សព្វថ្ងៃ ការងារនិងការរស់នៅមានភាពប្រកួតប្រជែងខ្លាំង ដែលតម្រូវឲ្យមនុស្សគ្រប់គ្នាមានទាំងជំនាញរឹងផង និងជំនាញទន់ផង។ មិនតែប៉ុណ្ណោះ យើងក៏ត្រូវមានចំណេះដឹងផ្សេងៗដើម្បីជួយអភិវឌ្ឍខ្លួនឯង ឲ្យកាន់តែល្អប្រសើរទៅមុខថែមទៀត។
ខាងក្រោមនេះជាចំណេះដឹង និងជំនាញមួយចំនួនដែល យើងទាំងអស់គ្នាគួរមាន មិនថាអ្នកធ្វើការក្នុងការិយាល័យ ឬអ្នកប្រកបមុខរបររកសុីទេ
គួរអនុវត្ត ហ្វឹកហាត់និងក្រេបយកចំណេះជំនាញទាំង៨នេះ ដើម្បីដើរទាន់សង្គមនិងទីផ្សារទំនើបបច្ចុប្បន្ន។
ចំណុចនីមួយៗសុទ្ធតែទាក់ទងនឹងជីវិតប្រចាំថ្ងៃដូចជា៖
- ចំណេះដឹងទូទៅ: ដឹងកាន់តែច្រើន គំនិតមានកាន់តែច្រើន មើលឃើញពិភពលោកធំជាងមុន ហើយថែមទាំងជាជំនួយពេលជួបហេតុការណ៍ ឬមានព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត។
- ចំណេះដឹងហិរញ្ញវត្ថុ: ជាបំណិនមួយដែលយើងនឹងត្រូវការរហូតអស់មួយជីវិត ដើម្បីអាចគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនដោយឆ្លាតវៃ។
- ចំណេះដឹងសុខភាព: ដើម្បីស្វែងយល់ តាមដាន និងអាចថែទាំសុខុមាលភាព ឬអាចជ្រើសរើសការថែទាំសុខភាពដ៏ប្រសើរសម្រាប់ខ្លួននិងអ្នកជុំវិញខ្លួន។
- ការត្រិះរិះពិចារណា: ចេះត្រិះរិះពិចារណា គិតគូរបានវែងឆ្ងាយ សមហេតុសមផល ដើម្បីអាចសម្រេចចិត្តបានត្រឹមត្រូវ។
- ការច្នៃប្រឌិត: បញ្ចូលគំនិតច្នៃប្រឌិតថ្មីៗទៅក្នុងការងារ ឬការរកសុីរបស់អ្នក ព្រោះមិនថាគេ មិនថាយើងតែង ទន្ទឹងចាំមើលនិងចង់បានអ្វីដែលថ្មីៗ។
- ភាពជាអ្នកដឹកនាំ: ចេះជួយជម្រុញលើកទឹកចិត្តក្រុមការងារ ឬបុគ្គលិករបស់ខ្លួន និងរក្សាទំនាក់ទំនងបានល្អ។ អាចគ្រប់គ្រងនិងប្រគល់ភារកិច្ច ទទួលខុសត្រូវ ស្តាប់មតិយោបល់ និងមានភាពបត់បែនក្នុងការដោះស្រាយបញ្ហានៅកន្លែងធ្វើការ ឬនៅក្នុងការប្រកបអាជីវកម្ម។
- ជំនាញទំនាក់ទំនង: មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមនុស្សជុំវិញខ្លួន ហើយប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកិច្ចការកាន់តែរលូនទៅមុខ។
- ជំនាញសង្គម (Social Skills): បង្កើតចំណងមិត្តភាពនិងនាំផ្លូវដល់សកម្មភាពនិងការរស់នៅក្នុងសង្គម។ ការមានបណ្តាញសង្គម មានមិត្តភក្តិច្រើន អ្នកអាចទទួលមកវិញនូវការគាំទ្រនិងការជួយគ្នាទៅវិញទៅមកនៅពេលមានបញ្ហាលំបាក។
កុំភ្លេចសិក្សាស្រាវជ្រាវបន្ថែម ហើយអភិវឌ្ឍខ្លួនផងណា៎