រៀនចប់ភ្លាម រឿងដែលព្រួយមុនគេគឺការងារ។ តែងសួរខ្លួនឯងថា ចេញមកធ្វើការអី? មុខជំនាញយើងរៀនធ្វើអីបានខ្លះ?
កុំទាន់បារម្ភ! ថ្ងៃនេះ កាក់សេនមកណែនាំអាជីពមួយចំនួនដែលទាក់ទងនឹងផ្នែកសេដ្ឋកិច្ចវិទ្យាម្ដង។ អ៊ីចឹង មកមើលទាំងអស់គ្នាថា ក្រៅពីសេដ្ឋកិច្ចវិទូ និស្សិតអាចចាប់អាជីពអ្វីផ្សេងទៀតបាន។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច (Economic Consultant)
និស្សិតអាចស្វែងរកមុខតំណែងនេះនៅតាមអង្គការខ្នាតតូច និងមធ្យម អង្គការរដ្ឋាភិបាល (government organizations) រួមទាំងនៅតាមបណ្ដាក្រុមហ៊ុនឯកជន។ ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច ធ្វើការវិភាគទៅលើនិន្នាការសេដ្ឋកិច្ច ស្ថានភាពទីផ្សារ ផ្ដល់អនុសាសន៍អំពីយុទ្ធសាស្ត្រថ្មីៗ ណែនាំអំពីចំណុចនានា ដើម្បីជួយឱ្យក្រុមហ៊ុនពង្រឹងសមត្ថភាព។
អ្នកវិភាគស្ថិតិ (Statistician)
ជាអ្នកវិភាគស្ថិតិ ត្រូវមានជំនាញក្នុងការគណនាប្រូបាប៊ីលីតេ ការស្ទង់មតិ (survey) និងទ្រឹស្ដីស្ថិតិ។ ជាក់ស្ដែង ក្នុងវិស័យឯកជន អ្នកវិភាគស្ថិតិធ្វើការបកស្រាយទៅលើទិន្នន័យដែលប្រមូលបាន តាមរយៈការស្វែងយល់ពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម ដើម្បីឱ្យអាជីវកម្មបានរៀបចំយុទ្ធសាស្រ្ដយ៉ាងណាឱ្យទាក់ទាញអតិថិជន។
អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)
ការងារនេះ ទាមទារឱ្យអ្នកមានជំនាញខាងវិភាគលើបរិមាណ (quantitative analysis) ជ្រើសរើសម៉ូឌែល (model) ដើម្បីជួយដល់ការវិភាគ។ ពួកគេ មានទំនួលខុសត្រូវទៅលើការប្រមូលទិន្នន័យ ពិនិត្យសិក្សារបាយការណ៍ហិរញ្ញវត្ថុពីឆ្នាំមុន ជាអ្នកតម្រង់ទិសដល់ការសម្រេចចិត្តការវិនិយោគរបស់ក្រុមហ៊ុន។ អ្នកវិភាគហិរញ្ញវត្ថុ អាចបម្រើការនៅសាជីវកម្ម ធនាគារវិនិយោគ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។
គណនេយ្យករ (Accountant)
មុខជំនាញសេដ្ឋកិច្ចនេះ ត្រូវប្រឈមនឹងតួលេខស្មុគស្មាញច្រើន ហេតុនេះគណនេយ្យករក៏ជាការងារមួយស័ក្ដិសមដែរ។ ភារកិច្ចរួមមានគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ក្រុមហ៊ុន ធ្វើការគណនាលើប្រាក់បៀវត្សរ៍ ចាត់ចែងចំណាយពន្ធ និងរៀបចំរបាយការណ៍វត្ថុនៅចុងឆ្នាំជាដើម។
អ្នកវិភាគគោលនយោបាយ (Policy Analyst)
តំណែងនេះ ទាមទារឱ្យអ្នកធ្វើការវិភាគលើប្រសិទ្ធភាពនៃគោលនយោបាយដែលមានស្រាប់ និងប្រមូលមតិ និងប្រតិកម្មសាធារណៈពីគោលនយោបាយថ្មី។ នៅក្នុងវិស័យសាធារណៈ ជានិច្ចកាល ការងារនេះតែងតែវិភាគទៅលើបញ្ហាដែលពាក់ព័ន្ធនឹងការបង់ពន្ធសាធារណៈ ការដឹកជញ្ជូន វិស័យសុខាភិបាល ពន្ធដារ ថាមពល បរិស្ថាន និងពាណិជ្ជកម្មអន្តរជាតិ។ល។
ទាំងនេះគ្រាន់តែជាតួនាទី និងមុខតំណែងទាក់ទងនឹងជំនាញសេដ្ឋកិច្ចវិទ្យាដែលអេដមីនរៀបរាប់ត្រួសៗប៉ុណ្ណោះ។ បន្ថែមពីលើនេះ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច វិទ្យាក៏អាចចេញធ្វើការក្រៅពីអាជីពដែលបានរៀបរាប់ខាងលើដូចជា មន្ត្រីពន្ធដារ អ្នកស្រាវជ្រាវនៅអង្គការ ឬស្ថាប័នណាមួយ គ្រូបង្រៀន ឬសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ជាពិសេសអាចបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន