ជាសត្យានុម័ត នៅក្នុងការវិនិយោគតែងតែមានហានិភ័យ និងផលចំណេញដែលជាដៃគូ ដើរទន្ទឹមគ្នា។ ក្នុងនោះដែរ មានច្រើនប្រភេទ និងមានកម្រិតហានិភ័យខុសៗគ្នា ទៅតាមលំដាប់ដូចជា បណ្ណបំណុល (Bond) ភាគហ៊ុន(Stock) និងចុងក្រោយគឺអចលនទ្រព្យ។ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពីហានិភ័យ និងផលចំណេញនៃការវិនិយោគទាំងបីនេះ៖
1. សញ្ញាបណ្ណ ឬ បណ្ណបំណុល (Bond)៖
បណ្ណបំណុល គឺជាសញ្ញាបណ្ណដែលបញ្ជាក់ថាបុគ្គលម្នាក់ជាម្ចាស់បំណុលនៃក្រុមហ៊ុន ណាមួយ។ ក្រុមហ៊ុនមួយបានបោះបណ្ណបំណុលក្នុងន័យបង្កើនដើមទុនហើយដាក់លក់ នៅ ពេលដែលអ្នកទិញបណ្ណនោះអ្នកនឹងក្លាយទៅជាម្ចាស់បំណុល(Creditor) នៃក្រុមហ៊ុននោះ ដោយក្រុមហ៊ុនសន្យាថានឹងសងលុយទៅតាមចំនួននៅពេលកំណត់ណាមួយ (Maturity Date)ព្រមទាំងបង់ការប្រាក់បន្ថែម(Coupon) ទៅតាមរយៈពេលនៃការខ្ចី ឬអ្នកទិញលក់ បណ្ណបំណុលនេះមុនកាលកំណត់បាន ប្រសិនបើមានការធ្លាក់ថ្លៃ។
ការវិនិយោគប្រភេទនេះ មិនសូវ ឬមានហានិភ័យទាបព្រោះក្រុមហ៊ុនមានកាតព្វកិច្ចសងនូវ បំណុល និងការប្រាក់ ទាំង អស់ដែលបានខ្ចីទៅកាន់ម្ចាស់បំណុលវិញទៅតាមពេលកំណត់ ទោះបីជាក្រុមហ៊ុនចំណេញ ឬខាតក្តី។ ហានិភ័យមួយ ចំនួនដែលម្ចាស់បណ្ណបំណុលគួរតែ បារម្ភនោះគឺ ក្រុមហ៊ុនដែល បានបោះបណ្ណបំណុលនោះគ្មានសមត្ថភាពក្នុងការសងប្រាក់ (ក្ស័យធន) កំណើន អតិផរណា ការធ្លាក់ចុះនៃតម្លៃបណ្ណបំណុល។
2. ភាគហ៊ុន៖
គឺជាប្រភេទមូលបត្រដែលបញ្ជាក់ពីភាពជាចំណែកនៃម្ចាស់របស់ក្រុមហ៊ុន ណាមួយ ដែលអ្នកបានទិញភាគហ៊ុនហើយអ្នកមានសិទ្ធិក្នុងការទទួលបានភាគលាភនិងប្រាក់ ចំណេញទៅតាមចំនួននៃភាគហ៊ុនដែលអ្នកមាន។ ការវិនិយោគភាគហ៊ុន មាន ហានិភ័យខ្ពស់ជាងបណ្ណបំណុល ប៉ុន្តែវាក៏ផ្តល់ផលចំណេញមកវិញ ច្រើនជាងដែរ។
ហានិភ័យនៃការវិនិយោគត្រូវបានគេចាត់ជា ៣ថ្នាក់គឺ ៖
• ហានិភ័យជាប្រព័ន្ធ (Systematic Risk): គឹជាបញ្ហាដែលអាចកើតឡើងធ្វើឲ្យប៉ះពាល់ ដល់ផ្សារភាគហ៊ុនទាំងមូល។ ហានិភ័យប្រភេទនេះរួមមាន ស្ថានភាពសេដ្ឋកិច្ច នយោបាយ អត្រាអតិផរណា និងអត្រាការប្រាក់ជាដើម ។
• ហានិភ័យមិនមែនជាប្រព័ន្ធ (Unsystematic Risk): ជាបញ្ហាដែលកើតមាននៅក្នុងក្រុម ហ៊ុនដែលអ្នកបានទិញហ៊ុននោះ ដូចជាស្ថានភាពហរិញ្ញវត្ថុ ហានិភ័យនៃការក្ស័យធន របស់ក្រុមហ៊ុន ការក្លែងបន្លំស្នាមគណនេយ្យ។
• ហានិភ័យសន្ទនីយភាពទីផ្សារ : ហានិភ័យនៃការខ្វះខាតសាច់ប្រាក់ ឬក្រុមហ៊ុនគ្មាន ប្រាក់ចំណេញត្រូវចែកឲ្យម្ចាស់ហ៊ុន ព្រោះក្រុមហ៊ុនមានបញ្ហាខាងការគ្រប់គ្រង ឬប្រត្តិបត្តិការ។
3 វិនិយោគទៅលើអចលនទ្រព្យ៖
វិស័យអចលនទ្រព្យ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេស កម្ពុជានាពេលបច្ចុប្បន្ននេះ។ ការវិនិយោគក្នុងវិស័យនេះមានដូចជា ការវិនិយោគទៅលើផ្ទះ សម្បែង ដីធ្លី ជាដើម ហើយវាផ្តល់ផលចំណេញមកវិញខ្ពស់គួរសម។ ហានិភ័យនៅក្នុងវិស័យនេះរួមមាន ការប៉ាន់ស្មានខុស វិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតមានធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ខ្វះខាតសាច់ប្រាក់ក្នុង ករណីខ្ចីធនាគារមកទិញ ឬយកទៅវិនិយោគអ្វីផ្សេងទៀត ព្រោះអចលនទ្រព្យមិនងាយលក់ ចេញប្តូរជាប្រាក់ (Lack of liquidity)។ ប៉ុន្តែប្រសិនបើអ្នកមិនអាចលក់ចេញ ឬមានការធ្លាក់ ចុះនូវតម្លៃអចលនទ្រព្យ អ្នកមានជម្រើសក្នុងការដាក់ជួលទ្រព្យនោះជាបណ្តោះអាសន្នព្រោះ នៅពេលដែលអ្នកវិនិយោគអ្នកបានទិញទ្រព្យទាំងនោះទុកជាកម្មសិទ្ធិរបស់អ្នករួចហើយ។
ជាសង្ខេប ការវិនិយោគជៀសមិនផុតពីការប្រថុយប្រថាននោះទេ តែកម្រិតនៃការ ប្រថុយនេះអាចកាត់បន្ថយបានច្រើន ប្រសិនបើអ្នកមានចំណេះដឹងខាងផ្នែកហរិញ្ញវត្ថុ ជា ពិសេសទៅលើផ្នែកវិនិយោគនេះ។ ទោះជាយ៉ាងណា វិនិយោគិនគួរតែគិតគូរឲ្យបានច្បាស់ លាស់ និងត្រូវមានចិត្តនឹងនរនៅពេលដែលប្រឈមមុខនឹងបញ្ហាផងដែរ។