រៀនចប់បាក់ឌុបហើយ បានរើសជំនាញសិក្សាថ្នាក់មហាវិទ្យាល័យហើយនៅ? គណនេយ្យនិងហិរញ្ញវត្ថុគឺជាមុខជំនាញមួយក្នុងចំណោមមុខជំនាញពេញនិយមដទៃ ទៀតដែលសិស្សានុសិស្សជាច្រើនបានជ្រើសរើសរៀងរាល់ឆ្នាំ ។
សម្រាប់អ្នកធ្លាប់គិតចង់សិក្សាជំនាញនេះតែមិនដឹងថាបន្ទាប់ពីរៀនចប់ហើយអាចធ្វើការងារអី្វខ្លះ ថ្ងៃនេះយើងនឹងងាកមកមើលអាជីពមួយចំនួនដែលអ្នកបញ្ចប់ការសិក្សាផ្នែក គណនេយ្យ និងហិរញ្ញវត្ថុអាចចាប់យកបាន។
គណនេយ្យករ
ក្រោយពីចប់ជំនាញមួយនេះភាគច្រើនគឺគេជ្រើសរើសធ្វើជាគណនេយ្យករ។ ទំនួលខុសត្រូវចម្បងនៃតំណែងមួយនេះគឺកត់ត្រាទិន្នន័យហិរញ្ញវត្ថុដើម្បីបង្កើតជារបាយការណ៍ហិរញ្ញវត្ថុប្រចាំខែនិងប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ ក្រៅពីនេះ គណនេយ្យករមានភារកិច្ចរៀបចំឯកសារបង់ពន្ធផ្សេងៗ សហការជាមួយសវនករក្នុងការពិនិត្យឯកសារ រៀបចំឯកសារទៅកាន់អតិថិជនឬអ្នកផ្គត់ផ្គង់ វិភាគប្រាក់ចំណេញនិងលំហូរចំណូលរួចបង្កើតផែនការកញ្ចប់ថវិកាផងដែរ។ ទំនួលខុសត្រូវខាងលើនេះអាចផ្លាស់ប្តូរទៅតាមក្រុមហ៊ុននីមួយៗនិងឋានៈរបស់គណនេយ្យករដូចជាជំនួយការគណនេយ្យ ប្រធានគណនេយ្យ និងប្រធានហិរញ្ញវត្ថុ (Chief Financial Officer ឬ CFO) ជាដើម។
បុគ្គលិកនៅធនាគារ
ក្នុងវិស័យធនាគារក៏ត្រូវការអ្នកមានជំនាញគណនេយ្យនិងហិរញ្ញវត្ថុដែរ តែគេត្រូវសិក្សា ផ្នែកធនាគារបន្ថែមទៀតដើម្បីឲ្យមានជំនាញកាន់តែច្បាស់អំពីវិស័យធនាគារ។ នៅក្នុងផ្នែកនេះមានប្រភេទការងារជាច្រើនដូចជា អ្នកគ្រប់គ្រងឥណទាន អ្នកវិភាគកម្ចី (Credit Analyst) ប្រធានហិរញ្ញវត្ថុ។ល។
សវនករ
ជំនាញសវនកម្មជាជំនាញមួយដ៏ពេញនិយមសម្រាប់អ្នកសិក្សាផ្នែកហិរញ្ញវត្ថុ។ ការងារចម្បងរបស់សវនករគឺពិនិត្យលើសុក្រឹត្យភាពនិងស្តង់ដារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានសរសេររបាយការណ៍បញ្ជាក់ពីលទ្ធផលនៃការពិនិត្យ(Auditor’s Opinion)នាពេលបញ្ចប់ការងារ។ បច្ចុប្បន្ន សវនកម្មមិនត្រូវបានប្រើប្រាស់ជាទូទៅដូចគណនេយ្យនោះទេ ដែលភាគច្រើន គេប្រើសម្រាប់តែក្រុមហ៊ុនធំៗនិងក្រុមហ៊ុនដែលដាក់លក់ភាគហ៊ុនជាសាធារណៈនៅក្នុងផ្សារមូលបត្រតែប៉ុណ្ណោះ។
ផ្នែកពន្ធដា
ការងារពន្ធដារមានទីផ្សារច្រើនដោយសារតែសន្ទុះនៃចំនួនក្រុមហ៊ុនបង្កើតថ្មីនៅតែកើន ឡើងជាបន្តបន្ទាប់ ដូចនេះការរៀបចំបង់ពន្ធក៏មានតម្រូវការច្រើនដែរ។ ចំពោះផ្នែកនេះ អ្នកអាចបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមក្រុមហ៊ុន។ ទំនួលខុសត្រូវ លើការងារប្រភេទនេះមានផ្សេងៗគ្នាទៅតាមមុខតំណែងដូចជាអ្នកប្រឹក្សាទៅលើពន្ធដារ អ្នករៀបចំឯកសារសម្រាប់បង់ពន្ធ (ជាបុគ្គលិកក្នុងក្រុមហ៊ុន ឬរៀបចំឱ្យក្រុមហ៊ុនជា អតិថិជនឬជាភ្នាក់ងារបង់ពន្ធ) ជាដើម។
អ្នកប្រឹក្សាផ្នែកគ្រប់គ្រង
អ្នកប្រឹក្សាផ្នែកគ្រប់គ្រង ឬអាចហៅបានថាអ្នកវិភាគការគ្រប់គ្រងគឺជាអ្នកបង្កើតផែនការ
ប្រឹក្សានិងផ្ដល់យោបល់ដែលជួយជំរុញឲ្យអាជីវកម្មរីកចម្រើនទៅមុខទាំងលើផ្នែកគ្រប់ គ្រងទូទៅ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ឬគម្រោងការអាជីវកម្មដទៃទៀត ក្នុងគោលបំណងឲ្យ ក្រុមហ៊ុននោះទទួលបានប្រាក់ចំណេញកាន់តែច្រើនតាមរយៈការកាត់បន្ថយចំណាយ និងបង្កើនចំណូល។
ម្ចាស់អាជីវកម្ម
ទោះបីជំនាញនេះមិនបានផ្តោតចម្បងតែលើការគ្រប់គ្រងអាជីវកម្ម ប៉ុន្តែជាទូទៅ នៅឆ្នាំមូលដ្ឋាននៃថ្នាក់សាកលវិទ្យាល័យរមែងមានការបញ្ចូលមុខវិជ្ជាសម្រាប់ការ ប្រើប្រាស់ទូទៅក្នុងអាជីវកម្មដូចជាមុខវិជ្ជាទីផ្សារ និងច្បាប់អាជីវកម្ម។ ម្យ៉ាងទៀត ជំនាញ គណនេយ្យនិងការគ្រប់គ្រងហិរញ្ញវត្ថុនេះក៏មានអត្ថប្រយោជន៍សំខាន់ដល់ការគ្រប់គ្រង ដំណើរការអាជីវកម្មឲ្យកាន់តែប្រសើរដែរ។
អ្នកវិភាគហិរញ្ញវត្ថុ
នៅប្រទេសកម្ពុជា អាជីពមួយនេះមិនសូវជាត្រូវបានគេលើកយកមកនិយាយនោះទេ ព្រោះភាគច្រើនទាល់តែជាក្រុមហ៊ុនធំ ឬក្រុមហ៊ុនអន្តរជាតិទើបមានតម្រូវការមុខ ដំណែងអ្នកវិភាគហិរញ្ញវត្ថុនេះ។ ការងារចម្បងរបស់អាជីពមួយនេះគឺពិនិត្យរបាយការណ៍ហិរញ្ញវត្ថុពីមុនរបស់ក្រុមហ៊ុន ហើយប៉ាន់ស្មានលើចំណូលនិងចំណាយនាពេលអនាគត ដើម្បីជាជំនួយក្នុងការសម្រេចចិត្តទៅលើការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុនមួយនោះ។
ក្រៅពីការងារដែលបានលើកឡើងប៉ុន្មានខាងមុននេះ នៅមានការងារជាច្រើនទៀតដែលអ្នកសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុអាចស្វែងរក បត់បែនខ្លួន និងហ្វឹកហាត់ ជំនាញបន្ថែម ដើម្បីសម្របតាមតម្រូវការក្នុងទីផ្សារការងារ។ ដោយហេតុថាគ្រប់ក្រុមហ៊ុនតែងត្រូវការផ្នែកគណនេយ្យនិងហិរញ្ញវត្ថុក្នុងកិច្ចដំណេីរការអាជីវកម្មឱ្យមានភាពរលូននិងល្អប្រសើរទៅមុខ៕
សូមកុំភ្លេច! ចូលរួមជាមួយ កាក់សេន-KAKCENT នៅលើ Telegram ឥឡូវនេះ!
ចុចទីនេះស្វែងយល់បន្ថែមពី: ការងារសម្រាប់អ្នករៀនចប់ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។