ការរកសុីមិនថាតូចឬធំ មិនមែនជារឿងងាយស្រួលនោះទេ មិនមែនមានដើមទុនបើកអាជីវកម្មហើយការងារចប់ រង់ចាំតែជោគជ័យនោះទេ។ ការរកស៊ីបែបណាក៏ត្រូវការអ្នកគ្រប់គ្រងដែលមានជំនាញ និងការគ្រប់គ្រងដែលមានប្រសិទ្ធិភាពដែរ។ ដូច្នេះបើចង់ចេញរកស៊ី យ៉ាងហោចណាស់គួរតែមានជំនាញ៦នេះ ដើម្បីឲ្យរបររកសុីដើរទៅមុខបានយ៉ាងរលូន។
1. ជំនាញហិរញ្ញវត្ថុ
ជំនាញនេះអាចជួយយើងក្នុងការចាត់ចែងហិរញ្ញវត្ថុទាំងមូលរបស់អាជីវកម្មដូចជា រៀបចំផែនការ តាមដាន និង គ្រប់គ្រងសកម្មភាពចំណូល និងចំណាយ ព្រោះបើអ្នកតាមដានមិនបានត្រឹមត្រូវ អ្នកពិបាកណាស់ក្នុងការប្រើប្រាស់លុយឲ្យមានប្រយោជន៍ដល់អាជីវកម្ម និងអាចធ្វើឲ្យខាតបង់។
2. ជំនាញទីផ្សារ លក់ និង សេវាកម្មអតិថិជន
ជំនាញខាងទីផ្សារ និងលក់ ជាជំនួយដល់អាជីវកម្មក្នុងការផ្សព្វផ្សាយទាក់ទាញ និងស្វែងរកអតិថិជនដែលត្រូវការផលិតផលឬសេវារបស់យើង។ ពេលមានអតិថិជនហើយ ជំនាញខាងសេវាកម្មអតិថិជននឹងជួយឲ្យយើងចេះផ្គាប់ចិត្ត បំពេញតម្រូវការ និងដោះស្រាយបញ្ហាជូនអតិថិជន។
3. ជំនាញដឹកនាំ
ចំពោះអាជីវករដែលត្រូវធ្វើការជាក្រុម ឬមានបុគ្គលិកក្រោមបង្គាប់ ជំនាញនេះជួយឲ្យ ដឹងពីរបៀបដឹកនាំសមាជិក ឬបុគ្គលិកឲ្យមានការសហការគ្នាបានល្អ និងរឹងមាំ។ ជំនាញនេះសំខាន់ព្រោះវាផ្តោតលើមនុស្ស និងផ្តល់ចក្ខុវិស័យក្នុងការដឹកនាំអាជីវកម្មឲ្យដំ់ណើរការទៅមុ។
4. ជំនាញទំនាក់ទំនង និងចរចា
ជំនាញចរចា និងទំនាក់ទំនងអាចជួយសម្របសម្រួលគម្រោងផែនការឲ្យដើររលូនជាងមុន ជួយឲ្យយើងចរចាកិច្ចសន្យាបានសម្រេច និង ជៀសវៀងពីបញ្ហា ឬការយល់ច្រលំដែលអាចប៉ះពាល់ដល់ការសហការណាមួយ។ មិនតែប៉ុណ្ណោះ ជំនាញនេះក៏ជួយឲ្យយើងបង្កើនភាពទាក់ទាញ និងទំនុកចិត្តដល់អតិថិជនដើម្បីឲ្យការចរចាបានផលទៅតាមការរំពឹងទុកផងដែរ។
5. ជំនាញដោះស្រាយបញ្ហា
របររកស៊ីណាក៏គង់ជួបបញ្ហាតូច ឬធំ តែអ្វីដែលសំខាន់គឺយើងមានភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះ យើងគួរតែមានជំនាញនេះ ព្រោះវាជួយយើងស្វែងយល់ដើមហេតុនៃបញ្ហា និងរកវិធីដោះស្រាយត្រឹមត្រូវ សក្ដិសមដើម្បីជៀសផុតពីហានិភ័យ។ ជាពិសេស ជំនាញនេះអាចជួយឲ្យយើងចេះបត់បែន ដោះស្រាយបញ្ហាទោះក្នុងស្ថានភាពបែបណាក៏ដោយ។
6. បង្កើតបណ្តាញទំនាក់ទំនង
បណ្តាញទំនាក់ទំនងក៏ជារឿងសំខាន់ក្នុងការរកសុី ក្នុងករណីយើងមានបំណងចង់ស្វែងរកដៃគូរសហការ ឬចង់ពង្រីកអាជីវកម្ម។ យើងអាចប្រើជំនាញនេះដើម្បីបានស្គាល់ទាក់ទងមនុស្សច្រើនក្នុងវិស័យផ្សេងៗ ដើម្បីសហការគ្នា និងទាក់ទាញអ្នកវិនិយោគផងដែរ។
ជាចុងក្រោយ ជំនាញទាំង៦នេះជាជំនួយមួយផ្នែកជម្រុញដល់ការរកស៊ីរបស់យើងឲ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះដែរ ការអត់ធ្នត់ តស៊ូ ខិតខំប្រឹងប្រែង ក៏រួមចំណែកក្នុងការជោគជ័យនៃអាជីវកម្មរបស់យើង។
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។