ពេលនៅរៀន សិស្ស និស្សិតក៏អាចប្រឡូកក្នុងវិស័យវិនិយោគបាន ដរាបណាយើងចេះបែងចែកពេលវេលាបានត្រឹមត្រូវរវាងការវិនិយោគ និងការសិក្សា មិនឲ្យលើសខ្វះព្រំដែនទៅវិញទៅមក ហើយប្រាកដចិត្តថាអ្នកអាចរ៉ាប់រងហានិភ័យនានាកំឡុងពេលវិនិយោគនេះបាន។ អេដមីនសូមផ្ដល់គំនិត ៤ យ៉ាង សម្រាប់អ្នកកំពុងរៀនសូត្រដែលមានបំណងវិនិយោគ៖
១. ភាគហ៊ុន និងបណ្ណបំណុល៖
សិស្សនិស្សិតអាចវិនិយោគនៅផ្សារមូលបត្រកម្ពុជា អាចទិញភាគហ៊ុនចាប់ពីមួយហ៊ុនឡើងនៅក្នុងក្រុមហ៊ុនចំនួន៧ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ចំពោះ “ភាគហ៊ុន” នៅពេលក្រុមហ៊ុនប្រកាសចែកភាគលាភ យើងនឹងទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។
ចំណែកឯ “បណ្ណបំណុល ឬសញ្ញាបណ្ណ” វិញ វិនិយោគិននឹងទទួលបានពីអ្នកបោះផ្សាយ នូវការប្រាក់នៅពេលជាក់លាក់ណាមួយជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។ សូមបញ្ជាក់ផងដែរថា នៅវ័យសិក្សា គួរវិនិយោគលើអ្វីដែលអ្នកគិតថាអ្នកអាចទប់ទល់នឹងហានិភ័យបាន តែប្រសិនបើលោកអ្នកនៅស្ទាក់ស្ទើរ មិនដឹងចាប់ផ្ដើមវិនិយោគពីចំណុចណា គួរស្វែងរកអ្នកជំនាញ ឬឈ្មួញជើងសារណាម្នាក់ដើម្បីពិគ្រោះយោបល់អំពីការជូញដូរហ៊ុននេះ។
២. វិនិយោគលើការសិក្សា៖
តើអ្នកដឹងទេថា ការសិក្សាក៏ជាការវិនិយោគមួយដែរ? ចំណាយថវិកាទៅលើការរៀនសូត្រ គឺជាការបណ្ដាក់ទុនវិនិយោគទៅលើវិជ្ជា បច្ចេកទេស បំណិនផ្សេងៗដើម្បីអភិវឌ្ឍមូលធនបញ្ញា។ វាទាមទារឲ្យយើងចំណាយកម្លាំង ពេលវេលា ការអត់ធ្មត់ ការតាមដានលទ្ធផលសិក្សា ការស្វែងរកគន្លឹះរៀនឆាប់ចេះ ដូចគ្នាទៅនឹងតិចនិចលេងភាគហ៊ុននេះឯង។ ចំណុចសំខាន់ដែលយើងចាត់ទុកការសិក្សារៀនសូត្រជាការវិនិយោគនោះ គឺផលចំណេញ។
នៅពេលវិនិយោគលើភាគហ៊ុន ឬបណ្ណបំណុល វិនិយោគិនទទួលបានមកវិញនូវភាគលាភ ឬអត្រាការប្រាក់។ រីឯការសិក្សាផ្ដល់ភាពចំណេញតាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើនានា ដើម្បីឲ្យសិក្ខាជនយកតម្រិះទាំងនោះមកប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គម ក្នុងកន្លែងការងារ ក្នុងកន្លែងរកស៊ីជាដើម។
៣. វិនិយោគលើជំនាញហាត់ការ៖
ជំនាញហាត់ការ ឬ Internship ជាមធ្យោបាយដ៏ប្រសើរមួយចំពោះនិស្សិត ដើម្បីទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង។ សិស្សនិស្សិតមិនចាំបាច់ទាល់ទទួលបានប្រាក់ចំណូលនោះឡើយ ដោយបន្ទាប់ពីឆ្នាំទី១ ឬទី២ ទៅ ពួកគេគួរតែចាប់ផ្ដើមវិនិយោគពេលវេលាលើជំនាញហាត់ការណាមួយ តួយ៉ាងដូចជាការងារស្ម័គ្រចិត្ត (ត្រូវនឹងជំនាញ) ការងារជួយសង្គម ឬហាត់ការនៅក្រុមហ៊ុនណាមួយដោយផ្ទាល់តែម្ដង។
ជំនាញហាត់ការនឹងជួយពង្រឹងសក្ដានុពល CV ក៏ដូចជាប្រវត្តិការងារ (work portfolio) ព្រមទាំងជាការវិនិយោគលើចំណេះដឹងដើម្បីត្រៀមខ្លួនប្រឡូកក្នុងទីផ្សារការងារប្រកួតប្រជែងនៅពេលរៀនចប់ទៀតផង។
៤. សន្សំប្រាក់៖
សន្សំប្រាក់ ក៏ជាការវិនិយោគដែរឬ? មិនមែនទេ តែវាក៏មានទំនាក់ទំនងជាមួយគ្នាដែរ។ ដើម្បីវិនិយោគបាន លុះត្រាយើងជាសិស្សនិស្សិតសន្សំលុយឱ្យបានសិនដែរ។ អ្នកមិនចាំបាច់ទាល់តែមានលុយកាក់ច្រើនសន្សំនោះឡើយ ដោយផ្ដើមពីចំនួនតិចតួចទៅសិនក៏បាន ឬពុំដូច្នោះទេអ្នកអាចបើកគណនីសន្សំមានកាលកំណត់ (Fixed Deposit) នឹងអាចឲ្យយើងទទួលបានអត្រាការប្រាក់ខ្ពស់ឬទាប ទៅតាមលក្ខខណ្ឌនៃធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ។ វាផ្ដល់ភាពងាយស្រួលដល់សិស្ស និស្សិត ដែលមានបំណងសន្សំលុយនៅធនាគារ ហើយចង់បានការប្រាក់ ជាជាងសន្សំក្នុងកូនជ្រូក មិនបានការប្រាក់ ហើយពេលខ្លះកណ្ដៀរកោរលុយទៀត។
ក្រៅពីវិនិយោគទាំងនេះទៅ សិស្សនិស្សិតដែលមានក្ដីបំណងចង់បើកដំណើរការអាជីវកម្មណាមួយ វាជាឱកាសល្អសម្រាប់ពួកគាត់ចំណាយពេលវេលា ប្រើប្រាស់ដើមទុនបន្តិចបន្តួចវិនិយោគលើអាជីវកម្ម ក្នុងរូបភាពជាអាជីវកម្មអនឡាញជាដើម។ យ៉ាងណាមិញ ការវិនិយោគដែលល្អបំផុតនោះ គឺការវិនិយោគលើខ្លួនឯង តាមរយៈការចាយពេលវេលាលើការរៀនសូត្រឱ្យបានចប់ចុងចប់ដើ ដើម្បីក្រេបយកចំណេះវិជ្ជា ជាទុនសម្រាប់វិនិយោគនៅថ្ងៃក្រោយ៕