អ្នកទាំងអស់គ្នាច្បាស់ជាបានដឹងពីព័ត៌មាននៃការធ្លាក់ថ្លៃរបស់កាក់គ្រីបតូ Luna ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យជួញដូរកាក់គ្រីបតូ។ ដោយសារកាក់គ្រីបតូ Luna មិនមែនធ្លាក់ត្រឹម ១% ឬ ១០% អីទេ គឺធ្លាក់ថ្លៃរហូតដល់១០០%។
អ៊ីចឹង យើងមកដឹងត្រួសៗពីការធា្លក់ចុះជាគំហុករបស់កាក់គ្រីបតូ Luna ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះទាំងអស់គ្នា។
គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ តម្លៃរបស់កាក់គ្រីបតូ Luna បានធ្លាក់ដល់ ០.០០០០១៩០ដុល្លារក្នុងមួយកាក់។ កាក់គ្រីបតូ Luna (Terra Luna) និង TerraUSD គឺជាប្រភេទមួយនៃកាក់ស្ថិរភាព (Stablecoin) ដែលប្រើប្រាស់ក្បួនគណិតវិទ្យាស្នុគស្មាញ ដើម្បីរក្សានូវកម្រិតតម្លៃស្មើនឹង១ដុល្លារ។ ដូចនេះតម្លៃរបស់ពួកគេមានស្ថិរភាពខុសពីតម្លៃកាក់គ្រីកតូផ្សេងទៀតដូចជា Bitcoin ឬ Ethereum ដែលងាយនឹងកើនឡើង ឬថយចុះយ៉ាងឆាប់រហ័ស។ គុណសម្បត្តិនេះហើយទើបគេចូលចិត្តវិនិយោគជាមួយកាក់គ្រីបតូ Luna និង TerraUSD ព្រោះវាមានហានិភ័យទាប។
កាក់គ្រីបតូ Luna អាចដំណើរការបានដោយសារតែ TerraUSD ជារូបិយប័ណ្ណធានារបស់ខ្លួន។ ដើម្បីផ្តល់ទំនុកចិត្តដល់ការវិនិយោគកាន់តែខ្លាំង TerraUSD ត្រូវបានភ្ជាប់ទៅនឹង Blockchain មួយទៀតមានឈ្មោះថា Anchor Protocol ដែលមានតួនាទីជាស្ថាប័នហិរញ្ញវត្ថុមួយ ផ្តល់ការប្រាក់ដល់អ្នកសន្សំ និងគិតការប្រាក់ពីកម្ចីរបស់កាក់គ្រីបតូប្រភេទកាក់ស្ថិរភាពដល់អ្នកវិនិយោគ។ ដោយសារការធ្លាក់ចុះនៃការប្រាក់ពី ២០% មក ១៥% ដែលឲ្យទៅអ្នកសន្សំបានធ្វើឲ្យអ្នកវិនិយោគភាគច្រើនបានដកកាក់សន្សំពី TerraUSD ផ្លាស់ប្តូរទៅជា Luna វិញ។ កត្តានេះធ្វើឲ្យការផ្គត់ផ្គង់របស់ Luna កើនឡើងយ៉ាងខ្លាំង និងមិនអាចរក្សាយន្តការតុល្យភាពតម្លៃរវាង TerraUSD និង Luna ធ្វើឲ្យកាក់គ្រីបតូទាំងពីរនេះជួបគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ការធ្លាក់ចុះរបស់ Luna បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពគ្រីបតូ ព្រោះវាសិ្ថតនៅក្នុងប្រភេទកាក់គ្រីបតូ ដែលមានស្ថិរភាពតម្លៃ និងហានិភ័យទាប បើប្រៀបធៀបជាមួយនឹងកាក់គ្រីបតូដទៃទៀតដូចជា BTC ឬ ETH។ ម្យ៉ាងវិញទៀត ដោយសារតែ Luna ក៏ជាកាក់គ្រីបតូដែលស្ថិតក្នុងការជួញដូរច្រើនជាងគេទាំង១០ក្នុងឆ្នាំ២០២២។ ដូច្នេះ ការខាតបង់មួយនេះពិតជាមិនធម្មតាសម្រាប់អ្នកវិនិយោគទាំងអស់។
នៅពេលបញ្ហានេះកើតឡើង អ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺអ្នកកាន់កាក់គ្រីបតូ Luna ព្រោះតម្លៃរបស់វាបានធ្លាក់ចុះយ៉ាងគំហុកពីប្រហែល៨០ដុល្លារក្នុងថ្ងៃទី៥ ខែឧសភា សល់ត្រឹមតែ ០.១៤ដុល្លារក្នុងថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បានធ្វើឲ្យពួកគេខាតបង់ប្រាក់យ៉ាងច្រើន ព្រោះអ្នកកាន់កាក់គ្រីបតូភាគច្រើនសន្សំដើម្បីទទួលបានការប្រាក់ពី Anchor Protocol ។ ចំណែកអ្នកជួញដូរវិញក៏ជួបនឹងបញ្ហាដូចគ្នាដែរ ព្រោះតម្លៃរបស់ Luna ធ្លាក់ចុះលឿនពេកពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យថ្លៃលក់ចេញថោកជាងថ្លៃទិញចូល។ គ្រោះមន្តរាយមួយនេះក៏មិនត្រឹមតែប៉ះពាល់ត្រឹម Luna ប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់កាក់គ្រីបតូដទៃទៀតដែរ ដូចជា Bitcoin បានខាតបង់អស់ ២០% និង Coinbase បានខាតបង់អស់ ២៦% ក្នុងរយៈពេលតែប្រមាណ៥ថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលនេះគឺជាគ្រោះមហន្តរាយដ៏ធំមួយក្នុងពិភពជួញដូរកាក់គ្រីបតូកន្លងមក។
ដូចដែលយើងបានឃើញពីបញ្ហាទាក់ទងនឹងកាក់គ្រីបតូ Luna បើអ្នកចង់វិនិយោគលើកាក់គ្រីបតូ អ្នកគួរតែពិចារណាឲ្យបានច្បាស់លាស់ ឈ្វេងយល់ពីការគ្រប់គ្រងហានិភ័យ ដំណើរការរបស់វា និងកំណត់ចំនួនប្រាក់ក្នុងការវិនិយោគឲ្យបានត្រឹមត្រូវ។ ជាពិសេសកុំចង់ខ្ចីលុយគេមកវិនិយោគដោយសារតម្លៃល្អ ព្រោះយើងមិនអាចដឹង ឬប៉ាន់ស្មានពីការខាតបង់ក្នុងទីផ្សារមួយនេះឡើយ៕
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: កាក់គ្រីបតូទាំង៣ដែលមានតម្លៃខ្ពស់ជាងគេ
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ឯកសារយោង៖
Business 2 Community - What is Terra Luna? Why did it Crash 99.9%?
Buzzfeed News - Why Crypto Cratered: 5 Things You Need To Know
Statista - Price of 1,000 Terra (LUNA) per day from May 2019 to May 19, 2022
EL PAIS - Luna crypto crash wipes out savings of thousands of investors, sparking fears for sector