថា មានការកើនឡើងនូវវេបសាយទិញដូរក្លែងក្លាយជាច្រើន ដោយវេបសាយទិញដូរទាំងនោះអ្នកតម្រូវឱ្យអ្នកបំពេញលេខធនាគារ លេខកូដសម្ងាត់ ឬកាតឥណទានរបស់អ្នក ដែលអនុញ្ញាតិឱ្យឧក្រិដ្ឋជនទាំងនោះ អាចចម្លងទិន្នន័យរបស់អ្នកទាំងស្រុងបានយ៉ាងងាយ។
៤.កម្មវិធីក្លែងក្លាយ
អ្នកក៏ប្រហែលជាធ្លាប់បានទទួលសារថា “កុំព្យូទ័ររបស់អ្នកមានបញ្ហា ហើយចូរទាញយកកម្មវិធីនេះដើម្បី កម្ចាត់ ឬពន្លឿនកុំព្យូទ័ររបស់អ្នក”។ នៅពេលអ្នកទាញយកកម្មវិធីនោះមកតម្លើង កម្មវិធីនោះនឹងលួចយកទិន្នន័យរបស់អ្នក ឬវានឹង Encript (បិទ) ឯកសារអ្នកទាំងអស់ ដោយតម្រូវឱ្យអ្នកមានលេខកូដពីពួកគេ។ ដើម្បីទទួលបានលេខកូដដោះឯកសារ អ្នកត្រូវតម្រូវឱ្យផ្ញើប្រាក់របស់អ្នកទៅកាន់ពួកគេ។ ជាធម្មតា វានឹងកំណត់ពេលវេលាណាមួយជាក់លាក់ ហើយប្រសិនបើអ្នកដោះស្រាយមិនទាន់ពេលវេលាទេ អ្នកនឹងបាត់បង់ឯកសារសំខាន់ៗក្នុងកុំព្យូទ័រអ្នកជារៀងរហូត។
៥.ការឆបោកតាមរយៈអ៊ីម៉ែល
ការឆបោកប្រភេទនេះ គឺជាការទទួលបានសារសម្ងាត់តាមរយៈអ៊ីម៉ែល ពីប្រភពមិន ច្បាស់លាស់(ក្លែងបន្លំ) ហើយតម្រូវឲ្យអ្នកបំពេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬរបស់ក្រុមហ៊ុនជាដើម។ អ្នកអាចនឹងត្រូវគេបោកយកទិន្នន័យសំខាន់ៗផ្ទាល់ខ្លួន ឬក្រុមហ៊ុនរបស់អ្នក ដោយការឆបោកតាមរយៈអ៉ីម៉ែលនេះផងដែរ។ ដូច្នេះ អ្នកអាច ធ្វើការពិនិត្យតួរអក្សរ ឬផ្ទៀងផ្ទាត់ពីប្រភពជាមុនសិន មុនឈានដល់ការសម្រេចផ្ដល់ទិន្នន័យរបស់អ្នកទៅគេ។ ជាទូទៅ សារបែបនេះអាចនឹងទាមទាររកនូវ “កាតឥណទាន លេខគណនេយ្យធនាគារ ឬលេខកូដសម្ងាត់របស់អ្នក” ជាដើម។
គន្លឹះការពារខ្លួនរបស់អ្នក
ដើម្បីបញ្ជៀសពីបញ្ហាទាំងនេះ អ្នកអាច ៖
- ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ឬបើក Firewall Program
- ត្រួតពិនិត្យ និងមានការប្រុងប្រយ័ត្នពីតំណរលីង “ https:” ដែលអ្នកកំពុងប្រើប្រាស់
- កុំឆ្លើយតបទៅនឹងអ៉ីម៉ែលដែលមានការស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
- ទាក់ទងទៅកាន់ស្ថាប័នហិរញ្ញវត្ថុអ្នកភ្លាមៗ ប្រសិនបើមានការសង្ស័យពីភាពមិនប្រក្រតីណាមួយជាមួយប្រតិបត្តិការធនាគាររបស់អ្នក
- ចំពោះអ្នកប្រេីប្រាស់បណ្តាញសង្គម គួរថែរក្សា លេខសម្ងាត់គណនីរបស់ខ្លួន ព្រមទាំងឧបករណ៍ដែលភ្ជាប់ជាមួយបណ្តាញសង្គម(ទូរសព្ទ កុំព្យូទ័រ អាយផេត) ជាដេីម។ ប្រសិនបេីមានការបាត់បង់ឧបករណ៍ទាំងនោះ អ្នកគួរឆាប់ផ្លាស់ប្តូរលេខសម្ងាត់នៃបណ្តាញសង្គមរបស់អ្នកឱ្យបានភ្លាមៗផងដែរ។
ថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ (Ministry of IT, Ministry of Interior) ក៏បានចេញបង្ហាញវីដេអូអំពី “ប្រភេទនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលជាការបោកប្រាស់ដែលហាក់មានសកម្មភាពច្រើនកន្លងមកនៅក្នុងប្រទេសកម្ពុជា ជាពិសេសការឆបោកតាមរយៈការតេមកលេខជនរងគ្រោះហើយប្រាប់ថា ឈ្នះរង្វាន់ធំ ឬទទួលកេរ្តិ៍មរតករាប់លានដុល្លាជាដើម ដែលតម្រូវឱ្យផ្ញើលុយមួយចំនួនទៅកាន់ពួកគេសិន ទើបអាចទទួលបានរង្វាន់ទាំងនោះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកទាំងអស់គ្នាអាចចុចនៅតំណរលីងនេះ៖
https://www.facebook.com/IT.Department.MOI/videos/284034526034048/