
លោកជំទាវ ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការត្រាស់បង្គាប់របស់ព្រះបាទ បរមនាថ នរោត្តម សីហមុនី។
ការតែងតាំងនេះ បានធ្វើឱ្យលោកជំទាវ ជា សិរី ក្លាយជាស្ត្រីដំបូងគេបង្អស់ដែលមានឋានៈជា អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។
លោកជំទាវ ជា សិរី បានសិក្សាថ្នាក់ MBA, Banking នៅសកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៏ កាលពីឆ្នាំ ២០០៨ ដល់២០១០ ហើយបានបន្តការសិក្សាថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០១៨ ដល់២០២១ ផងដែរ។
លោកជំទាវ បានចូលបម្រើការងារក្នុងធនាគារជាតិតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ រយៈពេលជាង ២០ឆ្នាំមកនេះ លោកជំទាវបានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការលើកតម្កើងនូវការប្រើប្រាស់រូបិយប័ណ្ណនៅក្នុងស្រុកតាមរយៈការជម្រុញការប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធបាគង ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយការដាក់បញ្ចូលមេរៀនផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាទូទៅសម្រាប់សិស្សពីថ្នាក់ទី ១ ដល់ថ្នាក់ទី១២ ការលើកកម្ពស់គោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ជាតិជាដើម។ លោកជំទាវក៏ជាអ្នកផ្តួចផ្តើមបង្កើត Credit Bureau (Cambodia) Co Ltd ដែលមានតួនាទីក្នុងការបង្ការកម្ចីប្រាក់ខុសច្បាប់ក្នុងប្រទេសផងដែរ។
ក្នុងនោះសមិទ្ធផលដែលអស្ចារ្យរបស់លោកជំទាវ គឺជាការផ្តួចផ្តើមបង្កើតប្រព័ន្ធបាគង ដែលធ្វើឡើងក្នុងគោលបំណង ឱ្យប្រជាជនគ្រប់រូបអាចទទួលបានការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់គ្នាៗ និងដើម្បីជួយសម្រួលដល់ប្រជាជនខ្មែរដែលនៅក្រៅប្រទេស ឱ្យមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅវិញទៅមកជាមួយបងប្អូនដែលនៅខ្មែរ។ ប្រព័ន្ធបាគងនេះទៀតសោតបានចូលរួមក្នុងការលើកកម្ពស់មុខមាត់ប្រព័ន្ធទូទាត់ឌីជីថលកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។
ក្រៅពីមានការសិក្សាបានខ្ពង់ខ្ពស់ លោកជំទាវ ជា សិរី មានបទពិសោធន៍ ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំដ៏ពូកែម្នាក់។ តួយ៉ាង ប្រព័ន្ធបាគង និងសមិទ្ធផលផ្សេងៗសុទ្ធតែបានបញ្ជាក់បង្ហាញពីការព្យាយាមជំរុញការប្រើប្រាស់ប្រាក់រៀល និងវិស័យសេដ្ឋកិច្ចឲ្យកាន់តែមានភាពរីកចម្រើន៕
Click here to read about: Business Recovery Guarantee Scheme