ដោយសារវិបត្តិកូវីដ១៩ យើងចាំបាច់ត្រូវប្រឈមមុខ ដោះស្រាយ និងសម្របខ្លួនតាមស្ថានភាព លំបាកជាច្រើន ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ក្នុងចំណោមផ្នែកជាច្រើននៃជីវិតរស់នៅរបស់យើងដែលរងផលប៉ះពាល់ យើងសង្កេតឃើញផ្នែកមួយដែលមានការប្រែប្រួលខ្លាំងដែរនោះគឺ «ហិរញ្ញវត្ថុផ្ទាល់ខ្លួន» ក្នុងរបៀបរស់នៅថ្មី។
តើវិបត្តិកូវីដ១៩ បានញ៉ាំងឱ្យយើងរៀនបានអ្វីខ្លះពីជំងឺឆ្លងរាតត្បាតកូវីដ១៩ នេះ?
១. យល់ពីភាពខុសគ្នារវាងតម្រូវការ និងចំណង់
ក្នុងគ្រាដ៏លំបាកនេះ ដោយសារមានការបិទខ្ទប់នៅតាមតំបន់ផ្សេងៗ យើងចាប់ផ្ដើមយល់កាន់តែច្បាស់ពីភាពចាំបាច់នៃតម្រូវការមូលដ្ឋាន ដូចជាស្បៀងអាហារ សេវាសុខភាព ថ្លៃទឹក ថ្លៃភ្លើង -ល- ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យសេវាទាំងនេះនៅដំណើរការ។ ខណៈអាជីវកម្មផ្សេងទៀត ដែលភាគច្រើនជាការបំពេញចំណង់របស់អ្នកប្រើប្រាស់ ដូចជាហាងលក់ទូរសព្ទ សម្លៀកបំពាក់ សេវាកម្សាន្តនានា -ល- ត្រូវបានណែនាំឱ្យផ្អាកដំណើរការមួយរយៈ។
២. មានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
មានមនុស្សជាច្រើនដែលប្រាក់ចំណូលរបស់គាត់ចាប់ផ្ដើមថយ ឬបាត់បង់ការងារ។ ដោយមូលហេតុនេះ យើងចាំបាច់ត្រូវចាប់ផ្ដើមចាយវាយត្បិតត្បៀត ដោយផ្ដោតសំខាន់ទៅលើតម្រូវការចំណាយចាំបាច់ ដូចជាស្បៀងអាហារប្រចាំថ្ងៃ ហ្គាសសម្រាប់ចម្អិន សេវាសុខភាព ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអ៉ីនធឺណិត ថ្លៃសិក្សារបស់កូនៗ និងបំណុលធនាគារ ជាដើម។
ចាប់តាំងពីមុនពេលបិទខ្ទប់ យើងចាប់ផ្ដើមកាត់បន្ថយចំណាយមិនសូវចាំបាច់ដូចជាការកម្សាន្ត និងបាយក្រៅជាដើម។ បន្ថែមពីនេះ យើងកាន់តែយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការបង្កើតប្រាក់សម្រាប់គ្រាមានអាសន្ន សម្រាប់ទប់ទល់ការចាយវាយនៅពេលយើងបាត់បង់ចំណូល។
៣. ចំណេះដឹងបច្ចេកវិទ្យាអនឡាញ និងការអប់រំក្នុងសម័យឌីជីថល (Online/ App Banking, E-Learning)
ការរាំងខ្ទប់ត្រូវបានអនុវត្ត សេវាកម្មអនឡាញមួយចំនួនដូចជាសេវាសម្រាប់កុម្ម៉ង់ម្ហូបអាហារ (តួយ៉ាង Muuve, Food Panda, Nham24) សេវាបញ្ជាទិញទំនិញអនឡាញ និងសេវាប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថល ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ខណៈដែលសេវាមួយចំនួនទៀត ដូចជាការបង់ថ្លៃទឹក ថ្លៃភ្លើង និងការពិគ្រោះជំងឺ ក៏អាចធ្វើបានតាមអនឡាញផងដែរ។
ក្រៅពីនេះ យើងសង្កេតឃើញថាវិស័យផ្សេងៗទៀតដែលកំពុងតែមានសកម្មភាពរស់រវើកក្នុងប្រព័ន្ធឌីជីថលដែរនោះ គឺការផ្ដល់សេវាអប់រំអនឡាញ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដោយសារតម្រូវការបិទសាលារៀនរយៈពេលយូរ។
៤. ការរស់នៅ និងប្រាស្រ័យទាក់ទងប្រកបដោយអនាម័យ
ការស់នៅប្រកបដោយផាសុកភាពដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុលញឹកញាប់ ពាក់ម៉ាស់ និងមានអនាម័យជាប្រចាំទាំងពេលនៅផ្ទះ និងទៅក្រៅ បានក្លាយជាទម្លាប់ថ្មីមួយក្នុងការរស់នៅរបស់យើងគ្រប់គ្នា។ យើងបានអនុវត្តការសំពះជាកិច្ចគួរសមជំនួសឱ្យការចាប់ដៃរាក់ទាក់បានច្រើនជាងមុន ដែលកិច្ចគួរសមដោយការសំពះនេះគឺជាវប្បធម៌ដ៏ល្អផូរផង់មួយរបស់ប្រជាជនអាស៊ី។
៥. ទទួលយកបរិបទថ្មីនៃការធ្វើការពីផ្ទះ (Work From Home)
ដោយមិនអាចទៅកន្លែងធ្វើការបាន តែដើម្បីបន្តដំណើរសកម្មភាពការងារ និងរកប្រាក់ចំណូល ស្ថាប័នជាច្រើនបានប្ដូររបៀបរបបធ្វើការដោយអនុញ្ញាតឱ្យបុគ្គលិកអាចធ្វើការពីផ្ទះបាន។ នៅស្រុកយើង នេះជាទំនោរមួយថ្មី ដែលទាមទារឱ្យយើងរៀនសម្របខ្លួនតាមបរិបទថ្មីៗ ទោះបីការធ្វើការនៅផ្ទះអាចមានផលរំខានច្រើនក៏ដោយ។ ទោះយ៉ាងណា វាក៏បានផ្ដល់ប្រយោជន៍ឱ្យយើងស្របពេលជាមួយកាលៈទេសៈដ៏លំបាកនេះដែរ ដោយយើងនៅមានឱកាសអាចបំពេញការងារបាន អាចរក្សាប្រភពចំណូល រួមទាំងអាចបង្កើនទំនាក់ទំនងគ្រួសារបានស្អិតល្មួតជាងមុនផង ។
Click here to read more: ជីវិតពេល Work From Home
ជារួម ទោះបីវិបត្តិកូវីដ១៩ បានផ្ដល់បទពិសោធន៍ជូរចត់ និងការលំបាកជាច្រើនដល់ប្រជាជនពាសពេញពិភពលោក តែទន្ទឹមនឹងនេះ វាក៏បានជះឥទ្ធិពលវិជ្ជមានមួយចំនួនដែលបានផ្លាស់ប្ដូររបៀបរបបរស់នៅ របៀបធ្វើការ មធ្យោបាយទំនាក់ទំនង និងជាពិសេស វាបានផ្លាស់ប្ដូរផ្នត់គំនិត និងវិធីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើងរៀងខ្លួន។ គន្លងថ្មីទាំងនេះ អាចនឹងត្រូវបានបន្តអនុវត្ត ទោះបីវិបត្តិនេះកន្លងផុតទៅក៏ដោយ។
ចុះប្រិយមិត្តទាំងអស់គ្នាវិញ មានមេរៀនអ្វីខ្លះដែលបានរៀនពីជំងឺរាតត្បាតនេះ អាចចែករំលែកឱ្យអេដមីនដឹងផង បានទេ?
Click here to read more: 8 Lessons We Can Learn From the COVID-19 Pandemic