ខុសពីសំណង់អគារបែបប្រអប់ (Box Building) ដូចយើងធ្លាប់ឃើញកន្លងមក សំណង់ជាច្រើនរួមមានអគារពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋាននានា កំពុងមានសន្ទុះកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។ សំណង់អគារថ្មីៗទាំងនេះលេចចេញជារូបរាងជាមួយនឹងការរចនាម៉ូដប្លែកៗ និងមានស្តង់ដារស្ថាបត្យកម្មត្រឹមត្រូវ ហើយនេះគឺជាកត្តាធំមួយដែលជួយបន្ថែមតម្លៃឱ្យអគារទាំងនោះ។ តើការវិនិយោគលើស្ថាបត្យកម្មអាចបន្ថែមតម្លៃឱ្យសំណង់អគារដោយរបៀបណា?
«ស្ថាបត្យកម្ម» អាចបកស្រាយបានថាជាដំណើរការរាប់ចាប់ពី ការចុះពិនិត្យមើល និងសិក្សាពីការដ្ឋានសាងសង់ ការយល់ច្បាស់ពីគោលបំណងព្រមទាំងមុខងារនៃសំណង់អគារ (ប្រើសម្រាប់ធ្វើអ្វី និងសម្រាប់អ្នកណា) ការកំណត់ប្លង់បាត ប្រព័ន្ធទឹកភ្លើង ការរចនាម៉ូដសំណង់ ការជ្រើសរើសសម្ភារៈសំណង់ បច្ចេកទេសសាងសង់ ការសាងសង់ ក៏ដូចជាបន្ទាប់ពីសាងសង់ហើយផងដែរ។
បន្ថែមគុណភាពដល់ការរស់នៅរបស់អ្នកប្រើប្រាស់
សំណង់អគារមួយកាន់តែមានគុណតម្លៃ លុះត្រាតែវាអាចបន្ថែមគុណភាពដល់ការរស់នៅ អាចបម្រើប្រយោជន៍ បំពេញតាមតម្រូវការ និងបន្ថែមគុណតម្លៃដល់បទពិសោធន៍អ្នកប្រើប្រាស់។ លក្ខណៈទាំងនេះអាចសម្រេចបានជាមួយការសាងសង់ដោយមានស្ថាបត្យកម្មត្រឹមត្រូវដែលបូកបញ្ចូលធាតុមួយចំនួនដូចជា ការរចនានៃសោភ័ណភាពអគារ បច្ចេកទេសសាងសង់ សម្ភារៈសំណង់ដែលយកមកប្រើប្រាស់ និងការបំពាក់បច្ចេកវិទ្យាផ្សេងៗសម្រាប់អ្នកប្រើប្រាស់ជាដើម។
តួយ៉ាង អគារពាណិជ្ជកម្មដែលបានរចនានិងសាងសង់ឡើងដោយបច្ចេកទេសត្រឹមត្រូវសម្រាប់មុខងារនៃអគារនិងការបំពាក់បច្ចេកវិទ្យាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ជាក់ស្តែង នឹងជួយជម្រុញឱ្យពួកគេមានផលិតភាពការងារកាន់តែខ្ពស់។ រីឯលំនៅដ្ឋានដែលរចនាដោយប្រើប្រាស់ពណ៌ចូលគ្នាល្អ ឬប្រើសម្ភារៈសំណង់មានគុណភាពខ្ពស់ -ល- នឹងបង្កឱ្យមានផាសុកភាពដល់អ្នករស់នៅ។
បង្កើតសោភ័ណភាព
សំណង់អគារដែលនៅសល់ប៉ុន្មានពី ១០ ទៅ ២០ឆ្នាំមុន ច្រើនតែសង់ឡើងដោយផ្តោតសំខាន់លើមុខងារជាងសោភ័ណភាព។ ស្របពេលដែលការរស់នៅប្រចាំថ្ងៃនៅតែបន្តប្រែប្រួល រសនិយម និងចំណង់ចំណូលចិត្តរបស់ប្រជាជនក៏បានផ្លាស់ប្តូរទៅតាមពេលវេលាដូចគ្នា។ ជាពិសេស ការឱ្យតម្លៃទៅលើសោភ័ណភាពនៃរបស់ប្រើប្រាស់ រួមទាំងលំនៅដ្ឋាននិងសំណង់អគារផ្សេងៗដែរ បានក្លាយជាបទដ្ឋានថ្មីមួយ ដោយគេជឿថាវានឹងបន្ថែមសោភ័ណភាពឱ្យជីវិតពួកគេ តាមរយៈស្ថាបត្យកម្មដែលរួមបញ្ចូលនូវភាពជឿនលឿន និងការដើរទាន់សម័យកាល។ ហេតុនេះហើយ សោភ័ណភាពនៃស្ថាបត្យកម្មក៏បន្ថែមតម្លៃ និងមានសារសំខាន់ដូចគ្នាទៅនឹងសំណង់ដែលបំពេញមុខងារឱ្យអ្នកប្រើប្រាស់។
បង្កើតតម្លៃលក់
កាលណាអគារត្រូវបានសាងសង់ឡើងប្រកបដោយគុណភាព អាចបម្រើផលប្រយោជន៍និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់វា ហើយថែមទាំងពោរពេញដោយសោភ័ណភាពទៀតនោះ អ្នកប្រើប្រាស់នឹងកាន់តែផ្ដល់តម្លៃឱ្យសំណង់។ ការកើនឡើងនៃតម្លៃសំណង់បានន័យថា សំណង់ទាំងនោះអាចដាក់លក់ ឬជួលក្នុងទីផ្សារបានក្នុងតម្លៃខ្ពស់ ហើយអ្នកដែលទទួលបានផលចំណេញគឺម្ចាស់សំណង់អគារ។
ទោះយ៉ាងណា ការងារស្ថាបត្យកម្មគប្បីឆ្លងកាត់ការសិក្សា ការពិចារណា ការរចនា និងការសាងសង់ដោយអ្នកជំនាញមានភាពច្នៃប្រឌិត និងមានបទពិសោធន៍ខ្ពស់។
ដូចនេះសូមអ្នកស្រាវជ្រាវ និងពិភាក្សាជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មនេះឱ្យបានច្រើន មុនសម្រេចចិត្ត។
Sorsor Architects និង Sorsor Interior គឺជាក្រុមហ៊ុនរចនា និង សាងសង់ស្ថាបត្យកម្មដែលបានធ្វើការលើគម្រោងជាច្រើន រួមមានការិយាល័យ ភោជនីយដ្ឋាន អគារពាណិជ្ជកម្ម ព្រមទាំងលំនៅដ្ឋានមួយចំនួនទៀតផង។ សម្រាប់ព័ត៌មានបន្ថែម ឬការប្រឹក្សាលើគម្រោងស្ថាបត្យកម្មផ្សេងៗ អ្នកអាចទំនាក់ទំនងទៅ Email: info@sorsorarchitects.com ឬទូរស័ព្ទទៅកាន់ Office: 023 90 10 44/ Mobile: 092 170 136
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ៦ចំណុចគួរពិចារណាមុនវិនិយោគលើអចលនទ្រព្យ
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។