”យប់មិញយប់សប្តិឃើញឆ្កែរត់កាត់មុខផ្ទះ ឆ្កែបានន័យថាលេខ 40 ថ្ងៃនេះចាក់លេង 40 សិន” អ្នកទាំងអស់គ្នា អាចនឹងធ្លាប់ឮពីអ្នកដែលចូលចិត្តចាក់ឆ្នោត ឬអ្នកអាចជាកំពុងលេងដោយខ្លួនឯងផងក៏ថាបាន។ ក្ដីបំណងឈ្នះឆ្នោត គឺអាចនឹងរំពឹងថា អាចបង្កើនប្រាក់ចំណូលបន្ថែម រំពឹងថាលេងយូរៗទៅគង់តែមានថ្ងៃមានសំណាង ឬនិយាយឱ្យខ្លីបានថា មានសំណាងអាចក្លាយជាអ្នកមានត្រឹមពេលតែមួយយប់។ ប៉ុន្តែតើវាពិតជាអាចផ្លាស់ប្ដូរជោគវាសនា ឬអ្នកអាចនឹងក្លាយមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លានដែលមានឱកាសក្លាយជាអ្នកមានដោយសារឆ្នោតមែនឬ?
• ឱកាសសំណាង៖ ជាធម្មតា ឱកាសដែលអ្នកអាចឈ្នះឆ្នោតមានមានចំនួនតិចបំផុត។ ឧបមាថា អ្នកលេងឆ្នោតប្រភេទ 4លេខ នោះឱកាសដែលអ្នកអាចឈ្នះមានត្រឹមតែ 1 ក្នុងចំណោម 10,000 ដងឯណោះ ហើយចំនួនដងនេះមិនទាន់រាប់បញ្ចូលពីពេលវេលាចេញឆ្នោតពី ៤ – ៦ ក្នុងមួយថ្ងៃ និងប៉ុស្តិ៍ដែលអ្នកលេងផង។ អញ្ចឹង! យើងឃើញហើយថា ឱកាសដែលអ្នកអាចឈ្នះមានភាគរយតិចតួចបំផុត។
• លេងឆ្នោតមិនមែនជាការវិនិយោគ៖ ឆ្នោតមិនដូចការវិនិយោគនោះទេ ព្រោះប្រសិនបើអ្នកវិនិយោគលើភាគហ៊ុន ហានិភ័យនៃការទទួលបានប្រាក់ត្រឡប់មកវិញអាចមានតិចក៏ពិតមែន ប៉ុន្តែសុំចងចាំថា ក៏លុះត្រាណាតែក្រុមហ៊ុននោះប្រកាសក្ស័យធនដែរ ទើបប្រាក់ដែលវិនិយោគអាចនឹងបាត់បង់ រីឯការលេងឆ្នោត ឱកាសដែលអ្នកទទួលបានប្រាក់មកវិញគឺមានតិចតួចបំផុត ធ្វើឱ្យការខាតបង់របស់អ្នកមិនអាចស្រោចស្រង់បានឡើយ។
• អ្នកបានបង្កើតទម្លាប់លេងល្បែង៖ ឆ្នោតគឺជាល្បែងមួយប្រភេទក្នុងចំណោមល្បែងផ្សេងៗដទៃទៀត។ ជាធម្មតា ចំណុចចាប់ផ្ដើមល្បែងគឺផ្ដើមពីការលេងតិចតួច ហើយប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានទេនោះ អ្នកអាចនឹងលង់ខ្លួនចំណាយលុយកាក់ច្រើនទៅលើល្បែងក៏ថាបាន។
• ខាតបង់ពេលវេលា៖ អ្នកអាចនឹងមិនដឹងទេថាអ្នកបានចំណាយពេលវេលាច្រើនជាមួយនឹងវា ចាប់តាំងពីការចំណាយពេលគិតមុនចាក់ តាមដានព័ត៌មានចេញឆ្នោត ការខកចិត្ត និងព្យាយាមរកវិធីដើម្បីលេងឈ្នះជាដើម។ មែនទែនទៅ អ្នកអាចបង្វែរពេលវេលារបស់អ្នកទាំងនោះ មកសិក្សាពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការវិនិយោគ ឬគិតគូររឿងលុយកាក់ក្នុងគ្រួសារ។
តាមពិតទៅ បើអ្នកចង់បង្កើនចំណូលបន្ថែមសម្រាប់គ្រួសារ ឬសម្រាប់ខ្លួនអ្នកផ្ទាល់មែននោះ អ្នកអាចងាកមករកការងារក្រៅម៉ោង វិនិយោគលើភាគហ៊ុន ប័ណ្ណបំណុល ឬវិស័យអចលនទ្រព្យ បង្កើតគណនីសន្សំដើម្បីយកការប្រាក់ ឬសន្សំសម្រាប់យកទៅប្រើប្រាស់ក្នុងគៅលបំណងណាមួយក៏បាន។
អត្ថបទនេះគ្រាន់តែសារក្រើនរំលឹកពីការចាយវាយលុយកាក់ ចៀសវាងលង់ខ្លួនធ្វើឱ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកតែប៉ុណ្ណោះ៕