ជាធម្មតា នៅពេលដើរទិញអីវ៉ាន់ម្ដងៗ គឺជាពេលចាយលុយអស់ច្រើនដោយមិនដឹងខ្លួន ព្រោះជួនកាល មុនពេលឡើងផ្សារសន្យានឹងខ្លួនឯងថា ទៅទិញតែ បន្លែសាច់ ខោអាវមួយកំប្លេរពីរទេ ប៉ុន្តែពេលត្រឡប់មកវិញបានខោអាវលើសដល់ ៥កំប្លេរ ថែមក្រែមនិងម្សៅបួនប្រអប់មកទៀត។ វាមកពីណា? ពេលខ្លះទៀត មិនដឹងថាដើរផ្សារគួរទិញអីទុកអី ជម្រើសច្រើនពេក ចង់អានេះតិច អានោះតិច ដើម្បីកុំឱ្យសៅហ្មង ទិញទាំងពីរ ជាលទ្ធផលយើងនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ នៅពេលដែលយើងចាយលុយលើសពីតម្រូវការ។ ដើម្បីចៀសវាងបញ្ហាទាំងអស់ហ្នឹង យើងគួរមានគន្លឹះខ្លះមុននឹងដើរផ្សារ៖
• កត់ត្រាមុខទំនិញ
មុននឹងដើរផ្សារ អ្នកមុខជាគិតមុនហើយថា អ្នកចង់ទិញអី ឬត្រូវការអី ហើយត្រូវទិញទំនិញនោះសម្រាប់រយៈពេល១ថ្ងៃ ៣ថ្ងៃ ឬមួយសប្ដាហ៍ពេញ។ បន្ទាប់មក កត់ត្រាមុខទំនិញដែលយើងចង់ទិញហ្នឹងចូលក្នុងក្រដាសក៏បាន ឬ NOTE ក្នុងទូរសព្ទដៃអ្នកក៏បាន ដែលនេះគឺជាក្បួនអាចជួយទប់ចិត្តអ្នកកុំអោយទិញរបស់លើសពីតម្រូវការចាំបាច់។
• ដក/យកលុយទៅទិញអីវ៉ាន់តាមចំនួនទំនិញ
អ្នកគួរតែយក/ដកលុយសមល្មមដើម្បីទិញអីវ៉ាន់ដែលចាំបាច់បានហើយ ឬលើសបន្តិចបន្តួចក៏បាន។ នៅពេលអ្នកអ្នកគ្មានលុយគ្រប់នោះ អ្នកនឹងអាចទិញតែអីវ៉ាន់ណាដែលចាំបាច់តែប៉ុណ្ណោះ តែប្រសិនបើអ្នកយកលុយទៅច្រើនជាប់ខ្លួន អ្នកអាចប្រហែលនឹងទិញទំនិញច្រើនហួស ចាយភ្លេចខ្លួនលើសពីតម្រូវការ ហើយខ្ជះខ្ជាយលុយទៅលើរបស់មិនចាំបាច់។
• កុំចំណាយពេលយូរក្នុងហាង/តូបទំនិញ
ពេលទៅទិញអីវ៉ាន់ ដាច់ខាតកុំចំណាយពេលយូរនៅក្នុងហាង/តូបទំនិញ ព្រោះអ្នកអាចនឹងទប់ចិត្តខ្លួនឯងមិនជាប់។ ចូលដល់ក្នុងហាងទំនិញភ្លាម ដើររកអីវ៉ាន់ដែលត្រូវទិញនៅក្នុងក្រដាសកត់ត្រា បន្ទាប់មកគិតលុយចេញពីហាងទំនិញនោះ។
• មុននឹងទិញ កុំភ្លេចមើល/សាកសួរពីតម្លៃ
កុំភ្លេចពិនិត្យមើលតម្លៃ ដ្បិតថាយើងមានក្រដាសកត់ត្រាក៏ពិតមែន ប៉ុន្តែតម្លៃទំនិញអាចមានឡើងចុះ ដែលហាងខ្លះអាចលក់ទំនិញដូចគ្នា តែតម្លៃអាចនឹងខុសគ្នា។ អ្នកអាចមានពីរជម្រើសទីមួយគឺតថ្លៃអ្នកលក់ និងទី២ ទៅរកហាងណាដែលមានលក់ទំនិញធូរថ្លៃជាងនេះ។
• រក្សាទុកវិក្ក័យបត្រ
រក្សាទុកវិក្ក័យបត្រនេះអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកចំនួនពីររឿង ដោយរឿងទី១ អ្នកអាចផ្លាស់ប្ដូរទំនិញបាន ប្រសិនបើទំនិញនោះខូច ឬហួសសុពលភាពដោយអ្នកមិនបានចាប់អារម្មណ៍ពេលទិញ។ ទី២ វិក្ក័យបត្រ គឺជាក្រដាសចំណាយប្រចាំថ្ងៃ/ខែរបស់អ្នក ព្រោះអ្នកនឹងយកក្រដាសទាំងនេះទៅបូកសរុបសម្រាប់ការចាយវាយរបស់អ្នក។
យ៉ាងណាក៏ដោយ ប្រសិនបើអាចអ្នកពុំគួរដើរផ្សារញឹកញាប់ពេកនោះទេ ជាពិសេសគឺកំឡុងពេលមានជំងឺកូវីឌ១៩នេះ។ ជាមួយគ្នានោះដែរ សុំភ្លេចថែរក្សាសុខភាព ការពារខ្លួនដោយការពាក់ម៉ាស និងលាងដៃជាមួយអាកុលទាំងមុនពេល និងក្រោយពេលដើរផ្សារណា៎៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ទម្លាប់អាក្រក់ធ្វើឲ្យអ្នកចាយច្រើនមិនដឹងខ្លួន