Kakeibo ដែលអាចអានបានថា “កា កេ បូ” មានន័យថាសៀវភៅហិរញ្ញវត្ថុគ្រួសារ (household financial ledger) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៤ ដោយស្ត្រីម្នាក់ឈ្មោះ Hani Motoko។
វិធីសាស្ត្រ Kakeibo ផ្ដោតទៅលើការកត់ត្រាទុក ដើម្បីកំណត់ពី ទម្លាប់ចាយវាយ ហើយជាទូទៅ គេតែងប្រើវិធីសាស្ត្រ នេះជារៀងរាល់ដើមខែ។
សំណួរសំខាន់ៗទាំង៤ពីវិធីសាស្ត្រ Kakeiboគឺ៖
១. តើក្នុងមួយខែ អ្នកនៅសល់លុយប៉ុន្មាន?
បន្ទាប់ពីបូកសរុបចំណាយថេរ(ថ្លៃផ្ទះ ទឹកភ្លើង បង់រំលស់ ធានារ៉ាប់រង -ល-) រួចរាល់ អ្នកនឹងដឹងចម្លើយថាមួយខែពេញ អ្នកនៅសល់លុយប៉ុន្មានសម្រាប់ចាយ។
២. តើក្នុងមួយខែ អ្នកចង់សន្សំលុយប៉ុន្មាន?
បន្ទាប់មកត្រូវកំណត់គោលដៅសន្សំ ដោយកំណត់ការ ចំណាយប្រចាំសប្តាហ៍ ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់ទម្លាប់នេះ។
- ប្រើប្រាស់យុទ្ធសាស្ត្រ SMART Goal Strategy ដើម្បីឱ្យការសន្សំកាន់តែមានប្រសិទ្ធិភាព។
៣. តើក្នុងមួយខែ អ្នកចំណាយលុយប៉ុន្មាន?
គួរបែងចែកចំណាយទៅជា ៤ ប្រភេទសំខាន់ៗដូចជា ចំណាយដែលចាំបាច់ ចំណង់ ចំណាយបន្ថែម និង វប្បធម៌
(មើលកុន ទិញសៀវភៅ -ល-)។
៤. តើអ្នកនៅមានចំណុចខ្វះខាតអ្វីខ្លះចង់កែប្រែ? ដោយរបៀបណា?
អ្នកត្រូវពិនិត្យមើលឡើងវិញរាល់ការចំណាយប្រចាំសប្តាហ៍ និងប្រចាំខែដើម្បីកំណត់ ឬកាត់បន្ថយដើម្បីសន្សំបន្ថែម។
ប្រសិនបើមានចំណុចខ្វះខាតត្រង់ចំណុចណាមួយ
អ្នកត្រូវស្វែងរកវិធីកែប្រែផ្លាស់ប្ដូរសម្រាប់ខែក្រោយ។
គួរបញ្ជាក់ផងដែរថាវិធីសាស្ត្រ Kakeibo មានអាយុកាលជាង ១០០ឆ្នាំហើយ។ ប្រជាជនជប៉ុននៅតែបន្តអនុវត្តវិធីសាស្ត្រនេះដដែល ដ្បិតថាវាមានប្រសិទ្ធិភាពខ្ពស់ពីការថែទាំសុខភាពហិរញ្ញវត្ថុរបស់ពួកគេ។
យ៉ាងណាមិញ អ្នកអាចយកវិធីសាស្ត្រនេះទៅសាកល្បងបាន
ដើម្បីដឹងថាតើវាពិតជាមានប្រសិទ្ធិភាពដូចគេថាមែនឬយ៉ាងណា?