កាលពីចុងខែវិច្ឆិកាកន្លទៅនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យមានការបង្កើតតំបន់ឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅខេត្តកំពង់ធំតបតាមការស្នើសុំរបស់អាជ្ញាធរខេត្ត។ តំបន់ឧស្សាហកម្មនេះនឹងជួយបង្កើនផលិតភាពកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈបង្កើតការងារសម្រាប់ពលរដ្ឋ។
សម្តេច ហ៊ុន ម៉ាណែត បានបង្ហើបពីអនុញ្ញាត ឱ្យមានការបង្កើតតំបន់ឧស្សាហកម្មតប តាមសំណើរអភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
«អភិបាលខេត្តកំពង់ធំ បានស្នើសុំបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី ហើយខ្ញុំបា នឯកភាពលើសំណើនេះ។ ដីរបស់រដ្ឋនៅតែជាដីរបស់រដ្ឋ យើងយកទៅបង្កើតទៅ មិនមែនបង្កើតឱ្យឯកជនទេ»។ សម្តេចមានប្រសាសន៍ដូច្នេះ។
សម្តេចបន្តថា រដ្ឋនឹងផ្តល់ដីដល់ក្រុមហ៊ុនឯកជនដែលមានគម្រោងវិនិយោគស្វាយចន្ទី ដោយសហការគ្នាក្នុងការបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅកំពង់ធំនេះឡើង។ បើតាមសម្តេច តំបន់ឧស្សាហកម្មដែលផ្តោតចម្បងលើផលិតផលស្វាយចន្ទីនេះដែរ នឹងរួមចំណែកសំខាន់ក្នុងការបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់ជាអចិន្ត្រៃយ៍។
ទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់ដែលខ្លួនគ្រប់គ្រង ជាពិសេសតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតប្រភពចំណូលសម្រាប់ប្រជាជនមូលដ្ឋាន។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Cambonomist លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានវាយតម្លៃថាតំបន់ឧស្សាហកម្មក្នុងខេត្តកំពង់ធំដែលនឹងត្រូវបង្កើតឡើង អាចមានទម្រង់ដូចតំបន់សេដ្ឋកិច្ចពិសេស ដែលវាជួយកៀរគរទុនវិនិយោគបានច្ រើនសម្រាប់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងតំបន់។
ប្រធានសមាគម ស្វាយចន្ទីរូប នេះក៏វាយតម្លៃផងដែរថា ការផលិតនឹងមានតម្លៃទាប ដែលនាំឱ្យ ផលិតផលស្វាយចន្ទីកែច្នៃរបស់កម្ពុជាកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអន្តរជាតិ។
ស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មដែលមានសក្តានុពលខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីបានប្រហែល ៨៤ ម៉ឺនតោន ហើយនាំចេញទៅកាន់វៀតណាមក្នុងទំហំប្រមាណ ៧៩ ម៉ឺនតោន ដោយរកចំណូលបានប្រហែល ១,១១០ ពាន់លានដុល្លារអាមេរិកឯណោះ។
អ្នកជំនាញរំពឹងថា នៅក្នុងឆ្នាំ ២០២៥ ការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញនឹងមាន ការកើនឡើងលើសពី ១០ភាគរយព្រោះបណ្តារោងចក្រ ធំៗដែលវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជាចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួន៕