គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ក្រុមហ៊ុនវិនិយោគចំនួន ១១៣ ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យវិនិយោគក្នុងប្រទេសកម្ពុជាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលគម្រោងវិនិយោគទាំងអស់នោះមានតម្លៃសរុបប្រហែល ១,១ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ៦៥,៣៨% ជាការវិនិយោគរបស់ក្រុមហ៊ុនចិន។
ក្នុងដំណើរការនៃការវិនិយោគ ក្រុមហ៊ុនទាំងនោះគឺមានគោលដៅក្នុងការបង្កើតរោងចក្រដូចជា រោងចក្រផលិតស៊ីម៉ង់ត៍ រោងចក្រកាត់ដេរ រោងចក្រផលិតសម្ភារៈសម្អាតផ្ទះ រោងចក្រទុយោ រោងចក្រផលិតកាបូប និងថង់យួរជាដើម។ ក្នុងនោះដែរ វាក៏បានបង្កើតការងារជាង១២២,០០០កន្លែងដល់ប្រជាជនដែលនៅរស់នៅតំបន់ជិតៗនោះដូចជា ខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។ល។
កាលពីពេលថ្មីៗនេះ CDC បានអនុញ្ញាត្តិឱ្យក្រុមហ៊ុនប្រាំ វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាល ដែលទំហំទឹកប្រាក់នៃគម្រោងវិនិយោគមានតម្លៃជាង ៥០លានដុល្លារ។
ការវិនិយោគមកលើប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ ព្រោះវាអាចបង្កើតឱកាសការងារថ្មីៗជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអាចជួយឱ្យមានដំណើរការសេដ្ឋកិច្ចក្នុងស្រុក លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ៕