តាមពិតទៅ ការខ្ចីលុយពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណាមួយមិនមែនជារឿងគួរឲ្យខ្មាសអៀន ឬ អាក្រក់នោះទេ។ ការខ្ចីលុយមកប្រើប្រាស់យកផលប្រយោជន៍ដូចជា ដើម្បីធ្វើជាដើមទុន ពង្រីកមុខរបរអាជីវកម្ម ឬ បំពេញតម្រូវការណាមួយរបស់ខ្លួន អាចចាត់ទុកបានថាជាវិធីសាស្ត្រហិរញ្ញប្បទាន (financing method) ទៅវិញទេ។
ប៉ុន្តែបើចង់ខ្ចីលុយ អ្នកគួរពិចារណាលេីចំណុចខាងក្រោម៖
១. ប្រើប្រាស់បំណុលនោះ ជាបំណុលល្អ
ការខ្ចីលុយយកទៅអភិវឌ្ឍមុខជំនួញដែលអាចធ្វើឲ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន ឬ ការទិញផ្ទះឬដីដែលអាចដាក់ជួលឬទុកលក់យកចំណេញ សុទ្ធជាការវិនិយោគយកលុយបង្កើតលុយ ហើយយើងអាចចាត់ទុកវាជាបំណុលល្អ។ ប៉ុន្តែបើកម្ចីនោះត្រូវបានប្រើប្រាស់ទៅលើចំណាយមិនចាំបាច់ដូចជាទិញសម្ភារប្រើប្រាស់ដែល មិនបានបង្កើតចំណូលឬផលចំណេញណាមួយ ក្នុងរយៈពេលវែងឬខ្លីក៏ដោយ អ្នកគួរពិចារណាឲ្យបានម៉ត់ចត់ជាមុន ជាពិសេសគឺលើលទ្ធភាពសងបំណុល ដើម្បីចៀសវាងកម្ចីនោះក្លាយជាកម្ចីអាក្រក់ ដែលអាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃក្រោយ។
២. ចៀសវាងខ្ចីលុយលេីសពី ៤០% នៃប្រាក់ចំណូលរបស់ខ្លួន
បើយោងតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុបានឲ្យដឹងថាការខ្ចីលុយពីធនាគារគឺ ចាំបាច់ត្រូវសិក្សាពីប្រាក់ចំណូលខ្លួនឯងឲ្យច្បាស់ជាមុនសិន។ អ្នកពុំគួរខ្ចីលើសពី ៤០ ឬ ៥០% នៃប្រាក់ចំណួលប្រចាំខែដែលរកបានទេ បើមិនដូច្នោះ វាអាចនឹងបង្កឲ្យមានហានិភ័យខ្ពស់។ រីឯខាងធនាគារក៏មេីលលេីសមត្ថភាពរបស់យេីងផងដែរថា យេីងអាចមានលទ្ធភាពក្នុងការសងបំណុលបានឬអត់។ ដូចនេះ ទោះយ៉ាងណា ការខ្ចីលុយពីធនាគារក៏មានសុវត្ថិភាពជាងការខ្ចីលុយពីអ្នកចងការប្រាក់ក្រៅប្រព័ន្ធដែរ។
មនុស្សភាគច្រើនតែងតែគិតថាឲ្យតែបំណុលសុទ្ធតែមិនល្អ ប៉ុន្តែជាក់ស្តែងទៅ បំណុលល្អអាចជួយឲ្យអ្នកទទួលបានផលច្រើន រីឯបំណុលអាក្រក់អាចធ្វើឲ្យអ្នកប្រឈមនឹងការខាតបង់ដែលអ្នកគួរប្រយ័ត្នប្រយែង៕
Click here to read more: ខ្ចីលុយពីធនាគារមករកស៊ីល្អឬទេ?