Kakeibo ដែលអាចអានបានថា “កា កេ បូ” មានន័យថាសៀវភៅហិរញ្ញវត្ថុគ្រួសារ (household financial ledger) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៤ ដោយស្ត្រីម្នាក់ឈ្មោះ Hani Motoko ដែលត្រូវបានគេស្គាល់ថាជាស្ត្រីជនជាតិជប៉ុនដំបូងបង្អស់ ដែលមានអាជីពជាអ្នកសារព័ត៌មាន (Journalist) ។
វិធីសាស្ត្រ Kakeibo ខុសពីគេ ដោយវាមិនប្រើកម្មវិធីគ្រប់គ្រងលុយតាមប្រព័ន្ធកំព្យូទ័រ ឬ Excel ដូចដែលអ្នកធ្លាប់ធ្វើពីមុនទេ តែវាផ្ដោតទៅលើការកត់ត្រាទុក ដើម្បីកំណត់ពីទម្លាប់ចាយវាយរបស់អ្នកវិញ។
ជាធម្មតា គេតែងប្រើវិធីសាស្ត្រនេះជារៀងរាល់ដើមខែនីមួយៗ ហើយគន្លឹះសំណួរសំខាន់ៗពីវិធីសាស្ត្រ Kakeibo នេះមាន ៤ គឺ៖
១. តើក្នុងមួយខែ អ្នកនៅសល់លុយប៉ុន្មាន?
ដើម្បីឆ្លើយតបទៅនឹងសំណួរនេះបាន អ្នកត្រូវបូកសរុបប្រភពប្រាក់ចំណូលអ្នកទាំងអស់បញ្ចូលគ្នា បន្ទាប់មកយកវាទៅកាត់កងលើចំណាយថេរ (fixed expense) ដូចជា ថ្លៃស្នាក់នៅ ទឹកភ្លើង ចំណាយលើការបង់រំលស់ ធានារ៉ាប់រងជាដើម។
នៅពេលទូទាត់រួចរាល់ តើអ្នកនៅសល់លុយនោះប៉ុន្មានសម្រាប់ចាយវាយមួយខែពេញ?
២. តើក្នុងមួយខែ អ្នកចង់សន្សំលុយប៉ុន្មាន?
បន្ទាប់ពីដឹងនូវចំនួនតួរលេខទឹកប្រាក់ដែលនៅសល់បន្ទាប់ពីទូទាត់ហើយ រឿងបន្ទាប់ គឺកំណត់គោលដៅសន្សំ ដោយកំណត់ចំណាយប្រចាំសប្តាហ៍ ហើយអ្នកចាំបាច់គួរតែប្រកាន់ខ្ជាប់ ដើម្បីសម្រេចគោលដៅសន្សំនេះ។ តើគួរសន្សំប៉ុន្មានក្នុងមួយខែ បើផ្អែកតាមស្ថានភាពហិរញ្ញវត្ថុរាល់ថ្ងៃនេះ ហើយសន្សំដើម្បីអី?
គន្លឺះ៖ គួរប្រើប្រាស់យុទ្ធសាស្ត្រ SMART Goal Strategy ដើម្បីឱ្យការសន្សំអ្នកកាន់តែមានប្រសិទ្ធិភាព។
៣. តើក្នុងមួយខែ តើអ្នកចំណាយលុយចំនួនប៉ុន្មាន?
ទាញសៀវភៅមកកត់ត្រាការចាយវាយដែលអ្នកនឹងត្រូវចាយក្នុងមួយខែនេះ ដោយបែងចែកចំណាយនោះទៅជា ៤ ចំណុចសំខាន់ៗដូចជា៖
- ចំណាយដើម្បីរស់ (ចំណាយដែលចាំបាច់ដូចជា ម្ហូបអាហារ)
- ចំណាយលើចំណង់/ជម្រើស (ចំណាយទៅលើចំណង់មួយចំនួនដែលយើងខ្វះវាក៏រស់បាន ដូចជាចំណាយលើសម្លៀកបំពាក់ថ្មីៗ ញ៉ាំអាហារខាងក្រៅ ឬចំណាយលើការហូបប៊ីយ៉ែ)
- ចំណាយបន្ថែម (ចំណាយដែលមិនបានរំពឹងទុកដូចជាការជួសជុល ពិធីខួបកំណើត មង្គលការមិត្តភក្តិជាដើម) ។
- វប្បធម៌ (វាជាវប្បធម៌ចាយវាយអ្នកដែលមានដូចជាទៅមើលកុន ទិញសៀវភៅជាដើម)។ ចំណាយនេះ អាចស្ថិតក្នុងចំណាយលើចំណង់/ជម្រើស ប៉ុន្តែវិធីសាស្ត្រ Kakeibo បានបែងចែកចំណុចនេះ អាស្រ័យទៅតាមវប្បធម៌របស់ជនជាតិជប៉ុនប៉ុណ្ណោះ។
៤. តើក្នុងមួយខែនេះ អ្នកមានចំណុចណាដែលខ្វះខាត និងចង់កែប្រែចំណុចនោះដោយរបៀបណា?
នៅរៀលរាល់ចុងសប្ដាហ៍ ឬចុងខែនីមួយៗ អ្នកត្រូវមើលឡើងវិញនូវអ្វីដែលអ្នកកំពុងអនុវត្ត ដើម្បីដឹងថា តើអ្នកពិតជានៅលើផ្លូវតែមួយដែលខិតជិតដល់គោលដៅ ឬយ៉ាងណា? តើអ្នកចំណាយច្រើនទៅលើអ្វី? តើអ្នកនឹងផ្លាស់ប្តូរអ្វីនៅខែក្រោយ? តាមដានរាល់ការចំណាយនីមួយៗដោយពិនិត្យមើលការចំណាយប្រចាំសប្តាហ៍ និងប្រចាំខែដើម្បីកំណត់ ឬកាត់បន្ថយដើម្បីសន្សំបន្ថែម។
មកដល់សព្វថ្ងៃនេះ វិធីសាស្ត្រ Kakeibo មានអាយុកាលជាង ១០០ឆ្នាំហើយ ប៉ុន្តែយើងឃើញថា ប្រជាជនជប៉ុននៅតែបន្តអនុវត្តវិធីសាស្ត្រនេះដដែល ដ្បិតថាវាមានប្រសិទ្ធិភាពខ្ពស់ពីការថែទាំសុខភាពហិរញ្ញវត្ថុរបស់ពួកគេ។
យ៉ាងណាមិញ អ្នកអាចសាកល្បងវិធីសាស្ត្រនេះក្នុងរយៈពេលមួយខែនេះសិនបាន ដើម្បីដឹងថា តើវាពិតជាមានប្រសិទ្ធិភាពដូចគេថាមែនឬយ៉ាងណា?