គ្រប់និស្សិតទាំងអស់ដែលបញ្ចប់ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ សុទ្ធតែធ្វើការងារជា គណនេយ្យករ? មិនមែនទេ! តាមពិតទៅ ឱកាសការងារពីជំនាញនេះ គឺមានច្រើន ដែលជំនាញនីមួយៗសុទ្ធសឹងតែជំនាញដែលមិនខ្វះបាន មិនថាក្នុងស្ថាប័នការងារ ឬអាជីវកម្មនោះឡើយ។
មន្រ្តីពន្ធដារ
អ្នកសិក្សាជំនាញគណនេយ្យនិងហិរញ្ញវត្ថុអាចក្លាយទៅជាមន្រ្តីពន្ធដារ ឬភ្នាក់ងារពន្ធដារឯកជន។ ភាគច្រើន គេអាចបន្ថែមចំណេះដឹងខាងផ្នែកនេះឲ្យកាន់តែស៊ីជម្រៅ ដោយចុះឈ្មោះសិក្សាយកភ្នាក់ងារពន្ធដារ (Tax Agent) នៅសាលាជាតិពន្ធដារ។
អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)
អ្នកបញ្ចប់ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចធ្វើការក្នុងក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឯកជនធំៗ ជាច្រើនទាក់ទងនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដ្បិតថា ក្រុមហ៊ុនទាំងនោះត្រូវការជាចាំបាច់ជាមួយអ្នកមានជំនាញច្បាស់លាស់ក្នុងការវិភាគដិតដល់នៅក្នុងគម្រោងថា តើគួរវិនិយោគលើគំរោងដែលដាក់ស្នើរឬទេ។ ការងារនេះអាចជាលំបាកបន្តិចមែន ប៉ុន្តែប្រាក់ចំណូលក៏ខ្ពស់គួរសមផងដែរ។
សវនករ (Auditor)
សវនករមាន២ប្រភេទ គឺសវនករផ្ទៃក្នុង (Internal Auditor) ដែលជាបុគ្គលិកក្រុមហ៊ុនត្រូវធ្វើសវនកម្ម មានតួនាទីផ្តល់ជាយោបល់អំពីការអនុវត្តនិងហានិភ័យនៃដំណើរការរបស់ក្រុមហ៊ុនទៅកាន់អ្នកគ្រប់គ្រងឬក្រុមប្រឹក្សាភិបាល។
រីឯសវនករឯករាជ្យ (External Auditor) គឺសំដៅលើសវនករដែលជាបុគ្គលិករបស់ក្រុមហ៊ុនសវនកម្មឯកជន ដោយគ្មានពាក់ព័ន្ធនឹងក្រុមហ៊ុនដែលបានសវនករនោះទេ។ សវនករឯករាជ្យត្រូវរាយការណ៍ទៅម្ចាស់ភាគហ៊ុនអំពីស្ថានភាពហិរញ្ញវត្ថុ ជាពិសេស ត្រូវតែជាអ្នកដែលមានជំនាញ និងមានការទទួលស្គាល់ត្រឹមត្រូវ។
ឈ្មួញកណ្តាលក្នុងក្រុមហ៊ុនមូលប័ត្រ (Underwriter/Broker)
ជាឈ្មួញកណ្តាល(Broker) ត្រូវការចាំបាច់នូវការយល់ច្បាស់ និងចេះវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រមទាំងវាស់ស្ទង់ស្ថានភាពសេដ្ឋកិច្ច និងកត្តាជាប់ពាក់ព័ន្ធផ្សេងៗ។ ចំណុចមួយទៀត ក្រៅពីចូលចិត្តវិភាគ អ្នកដែលចង់ប្រឡូកក្នុងការងារនេះ ក៏ត្រូវការចេះជំនាញលក់ ដែលប្រើប្រាស់វោហារស័ព្ទក្នុងការទាក់ទងជាមួយអតិថិជនដូចគ្នា។
អ្នកធនាគារផ្នែកផ្តល់កម្ចីឥណទាន(Loan Officer)
សម្រាប់អ្នកជំនាញផ្នែកនេះ មានតួនាទីសំខាន់ពិនិត្យមើលលទ្ធភាពសងរបស់អ្នកកម្ចីប្រាក់ធនាគារ និងការគ្រប់គ្រង ចៀសវាងកុំឲ្យមានបំណុលអាក្រក់ច្រើនពេកនៅក្នុងធនាគារ។ វាក៏ជាការងារមួយដែលអ្នកគណនេយ្យធ្វើបានយ៉ាងពិតប្រាកដ ដោយហេតុថា វាក៏ផ្អែកលើការចេះមើលបញ្ជីគណនេយ្យ និងគិតពីកម្រិតហានិភ័យហិរញ្ញវត្ថុដែលនឹងជួបប្រទះមានពេលកំពុងខ្ចី ព្រមទាំងកំណត់វាយតម្លៃថា លើប្រភេទបុគ្គលដែលធនាគារនឹងផ្ដល់ឱ្យ ឬគួរផ្ដល់កម្ចីក្នុងកម្រិតណាមួយ។
ជំនាញទាំងអស់នេះសុទ្ធសឹងជាជំនាញដែលមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជាយើង។ ដោយឡែកក្រៅពីជំនាញដែលបានរៀបរាប់ខាងលើ នៅមានជំនាញជាច្រើនទៀតដែលនិសិ្សតគណនេយ្យនិងហិរញ្ញវត្ថុអាចធ្វើបាន អាស្រ័យលើសមត្ថភាព និង កម្រិតចេះដឹងពិតប្រាកដដែលបានសិក្សាពីសាលាមក៕