ប្រទេសជប៉ុនល្បីល្បាញដោយសារភាពមានវិន័យ ការគោរពពេលវេលា និងការឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារ។ ទន្ទឹមនឹងនេះ ជប៉ុនក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារបែបបទរស់នៅបែបសាមញ្ញៗផងដែរ។ ប្រជាជនជប៉ុននិយមការជិះកង់ជាមធ្យោបាយធ្វើដំណើរជិតៗ គេងផ្ទាល់នឹងឥដ្ឋដោយប្រើពូកស្ដើង រក្សាទុក និងប្រើប្រាស់តែសម្ភារដែលចាំបាច់ រីករាយជាមួយធម្មជាតិទៅតាមរដូវកាល និងមានផ្សេងៗជាច្រើនទៀត។
ឥឡូវ យើងមកស្វែងយល់ជាមួយគ្នាពីផ្នែកមួយចំនួននៃជីវភាពរស់នៅរបស់ប្រជាជនជប៉ុនដែលយើង យល់ថាសាមញ្ញ ព្រមទាំងសិក្សាពីមូលហេតុ និងអត្ថប្រយោជន៍នៃបែបបទរស់នៅបែបនេះ។
១. ការតុបតែងផ្ទះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ
ជនជាតិជប៉ុននិយមការរស់នៅដោយរក្សាទុកតែសម្ភារប្រើប្រាស់ដែលចាំបាច់បំផុតប៉ុណ្ណោះ ហើយព្យាយាមបោះបង់ចោលសម្ភារដែលគេយល់ថាមិនសូវចាំបាច់។ គេយល់ថា ការធ្វើបែបនេះ បានជួយសន្សំសំចៃទីកន្លែងសម្រាប់ទុកដាក់អីវ៉ាន់ ធ្វើឱ្យផ្ទះមើលទៅស្រឡះ និងទូលាយ មិនរញ៉េរញ៉ៃ សន្សំសំចៃពេលវេលាជ្រើសរើសរបស់ប្រើប្រាស់ ពេលវេលាថែទាំ ជួសជុល។ល។
របៀបរៀបចំផ្ទះបែបសាមញ្ញរបស់ជប៉ុន បានបង្កើតជារចនាបទមួយដែលត្រូវបានគេយកគំរូតាម មានឈ្មោះថារចនាបទបែប Japandi ដែលផ្ដោតសំខាន់លើភាពសាមញ្ញដូចជា ការប្រើសង្ហារឹមតិចបំផុត ប្រើចន្លោះទំនេរច្រើន ប្រើសម្ភារធម្មជាតិ ជម្រើសពណ៌ជាក់លាក់។ រចនាបទមួយនេះ។
២. មិនសូវផ្ដោតសំខាន់លើការបង្អួតសម្ភារ
ជនជាតិជប៉ុនមិនបានផ្តោតធ្ងន់ទៅលើការបង្អួតសម្ភារឡូយឆាយ ដូចជារថយន្ដទំនើប ផ្ទះវីឡាធំស្កឹមស្កៃនោះទេ។ ផ្ទុយទៅវិញ ពួកគេរស់នៅតាមបែបសាមញ្ញៗ ដូចជាការធ្វើដំណើរដោយថ្មើរជើង ឬជិះកង់ទៅធ្វើការ (ករណីកន្លែងធ្វើការមិនសូវឆ្ងាយ) ដែលល្អ ទាំងសម្រាប់សុខភាព និងហិរញ្ញវត្ថុ ឬប្រើមធ្យោបាយធ្វើដំណើរសាធារណៈ (ដ្បិតវាអាចដោយសារជប៉ុនមានមធ្យោបាយធ្វើដំណើរសាធារណៈសម្បូរបែបផងដែរ)។ ក្រៅពីនេះ គេរស់នៅផ្ទះដែលមានទំហំសមល្មមគ្រប់គ្រាន់ ទោះជាមានលទ្ធភាពហិរញ្ញវត្ថុអាចជ្រើសយកទីលំនៅបែបធំទូលាយ ឬទំនើបជាងនោះក៏ដោយ ។ល។
៣. បើរស់នៅសាមញ្ញយ៉ាងនេះ តើទុកលុយទៅចំណាយលើអ្វីវិញ?
តាមរយៈការស្ទង់មតិរបស់គេហទំព័រស្រាវជ្រាវ Statista (2019) អំពីប្រភេទ នៃការចំណាយរបស់ជនជាតិជប៉ុនម្នាក់ដែលរស់នៅម្នាក់ឯង គាត់ចំណាយប្រចាំខែទៅលើម្ហូបអាហារច្រើនបំផុត 40,330យ៉េន ជាមធ្យម (ប្រហែល 367 ដុល្លារអាមេរិច) និងចំណាយត្រឹមតែ 5,720យ៉េន ប៉ុណ្ណោះក្នុងមួយខែ (ប្រហែល 52ដុល្លារអាមេរិច) ទៅលើសម្លៀកបំពាក់ និងស្បែកជើង។ បើយោងទៅតាមទិន្នន័យនេះ យើងអាចសន្និដ្ឋានបានថា ជនជាតិជប៉ុនផ្ដោតលើចំណាយចម្បងច្រើនជាងចំណាយលើចំណង់ រស់នៅបែបសាមញ្ញទាំងការតុបតែងតែងផ្ទះ និងជីវិតប្រចាំថ្ងៃ (ធ្វើដំណើរ) ជាដើម។
ការមិនដេញតាមភាពឡូយឆាយនៃសម្ភារ និងផ្ដោតទៅលើការប្រើប្រាស់ដែលចាំបាច់ ជាសេចក្ដីសុខផ្លូវចិត្តមួយបែបដែលមិនញ៉ាំងឱ្យមនុស្សម្នាក់ៗត្រូវនឿយហត់ជ្រុលហួសហេតុពេកនោះទេ។ និយាយនេះ មិនមែនមានន័យថា មនុស្សមិនត្រូវប្រឹងប្រែងធ្វើការរកលុយនោះទេ ប៉ុន្តែក្នុងន័យសំដៅដល់ការចាយវាយលើគោលដៅត្រឹមត្រូវ។ ទោះបីជនជាតិជប៉ុនក៏មានចំណាយលើសម្ភារប្រណិតក៏ពិតមែន តែមូលហេតុចម្បងនៃការជាវសម្ភារមួយនោះគឺផ្ដោតលើគុណភាពនិងតម្រូវការ តែមិនមែនដើម្បីមុខមាត់ឡើយ៕
ឯកសារយោង៖
១. The Art of Less is More: Japanese Minimalism and its influence on Western Design Aesthetics | Sapporo Teppanyaki
២. https://indojapanpulse.com/2020/01/japanese-simple-lifestyle
៣. • Japan: single household monthly spending by category | Statista
៤. What is Japandi Style and How Can You Create It At Home (barbuliannodesign.com)
៥. Japanese aesthetics: minimalist simple living concepts for everyone (minimalism.co)
៦. Inside Japan’s Extremely Minimalist Homes (insider.com)