គ្នាយើងចូលចិត្តនិយាយលេងថា «ថាប្រាក់ខែតិចទៅ ចាយមិនគ្រាន់ តែដល់ប្រាក់ខែច្រើនហើយ នៅតែចាយមិនគ្រាន់ទៀត!» តើមកពីអី?
កាលប្រាក់ខែនៅតិច ចេះត្បិតត្បៀត សំចៃចំណាយ មិនហ៊ានចង់បានសម្ភារទំនើបៗ មិនហ៊ានទិញទំនិញតែតាមគេតាមឯងទេ ព្រោះប្រាក់ខែនៅមានកម្រិត។ ប៉ុន្តែដល់ពេលមានប្រាក់ចំណូលច្រើន ចេះចាប់ផ្ដើមប្ដូរទម្លាប់ចាយវាយ ចង់ទិញនេះ ចង់ទិញនោះ ទិញរហូតភ្លេចខ្លួន ហើយទម្រាំតែឃើញស្ដែងថាប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ បានភ្ញាក់ខ្លួន! ស្ថានភាពបែបនេះ គេហៅថា «Lifestyle Inflation»។
តើ «Lifestyle Inflation» យ៉ាងម៉េចឱ្យប្រាកដទៅ??
ឧទាហរណ៍ថា កាលពីប្រាក់ខែ $300 អ្នកចាយគ្រាន់ ដោយសារចេះត្បិតត្បៀត ចេះបែងចែកចំណាយចាំបាច់ ថ្លៃបន្ទប់ជួល បង់ទឹកភ្លើង ហូបចុក និងសាំងម៉ូតូ។ល។ តែនៅពេលប្រាក់ខែឡើង $500 ភ្លាម អ្នកចាប់ផ្ដើមបង់រំលស់អីវ៉ាន់ជាច្រើនមុខ ប្ដូរពីបន្ទប់តូចទៅបន្ទប់ធំ ប្ដូរពីម៉ូតូទៅឡានទំនើប ប្ដូរពីកាហ្វេធម្មតាទៅកាហ្វេប្រែន បាយកម្ម៉ង់ទៅជាបាយហាងជាប្រចាំ។ល។
ប៉ុន្តែអ្នកទាំងអស់គ្នា មានដឹងអត់ថា ការចាយវាយតាមកំណើនប្រាក់ចំណូលនេះ នឹងអាចប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក អាចនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងវិបត្តិបំណុល រងសម្ពាធ បាត់បង់ភាពរីករាយ និងសេរីភាពផ្លូវចិត្ត ហើយធ្វើការមួយខែៗ ដើម្បីតែដោះបំណុល។ អ៊ីចឹង! តើអ្នកគួរធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានេះបាន?
រៀបចំផែនការចំណូលចំណាយ
ពេលមានផែនការចំណូលចំណាយ អ្នកនឹងចេះលៃលកចំណាយប្រចាំខែ ប្រចាំសប្ដាហ៍ និងប្រចាំថ្ងៃ រួមទាំងបានត្រៀមគម្រោងវិនិយោគ ឬសន្សំសម្រាប់គោលដៅណាមួយទៀតផង។ ទោះបីប្រាក់ចំណូលអ្នកកើនឡើងដល់ណា អ្នកនឹងនៅតែរក្សាទម្លាប់លៃលកការចាយវាយឱ្យនៅដដែល ក៏ដូចជាគោរពតាមផែនការរបស់អ្នកដែរ។ ការចាយវាយតាមផែនការ អាចជួយបង្កើនល្បឿនរបស់អ្នកឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុបានឆាប់និងមានប្រសិទ្ធភាព ហើយជួយធានាថាអ្នកមានហិរញ្ញវត្ថុបម្រុងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេលចូលនិវត្តន៍។
ប្រកាន់ខ្ជាប់លើតម្រូវការពិតប្រាកដចៀសជាងចំណង់
មិនមែនថា ប្រាក់ចំណូលកើនហើយ មិនអាចបង្កើនចំណាយនោះទេ។ តែត្រូវប្រាកដថា ចំណាយដែលអ្នកនឹងបង្កើននេះ គឺជាតម្រូវការចាំបាច់ចំពោះការផ្លាស់ប្ដូរថ្មីរបស់អ្នក។ តួយ៉ាងដូចជាផ្លាស់ប្ដូរសម្ភារប្រើប្រាស់ឱ្យស្របនឹងតួនាទីការងារថ្មី ការប្ដូរទីលំនៅធំជាងមុនបន្តិច ដោយសារមានសមាជិកគ្រួសារច្រើនជាងមុន ត្រូវការរៀនជំនាញថ្មីដើម្បីពង្រឹងសមត្ថភាពក្នុងតួនាទីការងារថ្មី ឬដំណើរលំហែកម្សាន្តជាមួយគ្រួសារជារង្វាន់លើកទឹកចិត្តជាដើម។
រីករាយនឹងរបៀបរស់នៅបែបសាមញ្ញតែគ្រប់គ្រាន់
សង្គមសព្វថ្ងៃសំបូរទៅដោយការបង្អួតបង្ហាញសម្ភារហ៊ឺហា ទាន់សម័យ ឡូយឆាយ។ ហេតុនេះហើយ យើងងាយនឹងរងឥទ្ធិពល ឈ្លក់វង្វេងនឹងសម្ភារនិយម ព្យាយាមតាមឱ្យទាន់គេ។ តែមិនមែន ទាល់តែមានអីវ៉ាន់ថ្លៃៗទាន់សម័យ ស៊េរីថ្មីៗប្រើ ទើបហៅថាជាជីវិតដែលឡូយឆាយ អស្ចារ្យ ជីវិតជោគជ័យ ហើយជាពិសេសនោះ មិនប្រាកដថារបស់ទាំងនេះនឹងនាំឱ្យយើងមានក្ដីសុខនោះទេ។
សុភាសិតខ្មែរមួយដែលយើងមិនគួរភ្លេច «កុំឃើញដំរីជុះ ប្រឹងជុះតាមដំរី» ទម្លាប់រស់នៅបែបសាមញ្ញ មិនចាំបាច់ទាល់តែមានសម្ភារទំនើបៗ ព្យាយាមរត់តាមគេនោះទេ ព្រោះការរត់តាមអ្វីមួយ អ្នកនឹងនៅតែរត់គ្មានទីឈប់ ឆ្អែតឆ្អន់ឡើយ។ សូមតែកុំឱ្យមានបំណុលអាក្រក់ តែមានប្រាក់ចាយវាយគ្រប់គ្រាន់ មានលុយសន្សំ មានលុយវិនិយោគដោយឆ្លាតវៃ អ្នកនឹងមិនចាំបាច់នឿយហត់ រត់តាមប្រណីតភាពឥតឈប់ទៀតឡើយ។
យើងម្នាក់ៗរមែងមានការរស់នៅក្នុងក្ដីស្រមៃដែលយើងតែងប្រាថ្នាចង់បាន ហើយយើងមិនស្ទាក់ស្ទើរនឹងព្យាយាមបំពេញក្ដីតាមស្រមៃនោះឡើយឱ្យតែឱកាសមកដល់។ ប៉ុន្តែការបំពេញតាមចំណង់ផ្នែកសម្ភារមិនធានាឱ្យអ្នកបានរីករាយយូរអង្វែងឡើយ ដ្បិតចំណង់សម្ភារនៅតែបន្តមានឥតឈប់ឈរ ដែលអាចជាប់ផុងខ្លួនក្នុងស្ថានភាព Lifestyle Inflation។ យើងគួររៀនសូត្រ រីករាយជាមួយអ្វីដែលយើងមាន និងបង្វែរទិសដៅប្រើប្រាស់ប្រាក់ចំណូលដែលកើននេះទៅលើការសន្សំ និងការវិនិយោគវិញ ទើបប្រសើរ៕